(ត្បូងឃ្មុំ)៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានអំពាវនាវដល់អាជ្ញាធរគ្រប់ទីកន្លែងត្រូវជួយសម្រួល និងបង្កលក្ខណៈងាយស្រួល ជូនដល់ប្រជាពលរដ្ឋនៅក្នុងឱកាសបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្យ ព្រមទាំងការដំណើរកម្សាន្តជួបជុំក្រុមគ្រួសារនានាជាដើម។

ការអំពាវនាវបែបនេះ របស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានធ្វើឡើងក្នុងឱកាសដែលសម្តេចរួមទាំងបុត្រាបុត្រី ចៅប្រុសចៅស្រី សមាជិកសមាជិការដ្ឋសភា ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងប្រជាពុទ្ធបរិស័ទចំណុះជើងវត្ត បានប្រារព្ធពិធីកាន់បិណ្ឌទី១៣ នៅវត្តថ្កូវ ស្ថិតក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ តាមពិធីទំនៀបទម្លាប់ព្រះពុទ្ធសាសនា។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងប្រជាពុទ្ធបរិស័ទទាំងអស់បានបូជាទៀន ធូប ផា្កភ្ញីថ្វាយចំពោះព្រះរតនត្រៃ រាប់បាត្រ ព្រមទាំងបាននាំយកនូវទេយ្យទាន គ្រឿងឧបភោគ បរិភោគ ភេសជ្ជៈ បច្ច័យប្រគេនព្រះសង្ឃ ឧទ្ទិសកុសលផលបុណ្យជូនទៅដល់វិញ្ញាណក្ខន្ធបុព្វការីជនមាន មាតាបិតា ជីដូនជីតា និងញាតិការទាំង ៧សន្ដាន និងឥស្សរជន វីរជន យុទ្ធជន ដែលបានលះបង់ជីវិត ដើម្បីបុព្វហេតុជាតិ និងប្រជាជនសូមឱ្យដួងវិញាណក្ខន្ធអស់លោកនោះបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

បុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យមួយដែលធំជាងគេ នៅក្នុងចំណោមពិធីបុណ្យទាំងអស់ ចំពោះអ្នកកាន់ព្រះពុទ្ធសាសនា។ ជារៀងរាល់ឆ្នាំនៅពេលដល់ថ្ងៃខែ ដែលត្រូវប្រារព្ធ ពិធីបុណ្យភ្ជុំបិណ្ឌ គ្រប់បងប្អូនកូនចៅ សាច់ញាតិសន្ដានទាំងអស់ ទោះនៅទីជិត ឬទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេសឪពុកម្ដាយនៅស្រុកកណើត ដើម្បីរៀបចំម្ហូបអាហារ បាយសម្ល ចង្ហាន់យកទៅប្រគេនព្រះសង្ឃ ដែលគង់នៅវត្តអារាម។ ទាំងនេះគឺជាទម្លាប់មួយដែលគេនិយមធ្វើតៗគ្នា របស់ជនជាតិខ្មែរជាយូរមកហើយ។

ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌឆ្នាំ២០២២នេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ ១៥រោច ខែភទ្របទ ត្រូវនឹងថ្ងៃទី១១ ដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២២។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានជូនពរដល់ប្រជាពលរដ្ឋទំាងអស់ជូបតែសេក្តីសុខ សេចក្តីចម្រើនគ្រប់ក្រុមគ្រួសារ។ រាល់ការធ្វើដំណើរជិតឆ្ងាយនៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះជួបតែសុខ សុវត្ថិភាព ដោយគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា និងចេះអព្យាស្រ័យគ្នាទៅវិញទៅមក៕