(ភ្នំពេញ)៖ ក្រូចឆ្មារត្រូវបានគេចាត់ទុកជាអាហារចាំបាច់សម្រាប់ការប្រើប្រាស់ស្ទើរប្រចាំថ្ងៃ ជាពិសេសធ្វើជាម្ជូរផ្សំគ្រឿងជាមួយអាហារផ្សេងៗទៀតដើម្បីឲ្យមានឱជារស។ ក្រូចឆ្មារត្រូវបានគេចាត់ទុកថាជារុក្ខជាតិងាយស្រួលដាំ និងងាយស្រួលទទួលផល តែបច្ចុប្បន្នគេសង្កេតឃើញថា សកម្មភាពដាំក្រូចឆ្មារទាំងលក្ខណៈគ្រួសារសំរាប់ផ្គត់ផ្គង់ការហូបចុកផ្ទាល់ខ្លួន ក៏ដូចជាការដាំលក្ខណៈធ្វើអាជីវកម្ម គឺនៅមានចំនួនតិចតួចនៅឡើយ ថ្វីត្បិតប៉ុន្មានឆ្នាំនេះគេបានឃើញសកម្មភាពដាំក្រូចឆ្មារតាមបែបវិទ្យាសាស្ត្រ ដើម្បីធ្វើការលក់ដូរនៅលើទីផ្សារមានការកើនឡើងមែន តែផ្លែក្រូចឆ្មារដែលផ្គត់ផ្គង់នៅលើទីផ្សារបច្ចុប្បន្ន ភាគច្រើនលើសលប់គឺនាំចូលពីប្រទេសជិតខាង ជាពិសេសនាំចូលពីប្រទេសវៀតណាមតែម្ដង។
បងប្រុស សុផល ជាអាជីវករនៅផ្សារនាគមាស ក្បែរផ្សារដើមគរ ក្រុងភ្នំពេញ បានឲ្យដឹងថា បន្លែក្រូចឆ្មារដែលដាក់លក់នៅក្នុងស្តង់របស់ខ្លួន គឺត្រូវបាននាំចូលពីប្រទេសវៀតណាមទាំងស្រុង។ កត្តាដែលនាំឲ្យបងប្រុសនាំផ្លែក្រូចឆ្មារចូលពីប្រទេសវៀតណាម ព្រោះដោយសារក្រូចឆ្មារដែលដាំនៅក្នុងស្រុក មិនអាចផ្គត់ផ្គង់តម្រូវការទីផ្សារគ្រប់គ្រាន់ និងមានតម្លៃថ្លៃទៀតផង។ បងប្រុសសុផល បានបន្ដថា ក្នុងមួយថ្ងៃបងត្រូវនាំចូលក្រូចឆ្មារពីប្រទេសវៀតណាមពី ៤០០ ទៅ៥០០គីឡូក្រាម និងធ្វើការលក់បន្តទៅឲ្យប្រជាពលរដ្ឋខ្មែរសម្រាប់តម្រូវការប្រើប្រាស់ហូបចុកប្រចាំថ្ងៃ រីឯតំលៃវិញគឺខាងបងប្រុសលក់ទៅតាមរដូវរបស់ក្រូចឆ្មារសំបូរ ឬមិនសំបូរ។ បងប្រុសបន្តទៀតថា សម្រាប់រដូវដែលសម្បូរក្រូចឆ្មារ គឺលក់ចេញក្នុងតម្លៃពី ១,៨០០ - ២,០០០រៀល ក្នុងមួយគីឡូក្រាម និងសម្រាប់ខែដែលមិនសូវសម្បូរគឺ លក់ចេញក្នុងតម្លៃចាប់ពី ៤០,០០ - ៥,០០០រៀលក្នុងមួយគីឡូក្រាម ដោយនេះជាតំលៃបោះដុំ តែអ្នកដែលគេទិញយកទៅលក់រាយគឺអាចថ្លៃជាងនេះ។
