(ហ្សឺណែវ)៖ អគ្គនាយកអង្គការសុខភាពពិភពលោក លោក Tedros Adhanom Ghebreyesus បាននិយាយកាលពីថ្ងៃពុធថា អឺរ៉ុបបានក្លាយជាចំណុចកណ្តាល នៃជំងឺរាតត្បាតកូវីដ១៩ COVID-19 ជាថ្មីម្តងទៀត ដោយសារតែ «អារម្មណ៍សុវត្ថិភាពមិនពិត» ដែលផ្តល់ដោយវ៉ាក់សាំង។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១។

មន្ត្រីអង្គការសុខភាពពិភពលោកបានព្រមានថា មេរោគ SARS-CoV-2 នឹងបន្តរីករាលដាលកាន់តែខ្លាំង នៅពេលដែលសហគមន៍ត្រឡប់ទៅរកការលាយឡំគ្នា និងចលនាសង្គមដូចមុនការរាតត្បាតនេះ។

លោក Tedros បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា ច្រើនជាង៦០% នៃករណីដែលបានរាយការណ៍ និងករណីស្លាប់ទាំងអស់ដោយសារកូវីដ១៩ នៅទូទាំងពិភពលោកគឺស្ថិតនៅក្នុងទ្វីបអឺរ៉ុប។

លោកបានសង្កត់ធ្ងន់ថា «នៅក្នុងប្រទេស និងសហគមន៍ជាច្រើន យើងមានការព្រួយបារម្ភអំពីអារម្មណ៍សុវត្ថិភាពមិនពិត ដែលថាវ៉ាក់សាំងបានបញ្ចប់ការរីករាលដាល ហើយអ្នកដែលបានចាក់ថ្នាំវ៉ាក់សាំងមិនចាំបាច់ត្រូវចាត់វិធានការប្រុងប្រយ័ត្នផ្សេងទៀតទេ»

មន្ត្រីអង្គការសុខភាពពិភពលោកបាននិយាយថា ការចាក់វ៉ាក់សាំង ការពាក់ម៉ាស់ និងការរក្សាគម្លាតសុវត្ថិភាពនៅតែជាគន្លឹះក្នុងការបញ្ឈប់ការឆ្លង៕