(ស៊ីដនី)៖ នៅល្ងាចថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៩នេះ នាទីក្រុងស៊ីដនី (Sydney) ប្រទេសអូស្ត្រាលី បងប្អូនប្រជាពលរដ្ឋខ្មែរ-អូស្ត្រាលីដែលកំពុងរស់នៅទីក្រុងស៊ីដនីនោះ បានជួបជុំគ្នាប្រមាណជិត៥០០នាក់ ដើម្បីប្រារព្ធពិធីអបអរសាទរបុណ្យជាតិខួបលើកទី៤០ នៃទិវាជ័យជម្នះ៧មករា (១៩៧៩-២០១៩) យ៉ាងសប្បាយរីករាយក្រៃលែង និងស្ថិតស្នាលជាទីបំផុតក្នុងនាមមហាគ្រួសារខ្មែរតែមួយ។

កម្មវិធីនេះបានសហការរៀបចំឡើងដោយលោក ហួរ ហាប់ អនុប្រធានក្រុមការងាររៀបចំយុវជនប្រចាំប្រទេសអូស្ត្រាលី និងណូវ៉ែលហ្សេឡង់ និងជាប្រធានក្រុមការងាររៀបចំយុវជនប្រចាំតំបន់៣ និងក្រុមការងារយុវជនប្រចាំទីក្រុងស៊ីដនី លោក លឹម សំអាត, លោក អ៉ឹមវណ្ណៈ សណ្តោស, លោក ជុង ដារ៉ា ព្រមទាំងក្រុមការងារយុវជនទាំងអស់ ដោយស្ថិតក្រោមអធិបតីភាពលោក កុយ គួង ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសអូស្ត្រាលី និងណូវ៉ែលហ្សេឡង់ និងលោក គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងាររៀបចំយុវជនប្រចាំប្រទេសអូស្ត្រាលី និងណូវ៉ែលហ្សេឡង់ផងដែរ។