(អឺរ៉ុប)៖ និយតករឱសថរបស់សហភាពអឺរ៉ុប (EU) នៅថ្ងៃព្រហស្បតិ៍ ទី ២៥ខែវិច្ឆិកានេះ បានអនុម័តការប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ក្រុមហ៊ុន Pfizer-BioNTech សម្រាប់កុមារដែលមានអាយុចន្លោះពី៥ ឆ្នាំដល់១១ឆ្នាំ ខណៈដែលតំបន់កំពុងប្រយុទ្ធនឹងការកើនឡើងករណីឆ្លងថ្មី។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១។

ទីភ្នាក់ងារឱសថអ៊ឺរ៉ុប (EMA) ណែនាំថា វ៉ាក់សាំងដែលហៅថា Comirnaty នេះនឹងតម្រូវឲ្យចាក់ពីរដូស ក្នុងមរិមាណថ្នាំ១០មីក្រូក្រាម ដោយទុកចន្លោះពីមួយដូស ទៅមួយដូសរយៈពេល០៣សប្តាហ៍។

EMA សង្កត់ធ្ងន់ថា «អត្ថប្រយោជន៍នៃវ៉ាក់សាំង Comirnaty ចំពោះកុមារដែលមានអាយុពី០៥ទៅ១១ឆ្នាំ មានលើសហានិភ័យរបស់វា ជាពិសេសចំពោះអ្នកដែលមានលក្ខខណ្ឌហានិភ័យខ្ពស់នៃជំងឺកូវីដ១៩ ធ្ងន់ធ្ងរ»

គួរបញ្ជាក់ថា វ៉ាក់សាំងរបស់ Pfizer-BioNTech ត្រូវបានអនុម័តសម្រាប់ការប្រើប្រាស់នៅសហភាពអឺរ៉ុបចំពោះក្មេងជំទង់ ដែលមានអាយុចន្លោះពី១២ទៅ១៧ឆ្នាំ ចាប់តាំងពីខែឧសភាមកម្ល៉េះ៕