(ក្រចេះ)៖ លោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណ:កម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ បានអញ្ជើញធ្វើបទបាឋកថាស្ដីពី «ភាពជាអ្នកដឹកនាំ នវានុវត្តន៍ និងគុណាធិបតេយ្យ ក្នុងរដ្ឋបាលសាធារណៈ» ជូនដល់និស្សិត នៅសកលវិទ្យាល័យក្រចេះ ក្រុងក្រចេះ។

ពិធីនេះបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១៨ ខែមិនា ឆ្នាំ២០២៣ ដោយមានការចូលរួមពីសំណាក់ លោក លោកស្រី ថ្នាក់ដឹកនាំ នៃក្រសួងមុខងារសាធារណៈ ព្រមទាំងគណៈគ្រប់គ្រង សាស្ត្រាចារ្យ សង្ឃនិសិ្សត និស្សិតសកលវិទ្យាល័យក្រចេះ និងយុវជនសរុបមានអ្នកចូលរួមចំនួនជាង៤០០ អង្គ/នាក់។

បន្ទាប់ពីមតិស្វាគមន៍របស់លោកបណ្ឌិត ងី ឡាយមិថុនា សាកលវិទ្យាធិការនៃសាកលវិទ្យាល័យក្រចេះ រួចមកបទបាឋកថារបស់លោករដ្ឋមន្ត្រី ព្រុំ សុខា ត្រូវបានចាប់ផ្តើមធ្វើ តាមរយ:បទបង្ហាញពី «ភាពជាអ្នកដឹកនាំ នវានុវត្តន៍ និងគុណាធិបតេយ្យក្នុងរដ្ឋបាលសាធារណៈ» ដោយក្នុងនោះលោករដ្ឋមន្ត្រី បានគូសបញ្ជាក់ជូនអ្នកចូលរួមទាំងអស់ពីសារៈសំខាន់នៃភាពជាអ្នកដឹកនាំសម្រាប់ជីវិតរស់នៅរបស់មនុស្សគ្រប់រូប ទាំងមន្រ្តីរាជការ កម្មករ កសិករ សិស្ស និសិ្សត និងប្រជាពលរដ្ឋដើម្បីដឹកនាំជីវិត និងការងារឆ្ពោះទៅកាន់អនាគតរៀងៗខ្លួន។

លោករដ្ឋមន្រ្តី បានចែករំលែកដោយផ្សាភ្ជាប់ទ្រឹស្តីជាមួយបទពិសោធន៍ការងារដែលលោកបានឆ្លងកាត់ ក្នុងនាមជាអ្នករដ្ឋបាលបម្រើការងារសាធារណៈ រយះពេលជាង៤០ឆ្នាំកន្លងមក ដើម្បីពុះពារជំនះដោះស្រាយរាល់ការងារលំបាកស្មុគស្មាញឱ្យដំណើរការជាប្រក្រតី មានភាពធន់ រលូន ដើរទាន់ការវិវត្តប្រែប្រួលសភាពការណ៍នៃសម័យកាល។

តាមរយៈនៃការធ្វើបាឋកថានេះ លោករដ្ឋមន្រ្តីក៏បានគូសបញ្ជាក់ច្បាស់ពីវឌ្ឍនភាពថ្មីៗនៃកំណែទម្រង់រដ្ឋបាលសាធារណៈ ក្រោមមគ្គុទេសថ្លៃថ្លានិងដោយផ្ទាល់របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានធ្វើឱ្យប្រទេសកម្ពុជារួចចាកផុតពីសង្គ្រាម ពីការបែកបាក់ជាតិ នាំសង្គមជាតិកម្ពុជា មកកាន់សុខសន្តិភាព ឯកភាពជាតិ និងមានការអភិវឌ្ឍ ជាពិសេសភាពជោគជ័យរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចតេជោ ហ៊ុន សែន ជាប្រមុខក្នុងការប្រយុទ្ធឈ្នះកូវីដ-១៩ នាំសង្គមជាតិ មកកាន់ប្រក្រតីធម្មតាឡើងវិញដូចសព្វថ្ងៃ។ សមទ្ធិផលទាំងនេះជាការអះអាងយ៉ាងប្រត្យក្សថា គណបក្សប្រជាជនកម្ពុជា និងសម្តេចតេជោ ជានិមិត្តរូបនៃការផ្លាស់ប្តូរនៅកម្ពុជា។

ចុងបញ្ចប់ លោក ព្រុំ សុខា បានសម្តែងនូវក្តីសង្ឃឹមយ៉ាងមុតមាំថា បាឋកថានេះ នឹងរួមចំណែកផ្តល់ជាចំណេះដឹង និងបទពិសោធន៍ សម្រាប់និស្សិតទាំងអស់ ជាពិសេសយល់កាន់តែច្បាស់មួយកម្រិតទៀតពីសារ:សំខាន់នៃការផ្តល់សេវាសាធារណៈ និងការបម្រើសេវាសាធារណៈ ដើម្បីលើកកម្ពស់ប្រសិទ្ធភាព និងការបង្ខិតសេវាសាធារណៈជាតម្រូវការចាំបាច់នានាឲ្យខិតកាន់តែភ្ជាប់ជិតស្និទរវាងអ្នកបម្រើសេវា និងអតិថិជនអ្នកទទួលសេវាគឺប្រជាពលរដ្ឋ៕