(បន្ទាយមានជ័យ)៖ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ រួមជាមួយក្រុមកាងារសាខាកាកបាទក្រហមកម្ពុជាខេត្ត និងលោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ នៅព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ បាននាំយកអំណោយ និងថវិកាចូលរួមរំលែកទុក្ខគ្រួសារសព២នាក់ប្តីប្រពន្ធ ដែលបានស្លាប់ក្នុងឧបទ្ទវហេតុគ្រោះរញ្ជួយដីនៅប្រទេសថៃ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥កន្លទៅ។

ក្នុងនាមរដ្ឋបាលខេត្តបន្ទាយមានជ័យ, លោក អ៊ុំ រាត្រី សម្តែងនូវសមានទុក្ខដ៏មហាក្រៀមក្រំបំផុត និងតក់ស្លុតក្នុងចិត្តជាអនេកប្បការចំពោះដំណឹងដ៏ក្រៀមក្រំ និងសម្តែងនូវសមានទុក្ខជាមួយក្រុមគ្រួសារនៃសព ចំពោះការទទួល មរណភាពរបស់លោក សាន់ សឿន និងលោកស្រី សុខ គឹមសី ដែលបានទទួលមរណភាព កាលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ ដោយឧបទ្ទវហេតុគ្រោះធម្មជាតិរញ្ជួយដី រលំបាក់អគារ នៅប្រទេសថៃ។

ក្រុមការងារបានឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធលោក សាន់ សឿន និងលោកស្រី សុខ គឹមសី បានសោយសុខក្នុងសុគតិភពកុំបី ឃ្លៀងឃ្លាតឡើយ។

នាឱកាសចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះ, លោក អ៊ុំ រាត្រី ក៏បានចូលបច្ច័យបុណ្យសពចំនួន ២លានរៀល និងសាខាកាកបាទក្រហមកម្ពុជាខេត្តចំនួន ២លានរៀល រួមនឹងអង្ករ គ្រឿងឧបភោគបរិភោគមួយចំនួនទៀតផង។ បច្ចុប្បន្ន សពត្រូវបានធ្វើបុណ្យនៅគេហដ្ឋាន ស្ថិតនៅភូមិតាម៉ា សង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័ន៕