(ភ្នំពេញ)៖ លោក វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣នេះ បានលើកឡើងថា ការបោះលក់មូលបត្របំណុល មិនមែនរដ្ឋខ្វះលុយទេ តែជាការសាកល្បងយន្តការទីផ្សារមូលបត្រ ដើម្បីឈានទៅរកពេលអនាគត ប្រើប្រាស់បំណុលសាធារណៈក្នុងស្រុក កុំពឹងផ្អែកតែបំណុលពីបរទេស។

ការលើកឡើងរបស់លោក វង្សី វិស្សុត ធ្វើឡើងក្នុងវេទិកាសាធារណៈ ស្តីពីគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។

លោកបានថ្លែងថា ការបោះលក់មូលបត្របំណុលរបស់រដ្ឋ ក្នុងឆ្នាំ២០២២ គ្រោងបោះលក់ ៣០០លានដុល្លារ ប៉ុន្ដែជាក់ស្ដែងបានតែជិត ២០លានដុល្លារប៉ុណ្ណោះ ចំពោះការបោះផ្សាយបានតិចត្រឹមតែជិត ២០លានដុល្លារនេះ មិនបានប៉ះពាល់ដល់ការចំណាយថវិកាឆ្នាំ ២០២២នោះឡើយ។

លោកបញ្ជាក់ថា «ការបោះលក់មូលបត្របំណុលនេះ តាមពិតយើងអត់ត្រូវការលុយប៉ុន្មានទេ យើងចង់សាកល្បងយន្តការ នៃប្រព័ន្ធប្រតិបត្តិទីផ្សារមូលបត្ររបស់យើងទេ ដើម្បីគោលដៅទី១ ចង់ពីដំណើរការនៃយន្តការនេះ និងទី២ នៅថ្ងៃក្រោយវាក្លាយជាគោលមួយ សម្រាប់ធ្វើមូលបត្របំណុលឯកជន ដែលជាគោលដៅរយៈពេលវែង យើងចង់ធ្វើពិពិធកម្មបំណុលរបស់យើង កុំឲ្យពឹងទៅលើក្រៅប្រទេសពេក ព្រោះក្នុងស្រុកយើងក៏មានសល់លុយច្រើនដែរ»។

សូមជម្រាបថា រាជរដ្ឋាភិបាលបានសាកល្បង បោះផ្សាយលក់មូលបត្ររដ្ឋ ជាលើកដំបូងនៅឆ្នាំ២០២២ ក្នុងតម្លៃ៣០០លានដុល្លារ ដោយប្រើប្រាស់យន្តការរបស់ធនាគារជាតិនៃកម្ពុជា ក្នុងការប្រកាសដាក់ចេញថ្លៃ។ ក្នុងឆ្នាំ២០២២ ការប្រកាសដេញថ្លៃលក់មូលបត្ររដ្ឋ សម្រេចបានទឹកប្រាក់តែជិត ២០លានដុល្លារប៉ុណ្ណោះ។

ជាមួយគ្នានេះ នៅឆ្នាំ២០២៣នេះ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសបន្តបោះផ្សាយលក់មូលបត្ររដ្ឋ ក្នុងទំហំទឹកប្រាក់ ២០០លានដុល្លារ៕