(កង់បេរ៉ា)៖ រដ្ឋាភិបាលអូស្ត្រាលី បានជំរុញឱ្យក្រុមហ៊ុនអាមេរិក Pfizer ស្វែងរកការអនុម័តឱ្យប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ខ្លួន សម្រាប់កុមារដែលមានអាយុចាប់ពី ៥ឆ្នាំឡើងទៅ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៉ីនហួរ នៅថ្ងៃពុធ ទី២២ ខែកញ្ញា ឆ្នាំ២០២១។

រដ្ឋមន្ត្រីសុខាភិបាលអូស្រ្តាលី លោក ហ្គ្រេក ហាន់ត៍ (Greg Hunt) កាលពីថ្ងៃអង្គារម្សិលមិញនេះ បានលើកទឹកចិត្តឱ្យក្រុមហ៊ុន Pfizer ស្វែងរកការអនុម័តឱ្យប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ខ្លួន សម្រាប់កុមារដែលមានអាយុចាប់ពី៥ឆ្នាំ ទៅ ១១ឆ្នាំ នៅក្នុងប្រទេសអូស្ត្រាលី បន្ទាប់ពីការធ្វើតេស្តសាកល្បងបានរកឃើញថា វ៉ាក់សាំងនេះអាចបង្កើតអង្គបដិប្រាណខ្លាំង ក្នុងកម្រិតស្មើគ្នាចំពោះកុមារ ដូចក្រុមក្មេងវ័យជំទង់ និងមនុស្សពេញវ័យដែរ។

លោក Greg Hunt បានសរសេរនៅក្នុងសំបុត្រមួយផ្ញើទៅកាន់ នាយកគ្រប់គ្រងក្រុមហ៊ុន Pfizer ប្រចាំប្រទេសអូស្រ្តាលី និងនូវែលសេឡង់ លោកស្រី Anne Harris ថា «ខ្ញុំមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ចំពោះដំបូន្មានរបស់អ្នកដែលថា ការធ្វើតេស្តសាកល្បងវ៉ាក់សាំង Pfizer កំពុងបង្ហាញពីភាពល្អប្រសើរចំពោះកុមារអាយុក្រោម ១២ឆ្នាំ។ ខ្ញុំសូមលើកទឹកចិត្ត និងអញ្ជើញក្រុមហ៊ុន Pfizer ឱ្យដាក់ពាក្យសុំស្របគ្នាទៅកាន់ រដ្ឋបាល ឱសថនិងចំណីអាហារ (TGA) របស់ប្រទេសអូស្រ្តាលី ដើម្បីទទួលបានការអនុម័ត ក្នុងពេលឆាប់ៗ តាមដែលអាចធ្វើទៅបាន»

ប្រសិនបើ TGA រកឃើញថា វ៉ាក់សាំងនេះមានសុវត្ថិភាព និងប្រសិទ្ធភាពសម្រាប់កុមារដែលមានអាយុក្រោម ១២ឆ្នាំ… រដ្ឋាភិបាលអូស្រ្តាលី នឹងមានជំហរឹងមាំក្នុងការផ្តល់វ៉ាក់សាំង ជូនដល់ក្រុមអាយុនេះ។

គួរបញ្ជាក់ថា ប្រទេសអូស្រ្តាលី នៅថ្ងៃពុធនេះ បានរាយការណ៍ពីការកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ១,៦៨១ករណីបន្ថែមទៀត ដែលនាំឱ្យករណីឆ្លងនៅទូទាំងប្រទេសកើនឡើងដល់ ៩០,៣៩១ករណី ក្នុងនោះមានអ្នកស្លាប់ ១,១៨៦នាក់ និងអ្នកជាសះស្បើយ ៦៨,០៥៤នាក់៕