(កណ្តាល)៖ លោក ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា បានសង្កត់ធ្ងន់ថា កម្ពុជាយើងកំពុងតែបោះជំហានទៅរកភាពរីកចម្រើនកាន់តែល្អប្រសើរ ពីមួយថ្ងៃទៅមួយថ្ងៃ ។

លោកបន្តថា ទេសចរបរទេសដែលមកទស្សនាប្រទេសកម្ពុជា ក៏កាន់តែកើនឡើង រីឯអ្នកវិនិយោគទុនវិញក៏កាន់ តែមានជំនឿជឿជាក់លើស្ថិរភាពនយោបាយ និងសង្គម ដែលកំពុងអំណោ យផលយ៉ាងល្អប្រសើរ ដល់ការបណ្តាក់ទុនតូចធំនៅក្នុងប្រទេសរបស់យើង។

លោកបានលើកឡើងបែបនេះ ខណៈលោកបានអញ្ជើញចូលរួមក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមា និងសម្ភោធសមិទ្ធផលនានា ក្នុងវត្តព្រះវិហារកំបោរ ព្រមទាំងជួបសំណេះសំណាលជាមួយនឹងក្រុមប្រឹក្សាស្រុក-ឃុំ តាជី យាយជី ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ យុវជនកាយរឹទ្ធិ ក្រុមសសយក កាកបាទក្រហម និងសិស្សានុសិស្ស សរុបចំនួន ១៧២៣នាក់ នៅវត្តព្រះវិហារកំបោរ ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នាថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩។

ក្រោយពីបានស្តាប់របាយការណ៍ របស់លោកអភិបាលស្រុកកណ្តាលស្ទឹងរួចមក លោក ម៉ម ប៊ុននាង បានមានប្រសាសន៍ថា ប្រវត្តិនៃវត្តព្រះវិហារកំបោរ នេះ គឺដូចគ្នាទៅនឹងវត្តអារាមផ្សេងៗទៀត ក្នុងក្របខណ្ឌនៅទូទាំងប្រទេស ដែលសុទ្ធតែជួបប្រទះជាមួយនឹងភាពខ្ទេចខ្ទាំ ព្រមទាំងសោកនាដកម្ម ដែលបានបង្កើតឡើងនៅក្នុងសម័យសង្រ្គាម និងសម័យនៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ។

ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ ក្រោមការប្រឹងប្រែងរួមគ្នា នោះទើបទាំងវិស័យពុទ្ធចក្រ និងអាណាចក្រត្រូវបានស្តារ និងអភិវឌ្ឍឡើងវិញ ។ ភាពរីកចម្រើនលើវិស័យព្រះពុទ្ធសាសនា ពិតជាបានមកដោយសារការដាក់ចេញ នូវគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការគាំទ្រលើសាសនា និងដោយសារជំនឿរបស់ប្រជាពលរដ្ឋ ព្រមទាំងការរីកចម្រើនលើកម្រិតជីវភាពរបស់ប្រជាពលរដ្ឋផងដែរ ។

លោកបានកោតសរសើ ចំពោះលោកអភិបាល នៃគណៈអភិបាលស្រុកកណ្តាលស្ទឹង និងសហការី ព្រមទាំងអាជ្ញាធរ ដែនដីគ្រប់លំដាប់ថ្នាក់ ដែលបានចូលរួមចំណែកខិតខំប្រឹងប្រែងថែរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់សាធារណៈ ជូនប្រជាពលរដ្ឋបានល្អប្រសើរ ជាក់ស្តែងក្រសួងមហាផ្ទៃបានផ្តល់នូវប័ណ្ណសរសើរ ជ័យលាភីប្រភេទលេខ១ ដល់ប៉ុស្តិ៍រដ្ឋបាលចំនួន១២ឃុំ ប្រភេទលេខ២ ចំនួន ៤ឃុំ និង ប្រភេទលេខ៣ ចំនួន២ឃុំ ព្រមទាំងលិខិតសរសើរដល់ប៉ុស្តិ៍រដ្ឋបាលឃុំទាំង ១៨ នៃស្រុកកណ្តាលស្ទឹង និងជាពិសេស គឺការរៀបចំការពារសន្តិសុខ និង សណ្តាប់ធ្នាប់នៅក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមា ពុទ្ធាភិសេក និងសម្ពោធសមិទ្ធផលនានា នៅវត្តព្រះវិហារកំបោរនាពេលនេះតែម្តង ធ្វើឲ្យប្រជាពលរដ្ឋបានមកចូលរួមកំសាន្តសប្បាយ ក្នុងកម្មវិធីនានានៅវត្តព្រះវិហារកំបោរ ទាំងថ្ងៃ ទាំងយប់ តាំងពីថ្ងៃទី១០ ឧសភា រហូតមកទល់ពេលនេះ ដោយពុំមានបញ្ហាអ្វីកត់សម្គាល់ឡើយ។ ព្រះវិហារ និងសមិទ្ធផលនានាក្នុងវត្តព្រះវិហារកំបោរ បានប្រើប្រាស់ជាគុណប្រយោជន៍បម្រើដល់វិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ និងជាចំណងដៃដ៏ថ្លៃថ្លាសម្រាប់ព្រះសង្ឃ ដែលគង់នៅក្នុងវត្តព្រះវិហារកំបោរ និងប្រជាជនដែលរស់នៅក្នុងមូលដ្ឋាននេះ មានទីវត្តអារាមសម្រាប់ធ្វើសក្ការៈគោរពបូជា តាមគន្លងនៃព្រះពុទ្ធសាស នា ជាយូរអង្វែងតរៀងទៅ ។

