(ព្រះសីហនុ)៖ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានឱ្យដឹងថា សមាជិកនៃអង្គការ PEMSEA បានរំពឹងទុកថាមហាសន្និបាតសមុទ្រអាស៊ីបូព៌ា ឆ្នាំ២០២១ ប្រាថ្នាចង់ឱ្យមានការផ្តួចផ្តើមគំនិតក្នុងតំបន់កាន់តែប្រសើរ រឹងមាំ និងឆ្លាតវៃជាងមុន ដែលត្រូវបានតម្រឹមជាយុទ្ធសាស្រ្តជាមួយនឹងគោលការណ៍ និងគោលដៅសំខាន់ៗរបស់មហាសមុទ្រពិភពលោក។

ការបង្ហាញក្តីរំពឹងបែបនេះរបស់លោក សាយ សំអាល់ អញ្ជើញជាតំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បើកមហាសន្និបាតសមុទ្រអាស៊ីបូព៌ា លើកទី៧ ក្រោមប្រធានបទ «បង្កើតទសវត្សរ៍ថ្មីនៃសុខុមាលភាពសមុទ្រ មនុស្ស និងសេដ្ឋកិច្ច» ដែលប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់០២ ខែធ្នូ ឆ្នាំ២០២១ នាខេត្តព្រះសីហនុ ដែលធ្វើជាម្ចាស់ផ្ទះ។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងតំណាងប្រទេសដែលជាសមាជិកនៃអង្គការ PEMSEA ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង មន្ទីរ ស្ថាប័នពាក់ព័ន្ធជាច្រើនរូបទៀត ដោយមានការចូលរួមផ្ទាល់ និងចូលរួមតាមរយៈប្រព័ន្ធបញ្ជូនសំឡេង និងរូបភាព។

ជាមួយគ្នានេះដែរ លោក សាយ សំអាល់ ក៏គូសបញ្ជាក់ពីសមិទ្ធផលជាច្រើនដែលកើតចេញពីកិច្ចសហប្រតិបត្តិការរបស់យើងក្រោមយន្តការអង្គការនៃភាពជាដៃគូគ្រប់គ្រងបរិស្ថានសមុទ្រអាស៊ីបូព៌ា។ សមិទ្ធផលទាំង នេះគឺជាការចាក់គ្រឹះយ៉ាងរឹងមាំសម្រាប់ឆ្ពោះទៅកាន់របៀបវារៈរបស់យើងក្នុងការធានានូវកិច្ចការពារសមុទ្រ ជីវភាពប្រកបដោយនិរន្តរភាព សេដ្ឋកិច្ចខៀវប្រកបដោយនិរន្តរភាព ដែលជាចលករមួយយ៉ាងសំខាន់ដើម្បីធានានូវកំណើន ដែលយើងចាំបច់ត្រូវកសាងលើសមិទ្ធផលទាំងនេះ។

រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានឱ្យដឹងយ៉ាងដូច្នេះថា៖ «វាត្រូវបានរំពឹងទុកថាមហាសន្និបាតនេះប្រាថ្នាចង់ឱ្យមានការផ្តួចផ្តើមគំនិតក្នុងតំបន់កាន់តែប្រសើរ រឹងមាំ និងឆ្លាតវៃជាងមុន ដែលត្រូវបានតម្រឹមជាយុទ្ធសាស្រ្តជាមួយនឹងគោលការណ៍ និងគោលដៅសំខាន់ៗរបស់មហាសមុទ្រពិភពលោក។ យើងរំពឹងថានឹងមានកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលបន្ថែមទៀតដើម្បីសម្រេចបាន SDGs រួមទាំងការកែលម្អយ៉ាងសំខាន់ក្នុងការគ្រប់គ្រងឆ្នេរ និងសមុទ្រប្រកបដោយប្រសិទ្ធភាព»

