(ភ្នំពេញ)៖ រដ្ឋបាលខណ្ឌឫស្សីកែវ សូមអញ្ជើញបុគ្គលឈ្មោះ កែម មង្គល ឱ្យមកទទួលយកកំណត់ហេតុប្រគល់ដី ចំនួន៦ឡូតិ៍ ក្នុងតំបន់អភិវឌ្ឍន៍ឫស្សីកែវ ពីក្រុមការងារ នៅសាលាខណ្ឌ ក្នុងរយៈពេល៧ថ្ងៃ ដោយគិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។

បើក្នុងករណីបុគ្គលឈ្មោះ កែម មង្គល ខនខានមិនបានអញ្ជើញមកទទួលយកតាមការជូនដំណឹងនេះ រដ្ឋបាលខណ្ឌឫស្សីកែវ និងចាត់ទុកថា បានផ្ដល់ដីចំនួន៦ឡូតិ៍ខាងលើ ជូនលោករួចរាល់ហើយដែរ និងសូមឱ្យលោកទទួលខុសត្រូវលើការគ្រប់គ្រង ចាត់ចែងអាស្រ័យផលដោយខ្លួនឯង។

នេះបើតាមលិខិតផ្លូវការរបស់លោក ឯក ឃុនដឿន អភិបាលខណ្ឌឫស្សីកែវ ដែលអ្នកយកព័ត៌មានអង្គភាព Fresh News ទទួលបាននៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១។

នៅក្នុងលិខិតផ្លូវការរបស់លោក ឯក ឃុនដឿន បានបញ្ជាក់ថា អាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី បានសម្រេចប្រគល់ដីជូនលោក កែម មង្គល ចំនួន៦ឡូតិ៍ មានឡូតិ៍លេខ ០៩, ១១, ៣៩, ៤១ ផ្លូវលេខ១៧០១ និងឡូតិ៍លេខ ២៦, ២៨ ផ្លូវលេខ១៧០៣ ក្នុងតំបន់អភិវឌ្ឍន៍ឫស្សីកែវ ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ តាមរយៈសេចក្ដីសម្រេចលេខ ០០១/១៧ សសរ.អជដ ចុះថ្ងៃទី០២ ខែមករា ឆ្នាំ២០១៧ (ជំហ៊ានទី៤) មុននិងក្រោយពីគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌឫស្សីកែវ បានចុះអនុវត្តវិធានការរុះរើសំណង់របងថ្ម និងសម្ភារផ្សេងៗ ដែលបានសាងសង់ខុសប្លង់គោលតំបន់អភិវឌ្ឍន៍ឫស្សីកែវ របស់រដ្ឋបាលរាជធានីភ្នំពេញ រួចរាល់ជាស្ថាពរ និងបានធ្វើកំណត់ហេតុប្រគល់ដីឡូតិ៍ជូនលោករួចហើយដែរ កាលពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១៕