(ភ្នំពេញ)៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានព្រមាននាយកប្រតិបត្តិអង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) ប្រចាំនៅតំបន់អាស៊ី លោក ប្រែត អាដាម ថាកុំធ្វើខ្លួនដូចជាដឹងរឿងនៅកម្ពុជាច្បាស់ជាងអ្នកនៅក្នុងស្រុកខ្មែរតទៅទៀត ខណៈដែលលោកមាននិន្នាកាកាន់ជើងតែងអតីតបក្សប្រឆាំងយ៉ាងងុបងល់នោះ។
លោក សុខ ឥសាន បានបន្ថែមថា បុគ្គលប្រែត អាដាម គឺជាអ្នកប្រឆាំងនឹងភាពសុខសាន្ត ក៏ដូចជាភាពរីកចម្រើនរបស់កម្ពុជា ម្ល៉ោះហើយបានជាមន្រ្តីសិទ្ធិមនុស្សដែលធ្លាប់រងការបណ្តេញចេញពីកម្ពុជារូបនេះ តែងតែធ្វើការរិះគន់ និងវាយប្រហារលើ រាជរដ្ឋាភិបាលកម្ពុជា មិនចេះជិនណាយ ទោះបីជាអ្វីដែលរាជរដ្ឋាភិបាលធ្វើនោះត្រឹមត្រូវក៏ដោយ។
លោក សុខ ឥសាន បានថ្លែងយ៉ាងដូច្នេះ៖ «ដោយនៅពីចម្ងាយពីកម្ពុជា ប្រែត អាដាម ធ្វើខ្លួនដូចជាដឹងរឿងនៅកម្ពុជា ច្បាស់ជាងអ្នកនៅក្នុងស្រុកខ្មែរទៅទៀត ដោយសារតែបុគ្គលរូបនេះមាននិន្នាកាកាន់ជើងអតីតបក្សប្រឆាំងយ៉ាងងុបងល់»។
ជាមួយគ្នានេះដែរ លោកក៏បានចោទសួរទៅ ប្រែត អាដាំ ថាវត្ថុដែលអាចសម្លាប់មនុស្សហៅថាស្អីទៅវិញ? កាំបិត ពូថៅ ចំពាមកៅស៊ូគ្រាប់ដែក ដបសាំងមានដុំភ្លើង មិនមែនជាអាវុធទេ ឬព្រោះមិនមែនជាកាំភ្លើងជាកាំជ្រួចជាមីស៊ីល។ ចុះសម័យបុរាណគេប្រើដាវ លំពែង ធ្នូ ស្នា អង្គប់ ចម្រូង តើឧបករណ៍តាំងនេះដែលមិនមែនជាកាំភ្លើងនោះជាអាវុធដែរ ឬទេ?។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជារូបនេះ បានបន្ថែមទៀតថា ម៉្យាងទៀត ហេតុម៉េចបានជា ប្រែត អាដាំ ដឹងរឿងជាង កឹម សុខាម៉្លេះ? បើ កឹម សុខា ដែលជាអ្នកអនុវត្តផែនការរបស់បរទេសផ្ទាល់បានលាតត្រដាងដោយខ្លួនឯងអស់ខ្ទេចអស់ខ្ទីររួចហើយហ្នឹង។ ឯ ប្រែត អាដាំ ជាអ្នកក្រៅសោះ ហេតុអ្វីបានជាហ៊ានអះអាងច្បាស់ម្ល៉េះ?។ នេះមិនជាការកាន់ជើងទេឬ?
លោក សុខ ឥសាន បានបញ្ជាក់ថា ឥឡូវទោះបីខិតខំកាន់ជើងទាំងទទឹងទិសយ៉ាងណាក៏ឥតប្រយោជន៍ដែរ ពីព្រោះគ្មានអ្នកណាដឹងជាងសាមីជនទេ ដែលនេះជាភស្តុតាងដាក់បន្ទុករបស់តុលាការ៕