(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ នាថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹងស្តីពីការត្រៀមខ្លួនរបស់មគ្គុទ្ទេសក៍ទេសចរណ៍ក្នុងការជំរុញសកម្មភាពទេសចរណ៍ផ្ទៃក្នុង និងការត្រៀមខ្លួនទទួលទេសចរអន្តរជាតិចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩។

ដើម្បីបង្កើតទំនុកចិត្តដល់ទេសចរផ្ទៃក្នុង និងត្រៀមទទួលទេសចរអន្តរជាតិដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នាពេលខាងមុខ ក្រសួងទេសចរណ៍បានជូនដំណឹងដល់មគ្គុទ្ទេសក៍ទេសចរណ៍គ្រប់កម្រិតថាចាប់ពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១តទៅ ការស្នើសុំអាជ្ញាបណ្ណមគ្គុទ្ទេសក៍ទេសចរណ៍គ្រប់កម្រិតទាំងថ្មី និងបន្តត្រូវភ្ជាប់កាតចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជាឯកសារថតចម្លង បន្ថែមលើលក្ខខណ្ឌដែលបានកំណត់ក្នុងប្រកាសស្តីពីការផ្តល់អាជ្ញាបណ្ណទេសចរណ៍ដល់មគ្គុទ្ទេសក៍ទេសចរណ៍លេខ ០៩៣ ប្រក ចុះថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦ ប្រកាសលេខ ១៥៣ ប្រក ចុះថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៤ និងប្រកាសលេខ ១៣៩ ប្រក ចុះថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៦។

ក្រសួងទេសចរណ៍បានបន្តថា មគ្គុទ្ទេសក៍ទេសចរណ៍គ្រប់កម្រិតតម្រូវឱ្យចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឱ្យបានគ្រប់ដូស តាមការកំណត់របស់ក្រសួងសុខាភិបាល។ ការខកខានមិនបានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដោយប្រការណាមួយដែលគ្មានហេតុផលសុខាភិបាលច្បាស់លាស់ ជាកម្មវត្ថុនៃការមិនអនុញ្ញាតឱ្យផ្តល់ សេវាកម្មមគ្គុទ្ទេសក៍ទេសចរណ៍ដល់ទេសចរទ្បើយ។

បេីតាមក្រសួងទេសចរណ៍ មគ្គុទ្ទេសក៍ទេសចរណ៍ដែលមិនបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដោយហេតុផលសុខាភិបាលណាមួយ ត្រូវមានការបញ្ជាក់ពីអាជ្ញាធរសុខាភិបាលក្នុងភូមិសាស្រ្តរបស់ខ្លួន។

ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់ក្រសួងទេសចរណ៍៖