(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជាកំពុងពិចារណាទិញនាវាចម្បាំងពីរគ្រឿង បំពាក់ដោយសព្វាវុធទំនើប និងមីស៊ីលពីប្រទេសចិន ដើម្បីការពារបូរណភាពទឹកដី កុំឲ្យប្រទេសជិតខាងមើលងាយ។ តែបើតាមមេទ័ពជើងទឹក បានលើកឡើងថា គម្រោងនេះ មិនទាន់សម្រេចពីរាជរដ្ឋាភិបាលនៅឡើយទេ។
ក្នុងជំនួបជាមួយលោកឧត្តមនាវីទោ យូ ម៉ាន់ជាំង (Yu Manjiang) នាយរងសេនាធិកា និងមេបញ្ជាការប្រចាំការនៅសមុទ្រចិនខាង ត្បូងរបស់កងទ័ពប្រជាជនចិននាថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៦នេះ នាទីបញ្ជាការកងទ័ពជើងទឹក នាយឧត្តមនាវី ទៀ វិញ មេបញ្ជាការកងទ័ពជើងទឹកកម្ពុជា បានបញ្ជាក់ថា កម្ពុជាពិតជាចង់បាននាវាចំនួនពីរគ្រឿង ដែលផលិតនៅប្រទេសចិន តែកម្ពុជាមិនយកមក ធ្វើសង្រ្គាមជាមួយប្រទេសណានោះទេ គឺយកមកដើម្បីការពារបូរណភាពទឹកដីរបស់ខ្លួនតែប៉ុណ្ណោះ។
នាយឧត្តមនាវាបានលើកឡើងយ៉ាងដូច្នេះថា «នាវា ដែលខ្ញុំចង់បាននោះ គឺមិនវែងដូចនាវាចិន ដែលបានមកសំចតនៅដែនទឹកកម្ពុជានោះទេ គឺមានប្រវែងត្រឹមតែ១៤០ម៉ែត្រ ដោយមានបំពាក់សព្វាវុធ និងមីស៊ីលការពារផ្សេងៗ រួមនឹងផ្ទុកនាវឹកប្រហែលជាងមួយរយនាក់ ហើយការទិញនោះ ក៏ដើម្បីកុំឲ្យប្រទេសជិតខាងមើលងាយផងដែរ»។
ភាគីចិន មិនបានឆ្លើយតបនឹងការលើកឡើងរបស់នាយឧត្តមនាវីនៅឡើយទេ ដោយគ្រាន់តែអះអាងថា កងទ័ពប្រជាជនចិន និងកងទ័ពជើងទឹកកម្ពុជា នឹងកាន់តែមានភាពស្និទ្ធស្នាលបន្ថែមទៀត តាមរយៈបង្កើនការហ្វឹកហ្វឺនតាមលំហរសមុទ្ររួមគ្នានោះ។
លោកឧត្តមសេនីយ៍ទោ យូ ម៉ាន់ជាំង(Yu Manjiang) បានលើកឡើង ចំពោះមុខនាយឧត្តមនាវីថា «កងទ័ពចិននឹងបង្កើនភាពស្និទ្ធស្នាលជាមួយកងទ័ពកម្ពុជា ឲ្យកាន់តែខ្លាំងក្លាបន្ថែមទៀត ដើម្បីធ្វើយ៉ាងរក្សាសន្តិសុខនៅតាមលំហរសមុទ្រនិងក្នុងតំបន់»។
ក្នុងជំនួបប្រហែលមួយម៉ោងនាព្រឹកមិញនេះ នាយឧត្តមនាវី ទៀ វិញ ជាមួយលោកឧត្តមសេនីយ៍ទោ យូ ម៉ាន់ជាំង ក៏បានលើកឡើង អំពីបញ្ហាសមុទ្រចិនខាងត្បូងផងដែរ។ តែបញ្ហានេះត្រូវបាននាយឧត្តមនាវីបញ្ជាក់ថា កម្ពុជានៅតែទទូចឲ្យភាគីពាក់ព័ន្ធទាំងអស់ ដោះស្រាយគ្នាតាមសន្តិវិធីដោយកុំយកយោធាទៅដោះស្រាយ។
នាយឧត្តមនាវីទៀ វិញ បានបញ្ជាក់ទៅកាន់ភាគីចិនថា «មានភាគីបរទេសជាច្រើនតែងតែជំរុញឲ្យខ្ញុំ លើកអំពីបញ្ហាសមុទ្រចិនខាងត្បូងមកនិយាយនៅពេលកិច្ចប្រជុំផ្សេង ជាពិសេសកិច្ចប្រជុំកងទ័ពជើងទឹកអាស៊ាន តែខ្ញុំមិនដែលយល់ព្រម ចំពោះការស្នើសុំរបស់ពួកគេនោះឡើយ ហើយកម្ពុជានៅតែជាមិត្ត និងស្រលាញ់ចិនតែមួយគ្មានស្រលាញ់ចិនទីពីរ និងទីបីនោះទេ»។
សូមរំលឹកថា នៅក្នុងកិច្ចជំនួបនោះលោកឧត្តមនាវីទោ យូ ម៉ាន់ជាំង ក៏បានថ្លែងកោតសរសើរ ចំពោះកងទ័ពជើងទឹកកម្ពុជាផងដែរ ដែលបានថែរក្សានាវាបានល្អប្រសើរ រួមទាំងមានសមត្ថភាពរក្សាសន្តិសុខតាមលម្ហរសមុទ្រប្រកបដោយភាពល្អប្រសើរ៕