(ភ្នំពេញ)៖ លោក ងុយ រិទ្ធ រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ បានសំណេះសំណាលជាមួយបងប្អូនប្រធានសហព័ន្ធសហជីពចំនួន ១៥១សហព័ន្ធ ប្រចាំខែឧសភា ដើម្បីបង្កើនភាពជាដៃគូរវាងក្រសួង និងថ្នាក់ដឹកនាំសហព័ន្ធសហជីព ក្នុងការទទួលបាននូវព័ត៌មានជាក់លាក់ ពីមូលដ្ឋានសហគ្រាស គ្រឹះស្ថានអំពីស្ថានភាពលក្ខខណ្ឌការងារ និងទំនាក់ទំនងវិជ្ជាជីវ: សំដៅពិនិត្យដោះស្រាយរាល់បញ្ហារបស់កម្មករនិយោជិត ក្នុងការងារបាននូវសិទ្ធិ និងអត្ថប្រយោជន៍ស្របច្បាប់ ជូនបងប្អូនកម្មករនិយោជិត។
លោករដ្ឋលេខាធិការ ងុយ រិទ្ធ បានលើកឡើងថា៖ «ការសំណេះសំណាលនេះ គឺដើម្បីពង្រឹងភាពជាដៃគូ ក៏ដូចជាបន្តចូលរួមជំរុញចលនាជាតិ សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ ដែលក្នុងឱកាសអបអរសាទរខួបលើកទី១៣៩ ទិវាពលកម្មអន្តរជាតិ សម្ដេចធិបតីបានប្រគល់ពានរង្វាន់ ជូនសហគ្រាសមួយជាសហគមន៍សុខសាន្តមួយចំនួន ៣៦សហគ្រាស ដែលអនុលោមតាមលក្ខណ:វិនិច្ឆ័យទាំង៨»។
លោករដ្ឋលេខាធិការ បានផ្ដាំផ្ញើដល់បងប្អូនសហព័ន្ធសហជីព ត្រូវយកចិត្តទុកដាក់ជួយដល់សមាជិកខ្លួន ប្រកបដោយតម្លាភាព និងវិជ្ជាជីវ: ហើយបន្តខិតខំពង្រឹងការកសាងសមត្ថភាពជួយដល់សមាជិក ប្រកបដោយវិជ្ជាជីវៈកាន់តែមានប្រជាប្រិយភាព ដែលធ្វើឱ្យបងប្អូនកម្មករនិយោជិតមានទំនុកចិត្ត ដែលប្រមុខរាជរដ្ឋាភិបាលតាំងពីអាណត្តិសម្តេចតេជោ រហូតមកដល់សម្ដេចធិបតី បានផ្ដល់ការយកចិត្តទុក្ខដាក់ខ្ពស់ ចំពោះបងប្អូនកម្មករនិយោជិតឱ្យទទួលបាននូវសិទ្ធិ និងអត្ថប្រយោជន៍ដ៏ច្រើន រួមទាំងអត្ថប្រយោជន៍សន្តិសុខសង្គម កិច្ចគាំពារ និងជំនាញវិជ្ជាជីវៈ ហើយដែលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: និងអាជ្ញាធរមូលដ្ឋានបាន និងកំពុងអនុវត្តនូវអនុសាសន៍ទាំងអស់ ប្រកបដោយប្រសិទ្ធភាព។
លោមកបានបន្ថែមថា រាជរដ្ឋាភិបាលបានធានា និងផ្ដល់ជូននូវកិច្ចគាំពារសង្គម ក៏ដូចជាការបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដល់បងប្អូនកម្មករនិយោជិត ដែលកំពុងខ្វះខាតជំនាញ ដើម្បីចូលរួមឆ្លើយតបតាមតម្រូវការទីផ្សារការងារជាច្រើននៅកម្ពុជា។
ជាចុងក្រោយ លោករដ្ឋលេខាធិការ បានក្រើនរំលឹកដល់បងប្អូនកម្មករនិយោជិត ឱ្យយកចិត្តទុកដាក់លើបញ្ហាសុខភាព ដោយមានការរីករាលដាលឆ្លងជំងឺកូវីដ១៩ ប្រភេទអូមីក្រុងថ្មីឡើងវិញ ដើម្បីចៀសវាងប៉ះពាល់ដល់សុខភាពរបស់បងប្អូនកម្មករនិយោជិត បង្កជាផលប៉ះពាល់ដល់ខ្សែច្រវាក់ផលិតកម្ម នៅតាមរោងចក្រ សហគ្រាស៕