(ឡាវ)៖ នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៃសមាគមសន្តិសុខសង្គមអាស៊ានលើកទី៣៩ (The 39th ASSA Board Meeting) នាថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះ លោកបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. តំណាង លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកបេឡាជាតិសន្តិសុខសង្គម បានទទួលពានរង្វាន់ផ្នែកនវានុវត្តន៍ក្នុងការដាក់ឱ្យប្រើកម្មវិធី NSSF Member App សម្រាប់សមាជិក ប.ស.ស. ពីលោក Indrajid Nurmukti អគ្គលេខាធិការនៃសមាគមសន្តិសុខសង្គមអាស៊ាន តំណាង លោក Anggoro Eko Cahyo ប្រធានសមាគមសន្តិសុខសង្គមអាស៊ានក្នុងអាណត្តិ ២០២១-២០២២នេះ។

ការវាយតម្លៃផ្តល់ពានរង្វាន់ឧត្តមមានុវត្តន៍ក្នុងការដាក់ឱ្យប្រើកម្មវិធី NSSF Member App ពីគណ:កម្មការវាយតម្លៃ នៃសមាគមសន្តិសុខសង្គមអាស៊ាន គឺជាមោទកភាពថ្មីមួយទៀតរបស់ ប.ស.ស. កម្ពុជា ហើយនេះក៏ជាពានរង្វាន់លើកទី៧ ដែរ ដែល ប.ស.ស. កម្ពុជា ទទួលបានក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៃសមាគមសន្តិសុខសង្គមអាស៊ាន លើការបំពេញការងារប្រកបដោយភាពជោគជ័យក្នុងការអនុវត្តរបបសន្ដិសុខសង្គមជូនដល់សមាជិករបស់ខ្លួន។

កម្មវិធី NSSF Member App គឺជាការបោះជំហានបច្ចេកវិទ្យាថ្មី ដែលអនុញ្ញាតឱ្យសមាជិក ប.ស.ស. ទាំងអស់អាចពិនិត្យមើលព័ត៌មានផ្ទាល់ខ្លួន ពិនិត្យមើលភាគទានប្រចាំខែ របាយការណ៍ចូលប្រើប្រាស់សេវាព្យាបាលនៅតាមមន្ទីរពេទ្យដៃគូ អាសយដ្ឋាន ប.ស.ស.ស្នាក់ការកណ្តាល និងសាខា អាសយដ្ឋានមន្ទីរពេទ្យដៃគូ ប.ស.ស. ។

កិច្ចប្រជុំក្រុមប្រឹក្សាភិបាលត្រូវបានរៀបចំឡើងផ្លាស់វេនជារៀងរាល់ឆ្នាំ ដោយឡែកសម្រាប់អាណត្តិ ២០២១-២០២២ កិច្ចប្រជុំបានផ្ដោតលើគោលបំណងសំខាន់ៗរួមមាន៖ ១៖ ពិនិត្យ និងអនុម័តលើកំណត់ហេតុនៃកិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៃសមាគមសន្តិសុខសង្គមអាស៊ានលើកទី៣៨ (The 38th ASSA Board Meeting) ២៖ ផ្ទេរតំណែងប្រធានសមាគមសន្តិសុខសង្គមអាស៊ាន (ASSA Chairman) អនុប្រធានសមាគមសន្តិសុខសង្គម (ASSA Vice Chairman) និងអគ្គលេខាធិការនៃសមាគមសន្តិសុខសង្គមអាស៊ាន (ASSA Secretary-General) ក្នុងអាណត្តិ ២០២២-២០២៣, ៣៖ ពិនិត្យ និងអនុម័តលើផែនការសកម្មភាពរបស់សមាគមសន្តិសុខសង្គមអាស៊ានសម្រាប់ឆ្នាំ ២០២២-២០២៣, ៤៖ ពិនិត្យ និងអនុម័តលើប្រធានបទសម្រាប់កិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៃសមាគមសន្តិសុខសង្គមអាស៊ានលើកទី៤០ (The 40th ASSA Board Meeting) និង ៥៖ ពង្រឹងកិច្ចសហការកាន់តែប្រសើររវាងស្ថាប័នសន្តិសុខសង្គមជាសមាជិក។

ជាលទ្ធផលនៃកិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៃសមាគមសន្តិសុខសង្គមអាស៊ានលើកទី៣៩ (The 39th ASSA Board Meeting) នេះ លោកស្រី Keo Chanthavixay អគ្គនាយក នៃអង្គភាពសន្តិសុខសង្គមឡាវ (LSSO) នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ត្រូវបានតែងតាំងជាប្រធានសមាគមសន្តិសុខសង្គមអាស៊ានក្នុងអាណត្តិ ២០២២-២០២៣ លោក Datuk Seri Amir Hamzah Azizan នាយកប្រតិបត្តិនៃមូលនិធិសន្និច្ច័យសម្រាប់កម្មករនិយោជិត (EPF) នៃប្រទេសម៉ាឡេស៊ី ត្រូវបានតែងតាំងជាអនុប្រធានសមាគមសន្តិសុខសង្គមអាស៊ានក្នុងអាណត្តិ ២០២២-២០២៣ និងលោកស្រី Bouahome Phommachanh អគ្គនាយករង នៃអង្គភាពសន្តិសុខសង្គមឡាវ (LSSO) នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ត្រូវបានតែងតាំងជាអគ្គលេខាធិការនៃសមាគមសន្តិសុខសង្គមអាស៊ានក្នុងអាណត្តិ ២០២២-២០២៣។

សូមបញ្ជាក់ផងដែរថា៖ កិច្ចប្រជុំខាងលើ ត្រូវបានរៀបចំឡើងដោយអង្គភាពសន្តិសុខសង្គមឡាវ (LSSO) នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្នុងនាមជាប្រធានផ្លាស់វេនសមាគមសន្តិសុខសង្គមអាស៊ាន (ASSA) ដោយមានការចូលរួមពីសមាជិកនៃសមាគមសន្តិសុខសង្គមអាស៊ាន (ASSA) ចំនួន ១០០រូប មកពីបណ្តាប្រទេសអាស៊ានចំនួន១០ រួមមាន ប្រុយណេ កម្ពុជា ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ានម៉ា ហ្វីលីពីន សឹង្ហបុរី ថៃ និងវៀតណាម៕