(ញូយ៉ក)៖ មន្រ្តីជាន់ខ្ពស់អាមេរិកមួយរូប បាននិយាយនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា សហរដ្ឋអាមេរិកកំពុងស្វែងរកការដាក់សម្ពាធបន្ថែមទៀត លើរបបយោធាមីយ៉ាន់ម៉ាតាមរយៈអង្គការសហប្រជាជាតិ (UN) ហើយជំរុញដល់សហគមន៍អន្តរជាតិកុំទទួលស្គាល់ការបោះឆ្នោតរបស់មីយ៉ាន់ម៉ា ដែលរៀបចំដោយយោធានាពេលខាងមុខនេះ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៣ ខែកញ្ញា ឆ្នាំ២០២២។

ដោយចង្អុលបង្ហាញពីការវាយប្រហារតាមអាកាសរបស់យោធា ដែលបានសម្លាប់សិស្សសាលាចំនួន ១១នាក់ ក្នុងខែកញ្ញានេះ ក៏ដូចជាការប្រហារជីវិតសកម្មជនប្រជាធិបតេយ្យចំនួន ៤នាក់ កាលពីខែកកក្កដា កន្លងទៅ ទីប្រឹក្សាក្រសួងការបរទេសអាមេរិក លោក ដេរ៉ិក ឆូឡេត (Derek Chollet) ដែលកំពុងដឹកនាំផ្នែកការទូតអាមេរិកលើបញ្ហាប្រទេសមីយ៉ាន់ម៉ា កំលុងមហាសន្និបាទ UN បានប្រាប់ AFP ឲ្យដឹងថា មានការទទួលស្គាល់យ៉ាងទូលំទូលាយថា របបយោធាក្នុងប្រទេសមីយ៉ាន់ម៉ាគួរត្រូវតែបានបង្កើនសម្ពាធថែមទៀត។

លោក ឆូឡេត បានគូសបញ្ជាក់ថា យើងគិតថា យើងត្រូវតែមានភាពប្រាកដនិយមលើបញ្ហាទាំងអស់នេះ និងថាតើរុស្ស៉ីនិងចិន មានឆន្ទៈក្នុងការអនុញ្ញាតឲ្យក្រុមប្រឹក្សាសន្តិសុខ ចាត់វិធានការយ៉ាងណានោះ ដោយការលើកឡើងនេះគឺសំដៅទៅលើសិទ្ធិវេតូរបស់ប្រទេសទាំងពីរ។ ជាមួយគ្នានេះ យើងមិនគួរផ្តល់ការជឿជាក់ណាមួយដល់ការបោះឆ្នោត ដែលរៀបចំដោយយោធា ដែលគ្រោងនឹងធ្វើឡើងនៅខែសីហា ឆ្នាំ២០២៣នោះទេ។

លោក ឆូឡេត បានបន្ថែមថា យើងមើលមិនឃើញថាការបោះឆ្នោតអាចប្រព្រឹត្តិទៅដោយសេរី និងយុត្តិធម៌ នោះទេ ដោយសារតែរបបនេះមិនបានមើលការខុសត្រូវលើទឹកដីច្រើនជាងពាក់កណ្តាលរបស់មីយ៉ាន់ម៉ាឡើយ ខណៈអ្នកទោសនយោបាយត្រូវបានគេឃុំឃាំង ឬសម្លាប់ ហើយលោកស្រី អោងសាន ស៊ូជី កំពុងស្ថិតនៅឯកោ និងគ្មាននរណាម្នាក់បានឃើញលោកស្រី អស់រយៈពេលជាង២០ខែមកហើយ។

គួរបញ្ជាក់ថា កន្លងមក សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មជាបន្តបន្ទាប់ រួមទាំងការកំណត់គោលដៅលើមេដឹកនាំរបបយោធាមីយ៉ាន់ម៉ា ជាដើម ចាប់តាំងពីមានរដ្ឋប្រហារ។ ប៉ុន្តែជំហានខ្លះមិនអាចសម្រេចបានដោយសារតែការជំទាស់របស់ក្រុមសកម្មជន ដោយផ្តោតលើបញ្ហាឧស្សាហកម្មប្រេង និងឧស្ម័នរបស់មីយ៉ាន់ម៉ា ចំពេលមានការប្រឆាំងពីប្រទេសថៃដែលនាំចូលថាមពលពីប្រទេសជិតខាងរបស់ខ្លួនមួយនេះ៕