(តែលអាវីល)៖ ទីភ្នាក់ងារសារព័ត៌មាន Associated Press (AP) បានរាយការណ៍ថាចិន និងរុស្ស៊ីនៅថ្ងៃអង្គារសប្ដាហ៍នេះបានចុះហត្ថលេខាលើ «ផែនការមួយ» ដើម្បី បង្កើនទំនាក់ទំនងយោធាឱ្យកាន់តែស្អិតល្មួត ចំពេលយន្ដហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិក តែងតែហោះហើរមកក្បែរតំបន់ព្រំដែននៃប្រទេសទាំង២។

បើតាម Associated Press នៅក្នុងកិច្ចពិភាក្សាតាមប្រព័ន្ធវីដេអូនោះដែរ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក ស៊ែរហ្គៃ ស័យហ្គូ (Sergei Shoigu) និងសមភាគីចិន គឺលោក វើយ ហ្វឹងហេ (Wei Fenghe) បានគូសបញ្ជាក់ពីផលប្រយោជន៍រួមគ្នាក្នុងការបង្កើនការធ្វើសមយុទ្ធយោធា និងការចូលរួមក្នុងប្រតិបត្តិការល្បាតរវាងចិន និងរុស្ស៊ី។ លោក Sergei Shoigu បានសង្កត់ធ្ងន់ដូច្នេះថា «ចិន និងរុស្ស៊ីបានក្លាយជាដៃគូយុទ្ធសាស្ត្រអស់រយៈពេលច្រើនឆ្នាំមកនេះ ហើយដោយសារតែសព្វថ្ងៃ លក្ខខណ្ឌភូមិសាស្ត្រនយោបាយកាន់តែមានភាពស្មុគស្មាញ គួបផ្សំនឹងការកើនឡើងលទ្ធភាពនៃការផ្ទុះជម្លោះនៅជុំវិញពិភពលោក ការអភិវឌ្ឍទំនាក់ទំនងរវាងប្រទេស ទាំង២ ពិតជាមានសារៈសំខាន់ជាទីបំផុត»

លោក Sergei Shoigu បន្ថែមថារុស្ស៊ីបានបង្ហាញពីការព្រួយបារម្ភជាច្រើន ពាក់ព័ន្ធនឹងសកម្មភាពយន្ដហោះចម្បាំងអាមេរិកចូលមកក្បែរដែនអាកាសរុស្ស៊ី ដោយគ្រាន់តែ កាលពីខែតុលាកន្លងទៅ យន្ដហោះចម្បាំងអាមេរិកហោះមកក្បែរដែនអាកាសរុស្ស៊ីចំនួន ៣០លើក។ លើសពីនេះទៅទៀត នៅក្នុងការធ្វើសមយុទ្ធយោធា US Global Thunder នៅក្នុងខែវិច្ឆិកានេះ យន្ដហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រដល់ទៅ ១០គ្រឿង បានធ្វើសមយុទ្ធហាត់សមវាយប្រហារដោយប្រើប្រាស់អាវុធនុយក្លេអ៊ែរ ប្រឆាំងនឹងរុស្ស៊ី។

ប៉ុន្តែហេតុអ្វីបានជាទាំងនេះគឺជាបញ្ហាចោទសម្រាប់រុស្ស៊ី? ពិតមែនទៅ, ចាប់តាំងពីអតីតសហភាពសូវៀតដួលរលំក្រោយសង្រ្គាមត្រជាក់មក អំណាច និងចំនួនប្រជាជន របស់រុស្ស៊ីបានថយចុះយ៉ាងខ្លាំង។ តែទោះជាបែបនេះក្ដី, នៅក្រោមការដឹកនាំរបស់លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន អំណាចយោធារុស្ស៊ីនៅតែខ្លាំង ហើយទីក្រុងម៉ូស្គូ បាន និងកំពុងពង្រីកឥទ្ធិពលរបស់ខ្លួននៅក្នុងប្រទេសស៊ីរី លីប៊ី និងតំបន់ជាច្រើនទៀតនៅជុំវិញពិភពលោក តាមរយៈការលក់ប្រព័ន្ធខែលការពារមីស៊ីល S-400 ឱ្យតួកគី ឥណ្ឌា, និងចិនជាដើម ហើយដែលទាំងនេះគឺជាសារមួយដែលលោក ពូទីន ចង់ប្រាប់ពិភពលោកថា «រុស្ស៊ីត្រឡប់មកវិញហើយ»

