(ក្រចេះ)៖ ភ្លៀងខ្យល់កន្ត្រាក់ និងរន្ទះបាញ់ បានបណ្ដាលឲ្យគោ៦ក្បាលងាប់ ក្នុងចំណោមគោ៨ក្បាល ដែលម្ចាស់ចងទុកនៅវាលស្រែ។ ឧបទ្ទវហេតុរន្ទះបាញ់សត្វគោ បានកើតឡើងនៅចំណុចភូមិដូនមាស ឃុំសំបូរ ស្រុកសំបូរ ខេត្តក្រចេះ នាល្ងាចថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥។
ពលរដ្ឋបានបញ្ជាក់ថា នៅពេលកើតហេតុ ម្ចាស់គោឈ្មោះ តូច សុផែន រស់នៅភូមិកែងប្រាសាទ ឃុំសំបូរ ស្រុកសំបូរ ខេត្តក្រចេះ បានយកសត្វគោរបស់ខ្លួនទៅចងទុកនៅរោងចាំស្រែ នៅចំណុចទីតាំងខាងលើ ហើយត្រឡាប់ទៅផ្ទះវិញ ខណៈមេឃកំពុងតែខ្យល់ភ្លៀងលាយឡំដោយរន្ទះបាញ់ បាញ់ត្រូវសត្វគោបណ្ដាលឲ្យងាប់ភ្លាមៗ ចំនួន៦ក្បាល។
នៅពេលកើតហេតុ សត្វគោធំៗទាំង៦ក្បាលនោះ វាបានចេញពីរោងចាំស្រែទៅស៊ីចំបើងនៅក្រោមដើមត្នោតក្បែរនោះ ក៏ត្រូវរន្ទះបាញ់ងាប់ទាំង៦ក្បាល។ ដោយឡែកពីរក្បាលតូចៗ ដេកនៅក្នុងរោងចាំស្រែ មិនមានបញ្ហាអីនោះទេ៕