(ញូយ៉ក)៖ អតីតនាយករដ្ឋមន្រ្តីអូស្រ្តាលី លោក ខេវិន រ៉ាដ (Kevin Rudd) ក្នុងសប្តាហ៍នេះ បាននិយាយថា កិច្ចព្រមព្រៀងស្តីពីនាវាមុជទឹក ដើរដោយថាមពលនុយក្លេអ៊ែរ នៅក្រោមការបង្កើតសម្ពន្ធភាពត្រីភាគី រវាងសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងអូស្រ្តាលី ហៅកាត់ថា AUKUS គឺមានចំណុចខ្សោយធំៗមួយចំនួន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន ស៉ីនហួរ នៅថ្ងៃពុធ ទី២២ ខែកញ្ញា ឆ្នាំ២០២១។

លោក Rudd បានលើកឡើងថា ការសម្រេចចិត្តបែបឯកតោភាគីរបស់រដ្ឋាភិបាលអូស្រ្តាលី ក្នុងការលុបចោលកិច្ចព្រមព្រៀងទិញនាវាមុជទឹក ជាមួយបារាំង ហើយងាកទៅរកនាវាមុជទឹកដើរដោយយថាមពលនុយក្លេអ៊ែរវិញនោះ គឺធ្វើឡើងដូចផ្លេកបន្ទោរ ខណៈទង្វើបែបនេះមិនសមធ្វើដាក់បារាំង ដែលជាដៃគូ ជាមិត្ត និងជាសម្ពន្ធមិត្តគ្នាឡើយ។

លោកអតីតនាយករដ្ឋមន្រ្តីអូស្រ្តាលីរូបនេះ បានគូសបញ្ជាក់ថា បើការផ្លាស់ប្តូរពីនាវាមុជទឹកដើរដោយថាមពលធម្មតា ទៅរកនាវាមុជទឹកដែលដើរដោយថាមពលនុយក្លេអ៊ែរ គឺធ្វើឡើងដោយសារហេតុផលបច្ចេកទេស ហេតុអ្វីក៏រដ្ឋាភិបាលអូស្រ្តាលី មិនព្រមជជែកគ្នាជាមួយបារាំងផ្ទាល់ ព្រោះបារាំងក៏មាននាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរដែរ។

មួយវិញទៀត បើតាមលោក Rudd ក្រុមនាវាមុជទឹកនុយក្លេអ៊ែរ ដែលអូស្រ្តាលីនឹងទទួលបានក្រោមជួយជ្រោមជ្រែងពីអាមេរិក គឺអាចក្លាយទៅជាផ្នែកនៃកងទ័ពជើងទឹក របស់សហរដ្ឋអាមេរិកទៅវិញ ដោយសារតែអូស្រ្តាលី មិនមានឧស្សាហកម្មនុយក្លេអ៊ែរស៉ីវិលនោះឡើយ។

គួរបញ្ជាក់ថា ថ្មីៗនេះ សហរដ្ឋអាមេរិក អង់គ្លេស និងអូស្រ្តាលី បានប្រកាសពីភាពជាដៃគូសន្តិសុខថ្មីមួយហៅថា AUKUS ដែលក្នុងនោះ អាមេរិកនិងអង់គ្លេស នឹងជួយអូស្រ្តាលីផលិតនាវាមុជទឹក ដើរដោយថាមពលនុយក្លេអ៊ែរ។ ដូច្នេះហើយ អូស្រ្តាលីក៏បានសម្រេចលុបចោល កិច្ចព្រមព្រៀងដែលខ្លួនបានចុះកាលពីឆ្នាំ២០១៦ ដើម្បីទិញនាវាមុជទឹកធម្មតាចំនួន១២គ្រឿង ពីប្រទេសបារាំង។ ចំណែកបារាំងខឹងសម្បារជាខ្លាំង ដោយបានកោះហៅទូររបស់ខ្លួន នៅសហរដ្ឋអាមេរិកនិងអូស្រ្តាលី ទៅកាន់ប្រទេសវិញភ្លាមៗ៕