(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងរៀបចំវេទិកាសាធារណៈ ស្តីពីគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងថវិកាឆ្នាំ២០១៩ ដូចរាល់ឆ្នាំកន្លងមក នៅព្រឹកថ្ងៃអង្គារ ១០កើត ខែបុស្ស ឆ្នាំច សំរឹសិ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ ស្អែកនេះ ដើម្បីធ្វើការផ្សព្វផ្សាយ ឱ្យកាន់តែទូលំទូលាយ ដល់សាធារណជនទូទៅ បានស្វែងយល់លំអិត អំពីការគ្រប់គ្រង ម៉ាក្រូសេដ្ឋកិច្ច និងថវិកាឆ្នាំ២០១៩ បន្ថែមទៀត។

វេទិកាសាធារណៈនេះ គ្រោងប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់លោក វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដោយមានការចូលរួម តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ, ដៃគូអភិវឌ្ឍន៍, សង្គមស៊ីវិល, ស្ថាប័នស្រាវជ្រាវ, គ្រឹះស្ថានឧត្តមសិក្សា, វិស័យឯកជន, បណ្តាញសារព័ត៌មាន និងអ្នកសារព័ត៌មានជាតិ-អន្តរជាតិ ព្រមទាំងអ្នកសិក្សាស្រាវជ្រាវ, និស្សិត និងយុវជន ជាច្រើននាក់។

គួរបញ្ជាក់ដែរថា ច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩ ឬច្បាប់ថវិកាឆ្នាំ២០១៩ ត្រូវបានរដ្ឋសភាផ្តល់ ការអនុម័តកាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ នាសម័យប្រជុំពេញ អង្គរដ្ឋសភាលើកទី១ នីតិកាលទី៦ និងត្រូវបានព្រឹទ្ធសភាបានពិនិត្យចប់សព្វគ្រប់លើទម្រង់ និងគតិច្បាប់នេះទាំងស្រុង កាលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨ នាសម័យប្រជុំពេញអង្គលើកទី២ នីតិកាលទី៤ ហើយត្រូវបានព្រះមហាក្សត្រទ្រង់ឡាយព្រះហស្ថលេខាដាក់ឱ្យប្រើប្រាស់ ដោយព្រះរាជក្រមលេខ នស/រកម/១២១៨/០១៧ ចុះថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨៕