(ភ្នំពេញ)៖ ការសម្របសម្រួល រយៈពេល១ថ្ងៃ រវាងថ្នាក់ដឹកនាំកំពូលរបស់ គណបក្សសង្រ្គោះជាតិ គឺលោក សម រង្ស៊ី - លោក កឹម សុខា ជាមួយសកម្មជននៅខេត្តសៀមរាប នៅតែមិនទាន់អាចបញ្ជាក់លទ្ធផល បាននៅឡើយទេ ជុំវិញការស្នើឱ្យផ្លាស់ប្តូរ លោកស្រី កែ សុវណ្ណរតន៍ ចេញពីប្រធានក្រុមការងារ CNRP ខេត្តសៀមរាប ។
លោក យ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ បានឱ្យដឹងថា នៅថ្ងៃនេះ មិនទាន់មានលទ្ធផលច្បាស់នៅឡើយ ដោយរង់ចាំការសម្របសម្រួលមួយព្រឹកទៀត នៅថ្ងៃស្អែកនេះ។ ចំណែកលោក យឹម សុវណ្ណ បានបដិសេធមិនធ្វើអត្ថាធិប្បាយ ដោយសារតែលោក មិនបានទៅចូលរួមក្នុងការសម្របសម្រួលការងារនេះ ។
សូមជំរាបថា លោក សម រង្ស៊ី និង លោក កឹម សុខា បានអញ្ជើញទៅដល់ ខេត្តសៀមរាប នៅព្រឹកថ្ងៃទី៥ ខែមីនានេះ ដើម្បីស្តាប់យោបល់ និង សម្របសម្រួលសកម្មជន នៅទីនោះ ជុំវិញការស្នើឱ្យផ្លាស់ប្តូរលោកស្រីកែ សុវណ្ណរតន៍ ចេញពីតួនាទីប្រធានក្រុមការងារប្រចាំខេត្តសៀមរាប ។ មុននេះ៣ថ្ងៃ ក៏មានសកម្មជនគណបក្សសង្រ្គោះជាតិ ប្រមាណ៥០នាក់ បានលើកគ្នាមកតវ៉ាចំពោះករណីនេះ ដល់ទីស្នាក់បក្ស នៅរាជធានីភ្នំពេញ ផងដែរ៕