(ភ្នំពេញ)៖ លោក វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់ថា ទោះបីប្រទេសកម្ពុជា គ្មានការអនុគ្រោះពន្ធនាំចេញ (EBA) និង GSP ក៏ការនាំចេញទំនិញទៅក្រៅប្រទេស នៅតែមានការកើនឡើងជាបន្តបន្ទាប់ ហើយបើទោះបីគ្មាន ការអនុគ្រោះពន្ធនាំចេញទាំងនេះ ក៏កម្ពុជាមិនស្លាប់នោះដែរ។

ការលើកឡើងរបស់លោក វង្សី វិស្សុត ធ្វើឡើងក្នុងវេទិកាសាធារណៈ ស្តីពីការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣។

លោក វង្សី វិស្សុត បានថ្លែងដូច្នេះថា «រឿង GSP អត់មាន៣ឆ្នាំហើយ អត់មានទៀតក៏មិនអីដែរ វាលែងអីហើយ វាធ្លាប់អស់ហើយ វាសុំាហើយ អត់ប៉ុណ្ណឹងហើយមើលយើងនាំចេញនៅតែកើនឡើង, EBA នេះក៏វាអត់មានអីមកជាមួយយើងទេ ឥឡូវ GSP នេះក៏វាអត់អីដែរ តែឥលូវមានស្លាប់ទៅណា មិនត្រឹមតែមិនស្លាប់ទេ ថែមទាំងរឹងមាំថែមទៀត»

ពាក់ព័ន្ធនឹងរឿងការអនុគ្រោះនេះ លោក វង្សី វិស្សុត ក៏បានលើកឡើងដែរថា សម្តេចតេជោ ហ៊ុ សែន ក៏បានចង្អុលបញ្ជាក់ដែរថា មិនបាច់ពឹងអ្នកណាទាំងអស់ រឿងអនុគ្រោះមិនត្រូវការទេ គឺត្រូវការតែស្មើសិទ្ធិ ស្មើភាពបានហើយ កម្ពុជាត្រូវប្រឹងខ្លួនឯង ឱ្យមានការប្រកួតប្រជែង មិនបាច់ពឹងភាពអនុគ្រោះទៀតនោះទេ ដែលនេះ គឺជាគោលដៅសម្រាប់ថ្ងៃខាងមុខទៀត។

លោក វង្សី វិស្សុត បានបន្ថែមថា នៅពេលដែលកម្ពុជាមានភាពប្រឹងប្រែង ឱ្យមានការប្រកួតប្រជែងឱ្យបានស្មើសិទ្ធិ ស្មើភាព ដោយមិនចាំបាច់ពឹងលើការអនុគ្រោះ ទើបធ្វើឱ្យកម្ពុជាក្លាយខ្លួន ជារដ្ឋមួយដែលអាចពឹងពាក់លើខ្លួនឯងបាន។

សូមបញ្ជាក់ដែរថា ពីខែមករា ដល់ខែធ្នូ ឆ្នាំ២០២២ កម្ពុជានាំចេញទំនិញក្នុងតម្លៃ ២២ ៤៨២លានដុល្លារ កើនឡើង១៦.៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១ ដែលតម្លៃ ១៩ ៣០៨ លានដុល្លារ។ ទន្ទឹមគ្នានេះកម្ពុជាបាននាំចូលទំនិញមកវិញក្នុងតម្លៃ ២៩ ៩៤១លានដុល្លារ កើនឡើង ៤.៣% ដែលធ្វើឱ្យទំហំពាណិជ្ជកម្មរវាងកម្ពុជា និងទីផ្សារអន្តរជាតិ កើនឡើង ៥២ ៤២៤លានដុល្លារ កើនឡើង ៩.២%។ នេះបើយោងតាមរបាយការពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។

អាមេរិក គឺជាប្រទេសដែលកម្ពុជា បាននាំចេញទំនិញច្រើនជាង ដោយសម្រេចបានជាងជិត ៩ពាន់លានដុល្លារ ខណៈវៀតណាម ស្ថិតនៅលំដាប់ទី២ ដែលបានកម្ពុជាបានចេញទំនិញក្នុងតម្លៃជាង ២ពាន់លានដុល្លារ និងនាំចេញទៅចិន ក្នុងតម្លៃជាង ១២០០លានដុល្លារ រួមនឹងបណ្តាប្រទេស ដែលជាដៃគូនាំចេញទំនិញសំខាន់មួយចំនួនទៀត។

បើតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានដឹងដែរថា កាលពីឆ្នាំ២០២២ កម្ពុជាបាននាំចេញសម្លៀកបំពាក់ ក្នុងតម្លៃជាង ៩ពាន់លានដុល្លារ ,ម៉ាស៊ីន និងឧបករណ៍អគ្គិសនីតម្លៃជិត ២ពាន់លានដុល្លារ កើនឡើង ៨៤.៨%, គ្រាប់ធញ្ញជាតិចំនួនជាង ១២០០លានដុល្លារ ថយចុះ៣.៧% និងស្បែកជើងចំនួន ១៧​០០លានដុល្លារ កើនឡើង២៤.៨%​​។

សូមជម្រាបថា សហរដ្ឋអាមេរិក ជាទីផ្សារធំមួយសម្រាប់ទំនិញរបស់កម្ពុជា។ សហរដ្ឋអាមេរិកផ្តល់ឲ្យកម្ពុជា នូវការអនុគ្រោះផ្នែកពាណិជ្ជកម្ម នៅក្រោមកម្មវិធី នៃប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) ដែលជាការធ្វើឲ្យកម្ពុជា អាចនាំចេញទៅកាន់សហរដ្ឋអាមេរិក ដោយមិនបង់ពន្ធគយនូវទំនិញ ចំនួនជាង ៥,០០០មុខ។ ឆ្នាំ២០២១ គឺឆ្នាំដែលប្រទេសកម្ពុជា ត្រូវផុតកំណត់ហើយនូវប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) របស់សហរដ្ឋអាមេរិក ដែលមានរយៈពេល៣ឆ្នាំ ចាប់ពីឆ្នាំ២០១៨-២០២០។

ដោយឡែកសម្រាប់ការអនុគ្រោះពន្ធ ក្រោមគម្រោងគ្រប់យ៉ាងលើកលែងតែសព្វាអាវុធ (EBA)វិញ សហភាពអឺរ៉ុបបានសម្រេចជាស្ថាពរ កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ ក្នុងការដក EBA ដោយយកពន្ធលើទំនិញកម្ពុជា ២០ភាគរយ៕