(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានចេញសារាចរឲ្យ ផ្អាកការប្រារព្ធ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០១៥នេះ ដោយឆ្នាំនេះទឹកទន្លេមានកម្រិតទាបពេក ហើយចំពោះមុខ ព្រះរាជាណាចក្រកម្ពុជា បាននឹងកំពុងជួបប្រទះគ្រោះរាំងស្ងួត នេះបើយោងតាមសារាចររបស់រាជរដ្ឋាភិបាល ចេញផ្សាយនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៥នេះ។
រាជរដ្ឋាភិបាល សូមធ្វើការណែនាំដូចតទៅ៖
១៖ ផ្អាកការរៀបចំព្រះរាជពិធីបុណ្យអ៊ុំ បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅតាមដងទន្លេសាបមុខព្រះបរមរាជវាំង ដែលគ្រោងប្រព្រឹត្តនៅថ្ងៃទី២៤-២៥ និង២៦ ខែវិច្ឆិកា ឆ្នាំ២០១៥។
២៖ ការរៀបចំព្រះរាជពិធីបុណ្យអ៊ុំ បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅតាមខេត្តនានា អាចប្រព្រឹត្តទៅជាធម្មតាតាមទំនៀបទម្លាប់ ប្រពៃណី និងតាមលទ្ធភាពរបស់អាជ្ញាធរដែលជាអ្នករៀបចំ។
៣៖ ការឈប់សម្រាករបស់មន្រ្តីរាជការ និយោជិត កម្មករចំនួន០៣ថ្ងៃ ក្នុងព្រះរាជពិធីនេះ នៅរក្សាដដែល។
៤៖ គ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធ រាជធានី និងខេត្ត ត្រូវបន្តយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ក្នុងការជួយដោះស្រាយបញ្ហាកង្វះខាតទឹក ដើម្បីជៀសវាងការខូចខាតដំណាំប្រជាកសិករ នៅតាមបណ្តាខេត្ត ជាពិសេសនៅរដូវប្រាំងនេះ៕
ខាងក្រោមនេះជាសារាចរឲ្យ ផ្អាកការប្រារព្ធ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០១៥នេះ>