បច្ចុប្បន្នគេមិនបានដឹងថាតើក្នុងមួយថ្ងៃៗមានផ្លែក្រូចឆ្មារប៉ុន្មានតោន ត្រូវបានឈ្មួញនាំចូលពីប្រទេសវៀតណាម និងថៃ យកមកលក់នៅស្រុកខ្មែរនោះទេ រួមទាំងការនាំចូលទឹកក្រូចឆ្មារដែលគេឆ្នៃច្រកក្នុងដបផងដែរ។ នៅក្នុងវេបសាយរបស់ក្រសួងកសិកម្ម ក៏ដូចវេបសាយរបស់ក្រសួងពាណិជ្ជកម្ម ខណៈបើកចូលមើល គឺមិនមានការផ្សព្វផ្សាយពីតួលេខនៃការនាំចូលនេះឡើយ តែគេគ្រាន់តែដឹងថា បច្ចុប្បន្នទាំងនៅទីក្រុង និងនៅទីប្រជុំជន ខេត្ត ក្រុងនានានៅទូទាំងប្រទេស កុំថាឡើយតែផ្លែក្រូចឆ្មារ សូម្បីតែបន្លែដែលតម្រូវការហូបចុកប្រចាំថ្ងៃ ភាគច្រើនគឺនាំចូលពីប្រទេសវៀតណាម បន្ទាប់មកនាំចូលពីប្រទេសថៃ ដូចជាស្ពៃ ត្រសក់ ប៉េងប៉ោះ...ជាដើម។
លោក អ៊ាង សុផល្លែត អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្មនៅពេលដែល Fresh News ធ្វើការទាក់ទងដើម្បីសាកសួរព័ត៌មានស្ដីពីតួលេខនាំចូលផ្លែក្រូចឆ្មារ និងតួលេខនៃចំនួនកសិដ្ឋានដាំក្រូចឆ្មារនៅកម្ពុជា ត្រូវបានលោកប្រាប់ឲ្យទៅសួរ លោក ឡោ រស្មី ដែលគេស្គាល់ថាជាមន្ត្រីជាន់ខ្ពស់របស់ក្រសួងកសិកម្មមួយរូបវិញ។ ប៉ុន្តែលោក ឡោ រស្មី ខាង Fresh News យើងខ្ញុំមិនអាចធ្វើការទាក់ទងសួរនាំបានឡើយ។
តាមការអះអាងពីអ្នកដាំក្រូចឆ្មារធ្វើអាជីវកម្ម គឺលោក សំ ឧត្តម បានលើកឡើងថា ការដាំក្រូចឆ្មារតាមបែបបុរាណគឺពិបាកថែទាំ មានអាយុខ្លី ក្រឲ្យផល និងទទួលបានផលតិច។ បច្ចុប្បន្នគេដាំក្រូចឆ្មាតាមបែបវិទ្យាសាស្ត្រ គឺប្ដូរពីដាំដោយបណ្ដុះកូន ងាកមកដាំដោយបំបៅមែកវិញ គឺងាយស្រួលដាំ និងថែទាំ ឆាប់ឲ្យផលគឺរយៈពេលតែ ៨ខែទៅ១ឆ្នាំ ចេញផ្កាផ្លែហើយ និងឲ្យផលច្រើនទៀតផង។ ដូច្នេះអ្នកដែលមានដីទំនេរ និងមានលទ្ធភាពគួរតែនាំគ្នាដាំក្រូចឆ្មារតាមបែបវិទ្យាសាស្ត្រផ្គត់ផ្គង់នៅលើទីផ្សារក្នុងស្រុក ដើម្បីកាត់បន្ថយការនាំចូលផ្លែក្រូចឆ្មារពីក្រៅប្រទេស ព្រោះផ្លែក្រូចឆ្មារក្រៅពីច្របាច់យកទឹកធ្វើម្ជូរសំរាប់លាយជាមួយអាហាររួមមានបង្អែម និងចំអាប គេក៏អាចយកផ្លែវាទៅធ្វើជាដំណាប់ និងណាំង៉ូវទុកសំរាប់ស្ល ឆាបានទៀតផង។
ខាងក្រោមនេះជាវីដេអូឃ្លីបចែករំលែកពីវិធីដាំដើមក្រូចឆ្មារតាមបែបវិទ្យាសាស្ត្រ ដែលរៀបរាប់ដោយអ្នកធ្លាប់ដាំ និងគេអាចឆែករកឃើញពីវិធីដាំផ្សេងៗទៀតនៅក្នុង Youtube ឬ Facebook ដោយគ្រាន់តែវាយអក្សរខ្មែរ «ក្រូចឆ្មារ ឬវិធីដាំក្រូចឆ្មារ» គឺនឹងបានព័ត៌មានហើយ ប្រសិនបើយើងពិបាកស្វែងរកសៀវភៅស្ដីពីរបៀបដាំ៖