(ភ្នំពេញ)៖ សាកលវិទ្យាល័យពុទ្ធិសាស្ត្រ បានសហការជាមួយអង្គការ Australian Health Humanitarian Aid (AHHA) របស់ប្រទេសអូស្ត្រាលី បើកការពិនិត្យ និងព្យាបាលជំងឺមាត់-ធ្មេញ ដោយឥតគិតថ្លៃ ជូនកុមារកំព្រា កុមារពិការ និងប្រជាជនក្រីក្រ នៅគ្លីនីកទន្តសាស្រ្តពុទ្ធិសាស្រ្ត ដែលមានទីតាំងស្ថិត នៅក្នុងសាកលវិទ្យាល័យពុទ្ធិសាស្រ្ត។
តាមរយៈការសហការនេះ មានការពិនិត្យ និងព្យាបាលជំងឺមាត់-ធ្មេញ ប្រព្រឹត្តទៅចំនួន២លើក ដោយលើកទីមួយ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦ និងលើកទីពីរ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦ ដែលការពិនិត្យ និងព្យាបាល ដោយក្រុមទន្តបណ្ឌិតស័្មគ្រចិត្ត មកពីប្រទេសអូស្ត្រាលី និងសាកលវិទ្យាល័ពុទ្ធិសាស្ត្រចំនួន៨នាក់ និងនិសិ្សតស្ម័គ្រចិត្តផ្នែកទន្តសាស្ត្រ នៃសាកលវិទ្យាល័យពុទ្ធិសាស្ត្រ ជាជំនួយការចំនួន៣៩នាក់ ។
ក្រោមការសហការគ្នាយ៉ាងជិតស្និទ្ធរវាង ក្រុមទន្តបណ្ឌិតប្រទេសអូស្ត្រាលី និងសាកលវិទ្យាល័ពុទ្ធិសាស្ត្រ រយៈពេលបីថ្ងៃនៃ ការពិនិត្យនិងព្យាបាលលើកទីមួយនេះ ត្រូវបានបញ្ចប់យ៉ាងជោគជ័យ ដោយបានពិនិត្យ និងព្យាបាលជំងឺជូន កុមារកំព្រា កុមារពិការ និងប្រជាជនក្រីក្រចំនួន ២៣៦នាក់ ដែលមកពីអង្គការកុមារពិការ មជ្ឈមណ្ឌលកុមារកំព្រា និងសហគមន៍ក្រីក្រមួយចំនួនដូចជា៖ សាលារៀនទន្សាយ (The Rabbit School) សហគមន៍ អារ៉ែង និងមជ្ឈមណ្ឌលគាំពារកុមារ និងទារកផ្កាយ។ នេះគឺជាលទ្ធផលមួយដ៏ល្អដែល កើតចេញពីទឹកចិត្ត មនុស្សធម៌ ចេះជួយយកអាសាគ្នាទៅវិញទៅមក និងជាវប្បធម៌ចែករំលែក ដែលដូចទៅនឹងគុណតម្លៃទាំងបី របស់សាកលវិទ្យាល័យពុទ្ធិសាស្ត្រ «គោរពខ្លួនឯង គោរពអ្នកដទៃ អភិវឌ្ឍសង្គម» ។
លើសពីនេះទៀត ក្នុងរយៈពេលចុះបំពេញបេសកម្មរបស់ខ្លួន នៅប្រទេសកម្ពុជា ក្រុមទន្តបណ្ឌិតអូស្ត្រាលី នឹងធ្វើសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ល្អៗ ក្នុងវិស័យទន្តសាស្ត្រ ជូនដល់និស្សិតផ្នែកទន្តសាស្ត្រ នៃសាកលវិទ្យាល័យពុទ្ធិសាស្ត្រផងដែរ ៕