នៅពេលត្រូវបានសាកសួរនៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំមួយ ថាតើហេតុអ្វីបានជាកញ្ចប់ថវិកាយោធាមានសារៈសំខាន់? លោក ពូទីន បានលើកយករឿងឪពុកចំណាស់ម្នាក់ និងកូនប្រុស មកប្រៀបធៀប។ នៅថ្ងៃមួយ កូនប្រុសបានប្រាប់ឪពុកចំណាស់របស់ខ្លួនថារូបគេបានលក់កាំបិត ដើម្បីទិញនាឡិកា។ ឃើញដូចនេះឪពុកបានប្រាប់ទៅកូន វិញថានាឡិកានេះពិតជាស្អាតមែន, ប៉ុន្តែកូនត្រូវចាំថា ប្រសិនបើថ្ងៃស្អែកមានចោរប្លន់ចូលមកក្នុងផ្ទះ រំលោភប្អូនស្រីរបស់ឯង និងសម្លាប់លោកពុក តើកូនត្រូវធ្វើ ដូចម្ដេច? ច្បាស់ណាកូនមានតែអាចប្រើនាឡិកាមើលថាតើម៉ោងប៉ុន្មាន ផ្ទុយទៅវិញបើកូនមានកំាបិត នោះកូនអាចការពារគ្រួសារទាំងមូលបាន។

ទំនាក់ទំនងរវាងចិន និងរុស្ស៊ី ជាពិសេសវិស័យយោធាមានភាពល្អប្រសើរឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ បន្ថែមពីលើនេះ ចិន និងរុស្ស៊ីថែមទាំងបង្កើនកិច្ចសហប្រតិបត្តិការ ជាមួយអ៉ីរ៉ង់ផងដែរ នៅក្រោមគ្រប់រូបភាព ដូចជាតាមរយៈអង្គការកិច្ចសហប្រតិបត្តិការសៀងហៃ និងសន្និសីទស្ដីពីអន្តរកម្ម និងមធ្យោបាយកសាងទំនុកចិត្តនៅក្នុងតំបន់ អាស៊ីជាដើម ហើយដែលត្រូវបានគេមើលឃើញថាទំនាក់ទំនងទាំងនេះនឹងរុញឱ្យចិន និងរុស្ស៊ីបង្កើតសម្ព័ន្ធភាពដ៏ធំមួយនៅពេលអនាគត ដើម្បីទប់ទល់ជាមួយអាមេរិក។

បើតាមក្រុមអ្នកជំនាញនៅឆ្នាំ១៩០៤ អង់គ្លេស និងបារាំងបានចុះហត្ថលេខាលើសម្ព័ន្ធភាពមួយដើម្បីប្រឆាំងនឹងអាល្លឺម៉ង់ នៅក្នុងសង្រ្គាមលោកលើកទី១។ ប៉ុន្តែ ប្រសិន បើរុស្ស៊ី និងចិន ពិតជាបង្កើតសម្ព័ន្ធភាពណាមួយបានសម្រេចមែន នោះវានឹងធ្វើឱ្យភូមិសាស្ត្រនយោបាយ​សកល​លោក​ប្រែប្រួល​មិនអាចគណនាបាន។ បច្ចុប្បន្ន អាមេរិក កំពុងព្យាយាមសហការជាមួយអ៊ុយក្រែន រួមទាំងជាមួយសម្ព័ន្ធមិត្តរបស់ខ្លួនក្នុងតំបន់អាស៊ី ក្នុងការទប់ទល់ជាមួយរុស្ស៊ីផង និងចិនផងក្នុងពេលតែមួយ តែវាមិនច្បាស់ឡើយថាតើទីក្រុងវ៉ាស៊ីនតោន អាចប្រជែងជាមួយយក្សធំ២ ដូចជាចិន និងរុស្ស៊ីក្នុងពេលតែមួយបានដែរឬទេ?

គួរបញ្ជាក់ថា ក្នុងពេលបច្ចប្បន្ន សហរដ្ឋអាមេរិកកំពុងជាប់ដៃសឹងតែដកខ្លួនមិនរួច ដោយម្ខាងត្រូវការពារកោះតៃវ៉ាន់ និងប្រជែងជាមួយចិនក្នុងតំបន់អាស៊ី រីឯម្ខាងទៀត ត្រូវរវល់ឃ្លាំមើលសកម្មភាពយោធារុស្ស៊ី នៅក្បែរតំបន់ព្រំដែននៃប្រទេសអ៊ុយក្រែនផង។ ប៉ុន្តែ ប្រឈមមុខនឹងភាពតានតឹងទាំងនេះ អាមេរិកក៏ទទួលបានផលចំណេញ មិនតិចនោះដែរពីសកម្មភាពរបស់ចិន និងរុស្ស៊ី តាមរយៈការបង្កើនការលក់អាវុធឱ្យតៃវ៉ាន់ និងអ៊ុយក្រែន៕

ប្រភព៖ Jerusalem Post (ថ្ងៃព្រហស្បតិ៍ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១)