(ភ្នំពេញ)៖ លោក ហូរ វ៉ាន់ ប្រធានគណៈកម្មការអង្កេត បោសសំអាត និងប្រឆាំងអំពើពុករលួយបានអះអាងថា រហូតមកដល់ពេលនេះ អាជ្ញាធរខេត្តត្បូងឃ្មុំ បានដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ បានមួយភាគធំហើយ ក្នុងចំណោម១២បណ្តឹង ដែលពលរដ្ឋបានប្តឹងមកកាន់រដ្ឋសភាកន្លងមក។ លោកសង្ឃឹមថា ប្រជាពលរដ្ឋ នឹងអាចទទួលយកបានចំពោះចំណាត់ការ របស់អាជ្ញាធរខេត្តត្បូងឃ្មុំ។
លោក ហូរ វ៉ាន់ បានប្រាប់ FRESH NEWS ក្រោយពេលប្រជុំ ជាមួយអាជ្ញាធរខេត្ត ត្បូងឃ្មុំ នៅថ្ងៃទី២៧ ខែកុម្ភៈនេះថា «ក្នុងបណ្តឹងទាំងអស់ហ្នឹង គាត់បានដោះស្រាយ ជិតអស់ហើយ ដែលធ្វើឱ្យប្រជាពលរដ្ឋ អាចទទួលយកបាន»។ កន្លងមកប្រជាពលរដ្ឋខេត្តត្បូងឃ្មុំ បាននាំគ្នាប្តឹងទៅរដ្ឋសភា ដោយសុំឱ្យជួយអន្តរាគមន៍មកអាជ្ញាធរខេត្តដោះស្រាយបញ្ហារបស់ពួកគេ ។
លោក ហូ វ៉ាន់ បានបញ្ជាក់ថា បញ្ហាពលរដ្ឋទាំងនោះរួមមាន បញ្ហាដីធ្លី កំពង់ដរ បញ្ហាផ្សារ ព្រៃលិចទឹក បញ្ហានគរបាល និងបញ្ហាពាក់ព័ន្ធមន្រ្តីគយជាដើម៕