(ភ្នំពេញ)៖ លោក ជុំ សុន្ទរី អ្នកនាំាពាក្យទីស្តីការក្រសួងការបរទេសកម្ពុជា បានថ្លែងឲ្យដឹងថា ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងពេលកំពុង​ចូលរួមកិច្ច ប្រជុំលើកទី៣ នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាល កម្ពុជា-ចិន នៅទីក្រុងប៉េកាំង ប្រទេសចិន នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៦ ដោយទទួលបានការណែនាំពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា  ឲ្យយកចិត្តទុកដាក់ការពារពលរដ្ឋខ្មែរ ដែលត្រូវបានចោទប្រកាន់ក្នុង ហេតុការណ៍នៃការប៉ះទង្គិចគ្នារវាងក្រុមអាជីវករខ្មែរនៅផ្សាររ៉ុងក្លឿ ខេត្តស្រះកែវ ប្រទេសថៃ ជាមួយក្រុមស៊ើបអង្កេតពិសេសថៃមកពី ទីក្រុងបាងកក ដែលចុះមកត្រួតពិនិត្យកម្មសិទ្ធបញ្ញាលើទំនិញនៅ ផ្សាររ៉ុងក្លឿ នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៦ កន្លងមកនេះ។

អ្នកនាំពាក្យរូបនោះបានបញ្ជាក់ទៀតថា៖ ក្រោយពីទទួលបានទទួលការណែនាំនេះ ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង ក៏បានណែនាំបន្ទាន់ភ្លាមឲ្យ ឯកអគ្គរាជទូត និងអគ្គកុងស៊ុលកម្ពុជា នៅប្រទេសថៃ រកមេធាវី ដើម្បីការពារពលរដ្ឋយើង ទោះជាចំនួនប៉ុន្មាននាក់ និងទោះជាក្នុង ករណីណាក៏ដោយ  ដូចអ្វីដែលយើងបានធ្វើកន្លងមក។

នៅព្រីកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៦ ឯកអគ្គរាជទូត និងអគ្គកុងស៊ុលកម្ពុជា នៅប្រទេសថៃ បានរាយការណ៍៖ ពលរដ្ឋខ្មែរទី៣ ដែលត្រូវបានអាជ្ញាធរថៃ ឃាត់ខ្លួនពាក់ព័ន្ធ នីងការប៉ះទង្គិចខាងលើនេះ ត្រូវបានស្ថានអគ្គកុងស៊លកម្ពុជានៅ ស្រះកែវ សហការជាមួយគ្រួសារជនជាប់ចោទ ដោះស្រាយធានាឲ្យនៅក្រៅឃុំរួចហើយ។ ចំពោះពលរដ្ឋខ្មែរ ២នាក់ទៀត ដែលត្រូវបានតុលាការថៃ កាត់ទោស នៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៦ ឲ្យជាប់ពន្ធនាគារ៣ខែ ស្ថានអគ្គកុងស៊លកម្ពុជានៅស្រះកែវ បានសហការជាមួយគ្រួសារ ជនជាប់ចោទ ដោះស្រាយធានាឲ្យនៅក្រៅឃុំ ហើយសង្ឃីមថា អាចនីងទទួលបានផលវិជ្ជមានក្នុងសប្តាហ៍ក្រោយនេះ៕