លោកបានបន្តថា យ៉ាងណាមិញ បើគ្មានសន្តិភាព គឺគ្មានការអភិវឌ្ឍ ។ បើគ្មាន ៧មករា គឺគ្មានអ្វីៗទាំងអស់នៅពេលនេះ ដូច្នេះសូមបងប្អូនចូលរួមថែរក្សាសន្តិភាព ដែលយើងគ្រប់គ្នាតស៊ូបានមកដោយលំបាក។ ចាប់ពីចុងឆ្នាំ១៩៩៨ បន្ទាប់ពីកម្ពុជាទទួលបានសុខសន្តិភាពពេញលេញ សេដ្ឋកិច្ចកម្ពុជាដែលចាប់ផ្តើមពីចំណុចសូន្យ មានការរីកចម្រើនគួរឱ្យកត់សម្គាល់ ។

ក្នុងរយៈពេលជិត ២ទសវត្សរ៍ចុងក្រោយនេះ កម្ពុជាទទួលបានចំណាត់ថ្នាក់ជាប្រទេស ដែលមានកំណើនសេដ្ឋកិច្ចខ្ពស់ ដោយសម្រេចបានកំណើនជាមធ្យមជាង ៧% ក្នុង១ឆ្នាំ គឺដោយសារការរីកចម្រើនឥតឈប់ឈរលើវិស័យឧស្សាហកម្ម កម្មន្តសាល សំណង់ កសិកម្ម សេវាកម្ម ទេសច រណ៍ អចលនទ្រព្យ គមនាគ មន៍ និងការដឹកជញ្ជូន ។ ដោយឡែក រចនាសម្ព័ន្ធសេដ្ឋកិច្ចកម្ពុជា កំពុងផ្លាស់ប្តូរពីប្រទេសដែលពឹងផ្អែកលើវិស័យកសិកម្ម ទៅជាប្រទេសដែលពឹងផ្អែកសំខាន់លើវិស័យឧស្សាហកម្ម និងសេវាកម្ម ។ ចំពោះអត្រានៃភាពក្រីក្រ ក៏បានធ្លាក់ចុះពីប្រមាណ ៥៣,២%នៅឆ្នាំ២០០៤ មកនៅត្រឹមប្រមាណ ១៣,៥% នៅឆ្នាំ២០១៤ និងត្រូវបានរំពឹងថា បន្តថយចុះមកក្នុងរង្វង់ ១០% នាពេលបច្ចុប្បន្ន ។ កត្តាទាំងនេះ ធ្វើឱ្យកម្ពុជាកាន់តែមានមហិច្ឆតា ខិតខំប្រឹងប្រែងបន្តទៀត ដើម្បីក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០ ។

លោកបានបញ្ជាក់ថា យោងលើមូលដ្ឋានសមិទ្ធកម្មនៃវិស័យសេដ្ឋកិច្ច ដែលរាជរដ្ឋាភិបាលសម្រេ ច បានដោយជោគជ័យ ធ្វើឲ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋទូទៅ ក្នុងឆ្នាំ២០១៨ កន្លងមក កាន់តែមានភាពល្អប្រសើរឡើង ដែលអាចឆ្លុះបញ្ចាំងបានតាមរយៈកំណើនផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់ កើនពី ១,៤២៩ដុល្លារអាមេរិក (មួយពាន់ បួនរយ ម្ភៃប្រាំបួនដុល្លារអាមេរិក) ក្នុងឆ្នាំ២០១៧ ដល់ ១,៥៦៣ដុល្លារអាមេរិក (មួយពាន់ប្រាំរយហុកសិបបីដុល្លារអាមេរិក) ក្នុងឆ្នាំ២០១៨ ។

