(កំពង់ចាម)៖ លោក ហ៊ុន ម៉ាណែត ប្រធានសមាគមអាហារូបករណ៍សិស្សនិស្សិត សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត(AMT)បានលើកឡើងថា ទាំងសម្តេច ទាំងថ្នាក់ដឹកនាំ សមាគម អ.ម.ត/ AMT និងសាកលវិទ្យាល័យ មិនចង់បាន អ្វីពីសិស្សនិស្សិត ក្រៅពីចង់ឃើញក្មួយៗ រៀនសូត្រចប់ និងមានអនាគតល្អនោះទេ។

ការថ្លែងបែបនេះ ខណៈដែលលោក ហ៊ុន ម៉ាណែត អញ្ជើញ ជាអធិបតី នៅក្នុងពីធី បញ្ចូលសមាជិកសមាគមអាហារូបករណ៍សិស្សនិស្សិត សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (AMT) ប្រចាំខេត្តកំពង់ចាមនៅរសៀលថ្ងៃទី0៦ ខែកុម្ភៈ ឆ្នាំ២០១៦។ នៅក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមពីអាជ្ញាធរខេត្តកំពង់ចាម តំណាងសាកលវិទ្យាល័យ ក្រុមការងារ និងសមាជិក សមាគមប្រចាំ ខេត្តកំពង់ចាម ផងដែរ។

លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា អនុវត្តតាមគោលការណ៍របស់សម្តេច គឺធ្វើយ៉ាងណាឱ្យសមាគម អ.ម.ត /AMT មានការទទួលខុសត្រូវ លើការសិក្សា របស់និស្សិតដើម្បីឱ្យពួកគេរៀនបានចប់ និងមានអនាគតល្អ។ លើសពីនេះ និស្សិតមានឱកាសបង្កើត បណ្តាញទំនាក់ទំនងគ្នា ដែលមានអត្តសញ្ញាណច្បាស់លាស់ និងបានចូលរួម នៅក្នុងកិច្ចការសង្គមផ្សេងៗ។

លោកបានផ្តល់ដំបូន្មានល្អៗ និងលើកទឹកចិត្តឱ្យសិស្ស និស្សិតខិតខំរៀនសូត្រ តស៊ូជំនះរាល់ការលំបាកទាំងឡាយ នៅក្នុងជីវិតដើម្បីអនាគតដ៍ប្រសើរនៅពេលខាងមុខ។

បើតាមរបាយការណ៍ របស់ប្រធានក្រុមការងារ សមាគមអាហារូបករណ៍សិស្ស និស្សិត សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (AMT) ប្រចាំខេត្តកំពង់ចាម បានឱ្យដឹងថា សិស្ស និស្សិតសរុបចំនួ៣០២នាក់ កំពុងរៀននៅតាមសាកលវិទ្យាល័យនៅក្នុងខេត្ត។ក្រុមការងារបានយកចិត្តទុកដាក់តាមដាការសិក្សារបស់សិស្ស និស្សិតក្នុងខេត្ត និងបានដឹកនាំសិស្ស និស្សិតធ្វើសកម្មភាពសង្គមផ្សេងៗ នៅក្នុងខេត្តនេះផងដែរ។

បន្ទាប់មកតំណាងសិស្សនិស្សិត សមាគមអាហារូបករណ៍សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត(AMT) ប្រចាំខេត្តកំពង់ចាម បានប្តេជ្ញាចិត្តស្រឡាញ់រាប់អាន ចេះជួយគ្នា និងខិតខំរៀនសូត្រឱ្យទទួលប្រសិទ្ធភាព និងគុណភាព ដើម្បីអនាគតដ៏ប្រសើរនាពេលខាងមុខ៕