បន្ថែមពីនេះ លោក សាយ សំអាល់ បានបន្តថា នៅក្នុងរយៈពេល ២ទសវត្សរ៍មកនេះ ក្នុងនាមជាយន្តការសម្របសម្រួលដ៏សំខាន់សម្រាប់អភិបាលកិច្ចសមុទ្រ​នៅថ្នាក់តំបន់ និងភាពជាដៃគូជាពិសេសសម្រាប់ភាពជាដៃគូក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍ដោយចីរភាពសម្រាប់សមុទ្រអាស៊ីបូព៌ា និងជាអ្នកចែករំលែក​យុទ្ធសាស្ត្រផ្នែកសមុទ្រក្នុងចំណោម ប្រទេសចំនួន១៤ នៅក្នុងតំបន់ PEMSEA បានធ្វើការយ៉ាងមានប្រសិទ្ធភាពជាមួយរដ្ឋាភបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិនៃបណ្តាប្រទេសជាសមាជិក សហគមន៍ ដៃគូអភិវឌ្ឍន៍ អ្នកស្រាវជ្រាវ និងវិទ្យាសាស្ថានវិទ្យាសាស្ត្រ និងវិស័យឯកជន។

លោកបានលើកឡើងថា បណ្តាញសំខាន់ៗ ដូចជាមជ្ឈមណ្ឌលសិក្សា ក៏បានរួមចំណែកដល់ជំនាញ និងជំនាញគ្រប់គ្រងឆ្នេររបស់ពួកគេចំពោះគោលដៅរួមនៃ SDS-SEA ។ រហូតមកដល់ពេលនេះ PEMSEA សម្រេចបានសមិទ្ធផលលើការគ្របដណ្តប់ជាង ១៧% នៃឆ្នេរសមុទ្រក្នុងតំបន់ ក្រោមកម្មវិធីគ្រប់គ្រងចម្រុះតំបន់ឆ្នេរ (ICM) ដែលគ្រប់ដណ្ដប់ឆ្នេរសមុទ្រជាង ៤២,០០០គីឡូម៉ែត្រ និងប្រជាជនជាង ១៤៦លាននាក់ ដែលរស់នៅក្នុងតំបន់ឆ្នេរ និងតំបន់ទំនាបទឹក។

ជុំវិញករណីនេះលោក សាយ សំអាល់ បានគូសបញ្ជាក់ថា៖ «ចំណុចទី២ ខ្ញុំចង់បង្ហាញលើប្រធានបទនេះ គឺបានឆ្លុះបញ្ចាំងយ៉ាងល្អអំពីអាទិភាពនៃការអភិវឌ្ឍរបស់​ប្រទេសកម្ពុជា ក៏ដូចជាខេត្តព្រះសីហនុ ដែលជាខេត្តមួយក្នុងចំណោមខេត្តជាប់មាត់សមុទ្រទាំង ៤ របស់របស់កម្ពុជា»

លោករដ្ឋមន្ត្រី បានបញ្ជាក់ថា ឆ្នេរសមុទ្រកម្ពុជា មានប្រវែង៤៤០គីឡូម៉ែត្រ ហើយវិស័យសមុទ្រ និងសមុទ្ររបស់យើងរួមមាន៖ ជលផល កំពង់ផែ និងការដឹកជញ្ជូន និងទេសចរណ៍តាមឆ្នេរសមុទ្រ។ យោងទៅតាមកំណើនផលិតផលក្នុងស្រុកសរុបរបស់ប្រទេសមាន១៦ភាគរយ ក្នុងនោះទេសចរណ៍តាមឆ្នេរសមុទ្រមាន៨៥ភាគរយ។ លើសពីនេះ ពាណិជ្ជកម្មទំនិញរបស់យើង គឺពឹងផ្អែកខ្លាំងលើការដឹកជញ្ជូនតាមសមុទ្រ។ នេះបង្ហាញពីសេដ្ឋកិច្ចផ្អែកលើមហាសមុទ្រ ដែលមានកន្លែងទំនេរច្រើនសម្រាប់ការពង្រីក និងការកែលម្អ។

