(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានកណ្ដាលសន្តិសុខ រួមជាមួយសហការី បានបញ្ចប់ដំណើរបំពេញទស្សនកិច្ចសិក្សាដកពិសោធន៍ការងារ លើកិច្ចការពារព្រឹត្តិការណ៍កីឡាធំៗ និងការអនុវត្តប្រព័ន្ធការងាររបស់នគរបាលមូលដ្ឋាន (KOBAN) រយៈពេល៣ថ្ងៃ នៅប្រទេសជប៉ុន កាលពីថ្ងៃទី២៣-២៦ ខែមករា ឆ្នាំ២០២៣។

ការអញ្ជើញបំពេញទស្សនកិច្ចខាងលើ គឺបានដកពិសោធន៍លើការងារការពារព្រឹត្តិការណ៍កីឡាអូឡាំពិក (TOKYO 2020) ដែលទីភ្នាក់ងារនគរបាលជាតិជប៉ុន បានអនុវត្តកន្លងទៅ ដើម្បីសិក្សាយកចំណុចល្អៗមកអនុវត្ត ក្នុងការការពារព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ (SEA GAMES 2023) និងកីឡាជនពិការអាស៊ីអាគ្នេយ៍ (ASEAN PARA GAMES 2023) ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះក្នុងខែឧសភា ខាងមុននេះ។ ទន្ទឹមនេះ ប្រតិភូកម្ពុជា ក៏បានចុះសិក្សាអំពីប្រព័ន្ធនគរបាលមូលដ្ឋាននៅក្នុងប្រទេសជប៉ុនផងដែរ។

អំឡុងពេល នៃដំណើរទស្សនិច្ចនេះប្រតិភូកម្ពុជា បានចូលជួបសម្ដែងការគួរសមជាមួយលោក YASUHIRO TSUYUKI អគ្គស្នងការ នៃទីភ្នាក់ងារនគរបាលជាតិជប៉ុន។ ភាគីទាំងពីរបានលើកឡើងអំពីទំនាក់ទំនង នៃកិច្ចសហ ប្រតិបត្តិការល្អ ដែលមិនត្រឹមតែលើវិស័យនគរបាលប៉ុណ្ណោះទេ ក៏ប៉ុន្តែគឺគ្រប់វិស័យតែម្ដង។

តាមរយៈកត្តាសន្តិភាព ស្ថិរភាពនយោបាយ និងលំនឹងសេដ្ឋកិច្ចរបស់កម្ពុជា អ្នកវិនិយោគទុនជប៉ុន បានចូលមកកម្ពុជាកាន់តែច្រើន ដែលឆ្លៀតឱកាសនោះ ភាគីនគរបាលកម្ពុជាបានលើកឡើងអំពីការយកចិត្តទុកដាក់ ខ្ពស់របស់សមត្ថកិច្ចកម្ពុជា លើការការពារសន្តិសុខ សុវត្ថិភាព និងការដោះស្រាយបញ្ហា ជូនដល់អ្នកវិនិយោគទុនជប៉ុន ក៏ដូចជាអ្នកវិនិយោគគ្រប់ជាតិសាសន៍ទាំងអស់។

ក្នុងឱកាសនោះដែរឧត្តមសេនីយ៍ឯក ឌី វិជ្ជា ក៏បាននាំយកលិខិតថ្លែងអំណរគុណរបស់នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិកម្ពុជា ជូនដល់អគ្គស្នងការទីភ្នាក់ងារនគរបាលជាតិជប៉ុន ដោយអរគុណចំពោះកិច្ចសម្របសម្រួលលើគម្រោងជំនួយសម្ភាររបស់រដ្ឋាភិបាលជប៉ុន ដែលផ្ដល់ឱ្យនគរបាលជាតិកម្ពុជា សម្រាប់ការការពារសន្តិសុខ និងសុវត្ថិភាពក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងកិច្ចប្រជុំពាក់ព័ន្ធលើកទី៤១ ដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះកាលពីពេលកន្លងទៅ។

គួររម្លឹកថា ឆ្នាំ២០២៣ គឺជាខួបអនុស្សាវរីយ៍លើកទី ៧០ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជា និងជប៉ុន ហើយជប៉ុន គឺជាប្រទេសមួយដែលបានចូលរួមក្នុងបេសកម្ម ប្រតិបត្តិការរក្សាសន្តិភាព (PKO) នៅកម្ពុជា ដែលជាប្រតិបត្តិការចេញក្រៅប្រទេសលើកទី១ របស់កងកម្លាំងស្វ័យការពារជប៉ុន ក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ៕