(ភ្នំពេញ)៖ ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពី កិច្ចសហប្រតិបត្តិការ ក្នុងវិស័យវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ក្នុងក្របខណ្ឌនៃភាពជាដៃគូ អ៊ុយបែរ៍ គួរ្យៀង (Huber Curien) «ទន្លេសាប» ត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាពបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងលោក Jacques PELLET ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋបារាំង ប្រចាំនៅកម្ពុជា។

ពិធីនេះ មានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ នៃក្រសួងអប់រំ យុវជន និងកីឡា និងថ្នាក់ដឹកនាំនៃស្ថានទូតបារាំង ប្រចាំនៅកម្ពុជា នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២។

កិច្ចសហប្រតិបត្តិការភាពជាដៃគូ Hubercurien «ទន្លេសាប» ត្រូវបានរៀបចំឡើងដោយមានគោលដៅសំខាន់ៗមួយចំនួនដូចខាងក្រោម៖

១៖ ជំរុញ និងគាំទ្រកិច្ចសហប្រតិបត្តិការផ្នែកវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា រវាងអ្នកស្រាវជ្រាវជាតិបារាំង និងខ្មែរ នៅក្នុងស្ថាប័នសាធារណៈ
២៖ លើកទឹកចិត្តក្នុងការកសាងទំនាក់ទំនង និងភាពជាដៃគូថ្មី ក៏ដូចជាការអភិវឌ្ឍគំនិតច្នៃប្រឌិត ឧត្តមភាព និងពង្រឹងសមត្ថភាពក្នុងចំណោមយុវអ្នកស្រាវជ្រាវ
៣៖ ជំរុញការផ្លាស់ប្តូររវាងអ្នកស្រាវជ្រាវ តាមរយៈការគាំទ្រភាពចល័តរបស់ពួកគេ រវាងប្រទេសទាំងពីរ
៤៖ អភិវឌ្ឍនូវភាពស៊ីចង្វាក់គ្នារវាងសហគមន៍វិទ្យាសាស្ត្រទាំងពីរ ដើម្បីបង្កើតនូវប្រព័ន្ធកិច្ចសហប្រតិបត្តិការប្រកបដោយចីរភាព។

ក្នុងន័យនេះ កិច្ចសហប្រតិបត្តិការភាពជាដៃគូ Huber Curien «ទន្លេសាប» នឹងផ្តល់ការឧបត្ថម្ភដល់ការធ្វើដំណើរបេសកកម្ម និងការស្នាក់នៅរបស់អ្នកស្រាវជ្រាវ ពីបារាំងមកកម្ពុជា និងពីកម្ពុជាទៅបារាំង ដើម្បីបន្តអភិវឌ្ឍគម្រោងស្រាវជ្រាវលើវិស័យអាទិភាពមួយចំនួន រួមមាន៖

១៖ សេដ្ឋកិច្ច និងបច្ចេកវិទ្យាឌីជីថល, ២៖ កសិកម្មអនុវត្ត, ៣៖ ជីវបច្ចេកវិទ្យា និងជីវវិទ្យាសាស្ត្រ, ៤៖ វិទ្យាសាស្រ្ត និងបច្ចេកវិទ្យាថាមពល, ៥៖ វិទ្យាសាស្រ្តកុំព្យូទ័រ ៦៖ វិទ្យាសាស្ត្របរិស្ថាន, ៧៖ វិទ្យាសាស្ត្រមនុស្សជាតិ និងសង្គម និង៨៖ គរុកោសល្យនវានុវត្តន៍។

ចាប់ពីឆ្នាំ២០២២ តទៅ និងជារៀងរាល់ឆ្នាំ ការប្រកាសជ្រើសរើសបេក្ខភាពគម្រោងនឹងត្រូវធ្វើឡើង ដើម្បីកំណត់រកនូវសំណើគម្រោងការស្រាវជ្រាវ និងនវានុវត្តន៍ ប្រកបដោយគុណភាព រវាងស្ថាប័នស្រាវជ្រាវ និងគ្រឹះស្ថានឧត្តមសិក្សានៃព្រះរាជាណាចក្រកម្ពុជា និងប្រទេសបារាំង ដំណាលគ្នា ដែលមានន័យថាសមភាគី ត្រូវមានពិភាក្សាគ្នាជាមុន មុននឹងដាក់ពាក្យស្នើសុំថវិកាគាំទ្រពី កម្មវិធីភាពជាដៃគូ Huber Curen «ទន្លេសាប»

គម្រោងស្រាវជ្រាវដែលនឹងទទួលថវិកា ពីកម្មវិធីភាពជាដៃគូ Huber Curien «ទន្លេសាប» ត្រូវអនុលោមទៅតាមលក្ខណៈវិនិច្ឆ័យមួយចំនួនរួមមាន៖

១៖ គុណភាពវិទ្យាសាស្រ្ត និងបច្ចេកទេស
២៖ លទ្ធភាពនៃការអនុវត្ត
៣៖ វិធីសាស្រ្តអនុវត្ត
៤៖ ផលប្រយោជន៍ក្នុងបរិបទអន្តរជាតិ
៥៖ ការសម្របតាមអាទិភាពជាតិ
៦៖ ការចូលរួមនៃនិស្សិតថ្នាក់បណ្ឌិត និងអ្នកស្រាវជ្រាវ (សារៈសំខាន់ចម្បងនឹងផ្តោតទៅលើការពង្រឹងនូវសមត្ថភាព និងការហ្វឹកហាត់នៃអ្នកស្រាវជ្រាវ)។

ថវិកាដែល កម្មវិធីភាពជាដៃគូ Huber Curien «ទន្លេសាប» នឹងត្រូវផ្តល់ជូនគម្រោងនីមួយៗ គឺ១. ជើងយន្តហោះអន្តរជាតិពីកម្ពុជាទៅបារាំង, ២៖ ទីកន្លែងស្នាក់នៅ និង ៣៖ ប្រាក់បំណាច់និងការធ្វើដំណើរក្នុងស្រុក។

សម្រាប់កម្ពុជា មូលនិធិការស្រាវជ្រាវ គំនិតច្នៃប្រឌិត និងនវានុវត្តន៍ នឹងឧបត្ថម្ភសម្រាប់ សមភាគីកម្ពុជាដែលត្រូវធ្វើដំណើរទៅប្រទេសបារាំង ដោយអនុលោម តាមបទដ្ឋាននិងនីតិវិធីហិរញ្ញវត្ថុដែលមានជាធរមាន។

ជាគោលការណ៍ចម្បង គឺកម្មវិធីភាពជាដៃគូ Huber Quien «ទន្លេសាប» នៅពេលដែលសមភាគី បារាំងបានមកដល់កម្ពុជា ហើយសមភាគីកម្ពុជាបានទៅដល់បារាំង ពួកគេអាចធ្វើការរួមគ្នាដោយផ្ទាល់នៅលើទីវាល មន្ទីរពិសោធន៍ការជួបប្រាស្រ័យទាក់ទងនឹងស្ថាប័នពាក់ព័ន្ធដទៃ ក៏ដូចជាការរួមគ្នាបង្កើតគម្រោងស្រាវជ្រាវ ដែលរឹងមាំមួយសម្រាប់អនុវត្តនាពេលអនាគត៕