(ភ្នំពេញ)៖ ប្រធានផ្សារដេប៉ូ និងមន្ត្រីការិយាល័យច្រកចេញចូលតែមួយ រដ្ឋបាលខណ្ឌទួលគោក ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅផ្ទះ និងនៅមន្ទីរពេទ្យព្រះកុសុមៈ ហៅពេទ្យលោកសង្ឃ បានទទួលថវិកា ដើម្បីសម្រាលបន្ទុកជីវភាពមួយចំនួន ពីក្រុមការងារអនុសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខណ្ឌ និងលោកស្រីប្រធានសមាគមនារីផ្សារ ដឹកនាំដោយលោកស្រី អាន ផល្លា សមាជិកាសាខាសមាគមនារី រាជធានីភ្នំពេញ ដែលជាការយកចិត្តទុកដាក់ពីសំណាក់លោក ជា ពិសី អភិបាលខណ្ឌ។ នេះបើយោងតាមរបាយការណ៍ ដែលអ្នកយកព័ត៌មានអង្គភាព Fresh News ទទួលបាននៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២២។

លោកស្រី អាន ផល្លា និងក្រុមការងារ ស្ថិតនៅក្នុងឱកាសនៃសមាណចិត្តនេះ ក្រៅពីសូមជូនពរឲ្យលោក សេង សារ៉ន ប្រធានផ្សារដេប៉ូ និងលោក សុខ មុនីឧត្តម មន្ត្រីការិយាល័យច្រកចេញចូលឆាប់ធូរស្រាល និងឆាប់ជាសៈស្បើយពីជម្ងឺ, លោកស្រីក៏បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខ យ៉ាងយកចិត្តទុកដាក់ ពីសំណាក់លោក ជា ពិសី ដើម្បីឲ្យថែទាំសុខភាពឲ្យបានល្អប្រសើរ តាមរយៈការបរិភោគអាហារទៀងទាត់ និងមានអនាម័យជានិច្ច និងការសម្រាកឲ្យបានច្រើន ដើម្បីឈានទៅរកភាពប្រក្រតីឡើងវិញ ក្នុងការបន្តចូលបម្រើការងារជូនប្រជាពលរដ្ឋ៕