(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ បានបង្ហាញការសោកស្តាយចំពោះមរណភាព របស់ក្រុមដោះមីនកម្ពុជា ៣នាក់ នៅខេត្តព្រះវិហារ និងម៉ាកាវ៉ា ដែលជាវីរៈកណ្តុររាវរកគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ។

Facebook ប្រមុខការទូតបានបញ្ជាក់យ៉ាងដូច្នេះថា៖ «ក្នុងនាមជាពលរដ្ឋកម្ពុជាម្នាក់ដែលបានហែលឆ្លងកាត់សោកនាដកម្មនៃសង្គ្រាម ខ្ញុំពិតជាមានកិត្តិយសដ៏ធំធេងដែលបានបម្រើប្រទេសកំណើតរបស់ខ្ញុំក្នុងសកម្មភាពកំចាត់មីន អស់រយៈពេលជាងមួយទសវត្សរ៍កន្លងមក»

លោកបន្តថា «ខ្ញុំមានសេចក្តីសោកសង្រេងដែលទើបបានដឹងពីមរណភាពរបស់សមាជិកក្រុមដោះមីនកម្ពុជា ៣នាក់ នៅខេត្តព្រះវិហារ និងម៉ាកាវ៉ា ដែលជាវីរៈកណ្តុររាវរកគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះជាង ១០០គ្រាប់ ក្នុងអំឡុងពេលបេសកកម្ម។ ហើយវាក៏ជារឿងមួយដ៏សោកសៅផងដែរ ពេលដែលខ្ញុំនឹកឃើញដល់បងប្អូនខ្មែរស្លូតត្រង់ និងវីរជនដោះមីនទាំងឡាយដែលបានស្លាប់បាត់បង់ជីវិត និងរងរបួសដោយសារគ្រាប់មីន និងកាកសំណល់សង្រ្គាម។ សមានចិត្ត និងការបន់ស្រន់របស់ខ្ញុំ នឹងស្ថិតនៅជាមួយក្រុមគ្រួសារក៏ដូចជាមិត្តភក្តិរបស់ជនរងគ្រោះគ្រប់រូប»

អ្នកដោះមីន ៣នាក់ នៃអង្គការដោះមីនកម្ពុជា (CSHD) បានពលីជីវិតដោយការផ្ទុះមីនតោន ក្នុងកិច្ចប្រតិបត្តិការប្រមូល និងកម្ទេចគ្រាប់កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ ក្នុងភូមិសាស្រ្តភូមិសែនតេជៈ ឃុំសែនតេជោ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ជនរងគ្រោះ បានបម្រើការងារបោសសម្អាតមីនមនុស្សធម៌រយៈពេលជិត ១០ឆ្នាំមកហើយ។

ជនរងគ្រោះទាំង៣រូបនេះ រួមមាន៖ លោក ស៊ុន វង្ស, លោក ម៉ា ស៊ីម៉េត និងលោក ម៉ន ចក់។

ចំណែកឯ កណ្តុរ Magawa ដែលចំណាយពេលស្ទើរតែពេញមួយជីវិតរបស់វា ដើម្បីស្វែងរកមីននៅកម្ពុជា និងដែលត្រូវបានទទួលស្គាល់ចំពោះការរួមចំណែករបស់គាត់ ក្នុងការសង្គ្រោះជីវិតប្រជាជន បានទទួលមរណភាពកាលពីចុងសប្តាហ៍មុន។ ក្នុងអំឡុងពេលបម្រើការងាររបស់គាត់ កណ្តុរ Magawa បានរកឃើញគ្រាប់មីន និងគ្រឿងផ្ទុះផ្សេងទៀតជាង ១០០ គ្រាប់ ដែលធ្វើឱ្យគាត់ក្លាយជាវីរកណ្តុរ (HeroRAT) ជោគជ័យបំផុតរបស់អង្គការ APOPO រហូតមកដល់ពេលបច្ចុប្បន្ន។

គិតចាប់ពីឆ្នាំ១៩៩៧ ដល់បច្ចុប្បន្ន អ្នកដោះមីនដែលគ្រោះថ្នាក់ក្នុងកិច្ចប្រតិបត្តិការ បានបាត់បង់ជីវិត ពិការ និងរបួស សរុបចំនួន ១៥៤នាក់ ក្នុងនោះបាត់បង់ជីវិតចំនួន ៣១នាក់៕