ជាការគួរកត់សម្គាល់ សមុទ្រអាស៊ីបូព៌ាមានដើមកោងកាង ១ភាគ៣ នៃដើមកោងកាងនៅលើពិភពលោក មានស្មៅសមុទ្រ និងផ្កាថ្ម។ សមុទ្រនេះបានចូលរួមចន្លោះពី ១៥-២០%នៃផលិតផលសរុបរបស់ប្រទេសចំនួន ១០ និង ៤០%នៃផលិតផលមច្ឆជាតិនៅលើពិភពលោក និង ៨០% នៃវារីវប្បកម្មសមុទ្រនៅលើលោក។ វាក៏តំណាងឱ្យ ៩០% នៃការធ្វើនាវាចរណ៍សមុទ្រ ព្រោះថាក្នុងតំបន់នេះមានកំពង់ផែធំៗចំនួន៥ និងទទួលនូវ ២៦% នៃដំណើរមកដល់របស់អ្នកទេសចរអន្តរជាតិ។ នេះគឺជាផ្នែកគន្លឹះសំខាន់ៗដែលនាំឱ្យមានកំណើនសេដ្ឋកិច្ចក្នុងតំបន់ ធានាសន្តិសុខស្បៀង កាត់បន្ថយភាពក្រីក្រ កាត់បន្ថយភាពគ្មានការងារធ្វើ និងធ្វើឱ្យប្រសើរឡើងនូវជីវភាពរស់នៅរបស់ប្រជាជន។

លោក សាយ សំអាល់ បានបន្តថា វាជាភាពចាំបាច់ណាស់ដែល PEMSEA ត្រូវពង្រឹង និងធ្វើឱ្យមានសុខុមាលភាពប្រកបដោយនិរន្តរភាព និងមានភាពស៊ាំសម្រាប់ សមុទ្រនិងមហាសមុទ្រ សហគមន៍ និងសេដ្ឋកិច្ចរបស់យើងនៅសមុទ្រអាស៊ីបូព៌ានេះ តាមរយៈសមាហរណកម្មដំណោះស្រាយលើការគ្រប់គ្រង និងភាពជាដៃគូ។ តាមរយៈយន្តការ PEMSEA យើងស្ថិតនៅក្នុងគោលជំហរដ៏ល្អក្នុងការផ្តល់នូវដំណោះស្រាយសម្រាប់ការគ្រប់គ្រងឆ្នេរ និងមហាសមុទ្រប្រកបដោយប្រសិទ្ធភាពនៅក្នុងតំបន់សមុទ្រអាស៊ីបូព៌ាដូចដែលយើងខិតខំប្រឹងប្រែងធ្វើនៅរយៈពេល ២ទសវត្សរ៍មកនេះ។

ប្រទេសជាសមាជិកនៃអង្គការ PEMSEA មានចំនួន១១ ក្នុងនោះរួមមាន កម្ពុជា សិង្ហបុរី ឡាវ ហ្វីលីពីន ឥណ្ឌូនេស៊ី វៀតណាម ទីម័រ ចិន កូរ៉េខាងត្បូង កូរ៉េខាងជើង ជប៉ុន ព្រមទាំងមានអង្គការដៃគូជាច្រើនទៀត។

មហាសន្និបាតសមុទ្រអាស៊ីបូព៌ានេះ គឺជាមោទកភាពសម្រាប់កម្ពុជា ដែលបានធ្វើជាម្ចាស់ផ្ទះនៃមហាសន្និបាតដ៏មានសារៈសំខាន់នេះ ដែលរៀបចំឡើងក្នុងគោលបំណងពិនិត្យលើផែនការការងារដែលបានសម្រេចអនុម័តកន្លងមក និងផែនការទិសដៅដែលត្រូវធ្វើជាបន្តបន្ទាប់ រួមទាំងការគិតគូរពីមូលនិធិដែលត្រូវយកមកអនុវត្តដើម្បីការពារ និងអភិរក្សសមុទ្រនៅតំបន់អាស៊ីបូព៌ា៕