(ភ្នំពេញ)៖ យុវជនម្នាក់ខណៈកំពុងជិះម៉ូតូតែម្នាក់ឯង ចេញពីកោះពេជ្រ ស្រាប់តែដល់ ចំណុចផ្លូវលេខ៥៧ កែងផ្លូវព្រះសីហនុ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន ក៏ជួបជន សង្ស័យ៤នាក់ បានតាមស្ទាក់កាប់ បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ ហើយយកមូតូមួយគ្រឿង ជិះទៅបាត់នៅ ម៉ោងប្រមាណ១០យប់ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៦។

ជនរងគ្រោះដែលរងរបួសត្រង់ក្បាល បានប្រាប់អង្គភាព Fresh News ថា មុនកើតហេតុខ្លួនបានជិះម៉ូតូ តែម្នាក់ឯងមកពីកោះពេជ្រ ក្នុងគោលបំណងត្រឡប់ទៅផ្ទះ ហើយពេលជិះតាមផ្លូវខាងលើនោះ មិនដឹងថា ក្រុមជនសង្ស័យ តាមមកពីពេលនោះទេ បានធ្វើសកម្មភាពមកកាប់មកលើខ្លួនតែម្តង បណ្តាលឲ្យដួលម៉ូតូ រួចក្រុមជនល្មើសបានលើកម៉ូតូជិះចេញដោយសុវត្ថិភាព។

ជនរងគ្រោះមាន ឈ្មោះ ឡងឌី អាយុ១៨ឆ្នាំ ហើយម៉ូតូរបស់ខ្លួនដែលបាត់នោះ ម៉ាកសង់សេ១២៥ ស៊េរី០១៣ ឡើងស៊េរី០១៥ ពាក់ស្លាកលេខ កណ្តាល1O-3035។ យ៉ាងណាក៏ដោយចំពោះករណីនេះ សមត្ថកិច្ច មិនទាន់អាចបញ្ជាក់ បាននៅឡើយទេ ដោយរង់ចាំការសួរនាំជនរងគ្រោះ និងធ្វើការ ស៊ើបអង្កេតឲ្យច្បាស់សិន ថាតើជាករណីប្លន់ ឬជារឿងគំនុំចេញពីកន្លែងណាមួយ។

នៅពេលនេះជនរងគ្រោះកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យ នៅឡើយខណៈសមត្ថកិច្ច កំពុងស្រាវជ្រាវបន្តទៀត៕