(ភ្នំពេញ)៖ អនុវត្តតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា, លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាព្រឹកព្រលឹមថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២នេះ បានបញ្ចេញរថយន្តក្រុងចំនួន១៧៥គ្រឿង ព្រមទាំងចុះដោយផ្ទាល់ ដើម្បីជូនដំណើរប្រជាពលរដ្ឋ កម្មករ កម្មការនី សិស្សនិសិ្សត ដែលធ្វើដំណើរទៅលេងស្រុកកំណើតតាមរយៈរថយន្តក្រុង ដែលបានរៀបចំរួចជាស្រេច សម្រាប់ដឹកជញ្ជូនបងប្អូនទៅលេងស្រុកកំណើតរយៈពេល៥ថ្ងៃ គឺចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ ដោយមិនមានការបង់ប្រាក់ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ។

រថយន្តក្រុងទាំង១៧៥គ្រឿង របស់រដ្ឋបាលរាជធានីភ្នំពេញ ត្រូវបានបែងចែកសម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋចេញពីរាជធានីភ្នំពេញ តាមច្រកចេញចូលរាជធានីភ្នំពេញ គឺតាមតម្រាយផ្លូវជាតិទាំង៦ ចេញទៅបណ្តាខេត្តក្រុងនានា ចំនួន១២០គ្រឿង។ សូមបញ្ជាក់ថា សម្រាប់ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញ បានប្រើប្រាស់រថយន្តចំនួយ៥៥គ្រឿង។ ការចេញដំណើរចាប់ពីម៉ោង៥និង៣០នាទីព្រឹកថ្ងៃទី២៣ កញ្ញានេះ។

លោក ឃួង ស្រេង បានថ្លែងថា៖ «ដោយអនុវត្តតាមអនុសាសន៏របស់សម្តេចតេជោ ហ៊ុន សែន រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជូនរថយន្តក្រុងចំនួន១៧៥គ្រឿង ទៅ១៨០គ្រឿង ចាំដឹកបងប្អូនប្រជាពលរដ្ឋ ទៅស្រុកកំណើតតាមបណ្តាខេត្ត ក្រុងនានា ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ ដោយមិនយកប្រាក់ទាំងទៅទាំងមក។ នេះជាការគិតគូរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការសម្រាលការចំណាយរបស់បងប្អូនប្រជាពលរដ្ឋយើងក្នុងពេលទៅលេងស្រុកកំណើតនាឱកាសនេះ»

នាឱកាសនោះដែរ លោក ឃួង ស្រេង បានបន្តថា ការអនុវត្តការដឹកជញ្ជូនប្រជាពលរដ្ឋដោយរថយន្តក្រុងដោយមិនយកប្រាក់ ក៏ជាការរួមចំណែកកាត់បន្ថយការ តម្លើងថ្លៃរថយន្តដឹកជញ្ជូនអ្នកដំណើររបស់ក្រុមហ៊ុនដឹកអ្នកដំណើរមួយចំនួន ដែលតែងតម្លើងថ្លៃធ្វើដំណើរនៅពេលមានបុណ្យទានម្តងៗ។

លោកបន្ថែមទៀតថា៖ «ភ្ជុំឆ្នាំនេះ យើងឃើញបងប្អូនប្រជាពលរដ្ឋ បានសំរុកទៅលេងស្រុកកំណើត តាមរយៈរថយន្តក្រុងដឹកអ្នកដំណើររបស់រដ្ឋបាលរាជធានីភ្នំពេញមានសន្ទុះកើនឡើង ដោយបងប្អូនបានយល់ឃើញថា រថយន្តក្រុងដឹកអ្នកដំណើររបស់យើងងាយស្រួលជិះ, មានផាសុខភាព, មានសុវត្ថិភាព និងជិះមិនបង់ប្រាក់ថែមទៀត»។

តាមរយៈលោក ឃួង ស្រេង បងប្អូនប្រជាពលរដ្ឋ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់សម្តេចតេជោ ហ៊ុន សែន ដែលជានិច្ចកាលតែងបានគិតគូរពីសុខទុក្ខប្រជាពលរដ្ឋ គ្រប់កាលៈទេសៈ ពិសេសនៅពេលប្រជាពលរដ្ឋជួប ការលំបាកគឺមានសម្តេចនៅក្បែរបងប្អូនជានិច្ច៕