(ភ្នំពេញ)៖ លោក ឯក ឃុនដឿន អភិបាលខណ្ឌឫស្សីកែវ បានបើកឯកសារដាក់ឱ្យក្រុមហ៊ុនចំនួន៣ ប្រគួតប្រជែងដេញថ្លៃជួសជុលផ្លូវបេតុង អណ្ដូងលូ ស្ដារលូ និងដាក់ប្រព័ន្ធលូ ចំនួន២គម្រោង ដើម្បីបម្រើផលប្រយោជន៍រួមជូនប្រជាពលរដ្ឋ។

ការដាក់ឱ្យដេញថ្លៃនេះ ធ្វើឡើងក្រោមការចូលរួមពីលោក ប្រាជ្ញ សីហា អភិបាលរងខណ្ឌ គណៈកម្មាធិការលទ្ធកម្មខណ្ឌ និងលោក លន់ សោ អនុប្រធានមន្ទីរសេដ្ឋកិច្ច ហិរញ្ញវត្ថុ ផងដែរ ក្រៅពី (ក្រុមហ៊ុន ខេអិនរ៉ូដ ខនស្រ្តាក់សិន ក្រុមហ៊ុន លីន សុគន្ធា ខូអិលធីឌី និងក្រុមហ៊ុន អេសអេស ធីឌី ឯ.ក) ស្ថិតនៅសាលាខណ្ឌឫស្សីកែវ នាថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១។

បើតាមលោក ប្រាជ្ញ សីហា នៅក្នុងការបើកឯកសារដាក់ឱ្យក្រុមហ៊ុន ដេញថ្លៃជួសជុលផ្លូវបេតុង អណ្ដូងលូ ស្ដារលូ និងដាក់ប្រព័ន្ធលូ ចំនួន២គម្រោង ដើម្បីបម្រើផលប្រយោជន៍រួមជូនប្រជាពលរដ្ឋនេះ ជាលទ្ធផលបឋម នៃគម្រោងទី១ ក្រុមហ៊ុន ខេ អិន រ៉ូដ ខនស្ត្រាក់សិន បានដេញឈ្នះ និងគម្រោងទី២ ក្រុមហ៊ុន អេស អេស ធីឌី ឯ.ក បានដេញឈ្នះ ក្នុងចំណោមក្រុមហ៊ុនចំនួន៣។

លោកអភិបាលរងខណ្ឌបន្តថា គម្រោងទី១ ការងារជួសជុលផ្លូវបេតុងឆ្អឹងដែក១ខ្សែ កម្រាស់ ០.១៥ម៉ែត្រ បណ្តោយ៨២ម៉ែត្រ ទទឹង៨ម៉ែត្រ ដែលមានផ្ទៃក្រឡា ៦៥៦ម៉ែត្រការ៉េ ស្ថិតនៅភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦។

គម្រោងទី២ ការងារជួសជុលដាក់ប្រព័ន្ធលូ១ខ្សែមុខកាត់០.៨០ម៉ែត្រ ប្រវែង៤០០ម៉ែត្រ ស្ថិតនៅភូមិផ្សារតូច ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ និងមានស្តារលូ២ខ្សែ មុខកាត់០.៨ម៉ែត្រ ដោយខ្សែទី១ មានប្រវែង៩៤០ម៉ែត្រ និងជួសជុលអណ្តូងលូ ចំនួន១២អណ្តូងបន្ថែមទៀត ស្ថិតនៅភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ និងខ្សែទី២ ប្រវែង៥៨០ម៉ែត្រ ស្ថិតនៅភូមិសាមគ្គី សង្កាត់ឫស្សីកែវ៕