(ភ្នំពេញ)៖ សហភាពសហជីពការងារកម្មករកម្ពុជា (CWLCU) បង្ហាញការគាំទ្រស្រុងចំពោះការសម្រេចរបស់រាជរដ្ឋាភិបាល និងភាគីពាក់ព័ន្ធ ក្នុងការផ្តល់ប្រាក់ឈ្នួលអប្បបរមា ២០០ដុល្លារ ជូនដល់កម្មករ និយោជិត ក្នុងវិស័យវេយណភណ្ឌ និងកាត់ដេរសម្រាប់ឆ្នាំ២០២៣។

ក្នុងញត្តិគាំទ្រធ្វើឡើងកាលពីថ្ងៃទី២១ ខែកញ្ញា សហភាពសហជីពការងារកម្មករកម្ពុជា ដែលមានសមាជិកជាង ២ម៉ឺននាក់ មកពីវិស័យវាយនភណ្ឌកាត់ដេរ ផលិតស្បែកជើង និងកាបូប បានចូលរួមអបអរសារទរជាមួយកម្មករ និយោជិត ដែលទទួលបានប្រាក់ឈ្នួលអប្បរមាថ្មីចំនួន ២០០ដុល្លារ សម្រាប់កម្មករពេញសិទ្ធិ និងចំនួន ១៩៨ដុល្លារ សម្រាប់កម្មករសាកល្បង។

សហភាពសហជីពការងារកម្មករកម្ពុជា បានគាំទ្រពេញទំហឹងចំពោះសេចក្ដីថ្លែងការណ៍របស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា។

សហភាពសហជីពការងារកម្មករកម្ពុជា ក៏បានថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជា ចំពោះការបន្ថែមប្រាក់ ២ដុល្លារ ដើម្បីឱ្យប្រាក់ឈ្នួលអប្បបរមារបស់កម្មករ និយោជិត បានគ្រប់ ២០០ដុល្លារ។ សហភាពសហជីពការងារកម្មករកម្ពុជា ចាត់ទុកការបន្ថែមនេះ គឺជាការគិតគូរយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខទុក្ខរបស់កម្មករ និយោជិតទូទាំងប្រទេសកម្ពុជា។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីថ្ងៃទី២១ ខែកញ្ញា បានប្រកាសឱ្យដឹងថា កម្មករ និយោជិតក្នុងវិស័យវេយណភណ្ឌ និងកាត់ដេរទទួលបានប្រាក់ឈ្នួលអប្បបរមាចំនួន ២០០ដុល្លារ សម្រាប់ឆ្នាំ២០២៣។ ដោយឡែកកម្មករ និយោជិតសាកល្បងទទួលបាន ១៩៨ដុល្លារ៕