(កំពង់ស្ពឺ)៖ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានជំរុញឱ្យប្រជាពលរដ្ឋធ្វើការដាំដុះបន្លែ បន្ថែមពីលើការធ្វើស្រែចម្ការ ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុក។ លោកថា ការខិតខំដាំដុះនេះបានផ្តល់នូវផលចំណេញ ដោយមិនត្រឹមតែសម្រាប់បំពេញតម្រូវការហូបចុកក្នុងក្រុមគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែវាអាចលក់ចេញទៅកាន់ទីផ្សារ ដើម្បីទទួលបានប្រាក់ចំណូលបន្ថែមសម្រាប់ផ្គត់ផ្គង់ជីវភាពក្រុមគ្រួសារ ជាងនេះទប់ទល់បានមួយចំណែក ក្នុងស្ថានភាពកូវីដ១៩ រាលដាលនេះផង។

ការជំរុញបែបនេះរបស់លោកអភិបាលខេត្ត បានធ្វើឡើងគ្រាដែលលោកដឹកនាំក្រុមការងារចុះពិនិត្យការដាំដុះបន្លែរបស់សហគមន៍អមលាំងស្ថិតក្នុងស្រុកថ្ពង ខេត្តកំពង់ស្ពឺ នារសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣។

អភិបាលខេត្តកំពង់ស្ពឺ បានលើកឡើងថា រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងកសិកម្ម រួមទាំងរដ្ឋបាលខេត្ត បានលើកទឹកចិត្តបងប្អូនប្រជាកសិករឱ្យពង្រីកការចិញ្ចឹមសត្វ ធ្វើស្រែ និងដាំដំណាំផ្សេងៗទៀតដើម្បីផ្គត់ផ្គង់ដល់ទីផ្សារ ពិសេសទទួលបានប្រាក់ចំណូលបន្ថែមទៀត។

លោកបានលើកឡើងថា «សព្វថ្ងៃនេះ រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងកសិកម្ម បានខិតខំប្រឹងប្រែងក្នុងការចងក្រងឯកសារ ដើម្បីបណ្តុះបណ្តាលដល់សហគមន៍កសិករ ហើយក៏បានជួយផ្តល់អ្នកជំនាញទៅបណ្តុះបណ្តាល ដល់មូលដ្ឋានផ្ទាល់ផងដែរ ធ្វើយ៉ាងម៉េចឱ្យការដាំដុះរបស់បងប្អូនទទួលបានផលច្រើន ចំណាយតិច ហើយមានសុវត្ថិភាពដល់អ្នកប្រើប្រាស់ក៏ដូចជាអ្នកដាំផ្ទាល់ និយាយជារួមគឺឱ្យកសិករធ្វើការដាំដុះកាត់បន្ថយការប្រើប្រាស់ជីគីមី»

ជុំវិញការលើកទឹកចិត្តឱ្យមានការដាំដុះនេះលោក សួង វេង ប្រធានសហគមន៍ផ្សារបន្លែអមលាំង បានលើកឡើងថា លោកក៏ដូចសមាជិកសហគមន៍ បានធ្វើការដាំដុះបន្លែសុវត្ថិភាពរយៈពេល៣ឆ្នាំមកហើយ។ ជីវភាពគ្រួសារ និងការសិក្សារបស់កូនៗមួយផ្នែកធំបានពឹងផ្អែកទៅលើការដាំដុះនេះ។

លោកបានបន្តថា បច្ចុប្បន្នទីផ្សារបន្លែល្អ ដាំបានគឺឈ្មួញកណ្តាលប្រមូលយកអស់ៗ មានពេលខ្លះសហគមន៍របស់លោកសឹងតែផលិតមិនទាន់សម្រាប់បំពេញទីផ្សារថែមទៀតផង ដោយក្នុងនោះបន្លែទាំងអស់ដែលផលិតបាន ក្រៅតែពីលក់ ក្នុងមូលដ្ឋានគឺមួយចំនួនធំត្រូវនាំទៅផ្គត់ផ្គង់ទីផ្សារនៅឯរាជធានីភ្នំពេញ ពិសេសនៅតាមផ្សារទំនើបនានា។

ជាមួយនឹងទីផ្សារល្អ លោក សួង វេង ក៏បានបង្ហាញនូវអារម្មណ៍រីករាយផងដែរ ខណៈដែលតម្លៃនៃបន្លែលក់បានថ្លៃគួរសម ដោយសព្វថ្ងៃលោកអាចលក់ ស្ពៃក្រញ៉ាញ់ ស្ពៃតឿ ក្នុងមួយគីឡូក្រាម ៤០០០រៀល រីឯសាឡាត់អាចលក់បានលើសពីនេះគឺលក់បានចាប់ពី៥០០០រៀល ទៅ៦០០០រៀល ក្នុងមួយគីឡូក្រាម ហើយការដាំត្រឹមតែមួយខែប៉ុណ្ណោះអាចប្រមូលផលបានជាង ២តោន៕