សម្រាប់ឆ្នាំ២០១៩ នេះ តាមការព្យាករណ៍កំណើនសេដ្ឋកិច្ចកម្ពុជា នឹងអាចសម្រេចបានក្នុងអត្រា ៧,១% ហើយកំណើនផលិតផលក្នុងស្រុកសរុប សម្រាប់មនុស្សម្នាក់នឹងកើនដល់ ១,៧០៦ ដុល្លារ អាមេរិក (មួយពាន់ប្រាំពីរយ ប្រាំមួយដុល្លារអាមេរិក)។ លទ្ធផលនេះបញ្ជាក់ច្បាស់ថា មានសន្តិភាព ទើបមានការអភិវឌ្ឍ ។ មានការអភិវឌ្ឍខ្លាំងក្លា ទើបធានាបានសន្តិភាព ស្ថិតស្ថេរចីរកាល ។

ក្នុងឱកាសនោះ លោក បាននាំយកបច្ច័យមកចូលពិធីបុណ្យតាមទិសទាំង៨ទិសនៅជុំវិញព្រះវិហារ ដោយក្នុងទិសនិមួយៗបច្ច័យចំនួន ៥០ម៉ឺនរៀល និងទិសឥណ្ឌកិលខាងក្នុងព្រះវិហារចំនួន ០១ លានរៀលព្រមទាំងចូលរួមបច្ច័យក៏សាងព្រះវិហារចំនួន២០លានរៀល និងនាំយកថវិកាមកជូនដល់ក្រុមប្រឹក្សាស្រុក-ឃុំចំនួន៧២នាក់ ដោយក្នុងម្នាក់ៗទទួលបានថវិកា ២ម៉ឺនរៀល លោកគ្រូ អ្នកគ្រូ ៥២នាក់ ក្នុងម្នាក់ៗទទួលបាន ៣ម៉ឺនរៀល យុវជនកាយរឹទ្ធិ ក្រុមសសយក កាកបាទក្រហម និងសិស្សានុសិស្សចំនួន ២៨៣នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ២ម៉ឺនរៀល តាជី យាយជីចំនួន១០០នាក់ ក្នុងម្នាក់ៗទទួលបានក្រណាត់ស០១ដុំ និងថវិកា ១ម៉ឺនរៀល និងប្រជាពលរដ្ឋចំនួន១០០នាក់ ដោយក្នុងម្នាក់ៗទទួលបាន សារ៉ុង ០១ និងថវិកា ១ម៉ឺនរៀល ដែលចំណាយសរុបចំនួន ១០៦.០៧០.០០០រៀល។ 

ទន្ទឹមគ្នានោះដែរ លោកបានបំពាក់គ្រឿងឥស្សរិយយសប្រគេនដល់ព្រះតេជគុណ ផាត់ តឿន ព្រះចៅអធិការវត្តវិហារកំបោរ និងលោក លោកស្រី ព្រមទាំងសប្បុរសជន ចំនួន៨រូបផងដែរ។

បន្ទាប់មកលោក និងលោកស្រី បានអញ្ជើញជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សសាលាបឋមសិក្សាកណ្តោកចំនួន ១៧០នាក់ នៅឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
ក្នុងឱកាសជួបសំណេះសំណាលនោះ លោក និងលោកស្រី បាននាំយកអំណោយមកចែកជូនលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សចំនួន១៣០នាក់ដោយក្នុងម្នាក់ៗទទួលបានកាតាបស្ពាយ ០១ សៀវភៅ ០២ក្បាល ប៊ិច ០១ ខ្មៅដៃ ០១ ប្រដាប់ចិតខ្មៅដៃ ០១ ជ័រលុប ០១ និងថវិកា ១ម៉ឺនរៀល ដោយឡែកលោកគ្រូ អ្នកគ្រូចំនួន៥នាក់ដោយក្នុងម្នាក់ៗទទួលបាន៣ម៉ឺរៀល ដែលចំណាយថវិកាសរុបចំនួន ២.៤០០.០០០រៀល។