(ភ្នំពេញ)៖ លោកស្រី Rhona Smith អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស បានកំពុងជួបពិភាក្សាជាមួយ លោក អង្គ វង្គ វឌ្ឍានា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌កម្ពុជា នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦នេះ ដើម្បីសាកសួរព័ត៌មានអំពីស្ថានភាពសិទ្ធិមនុស្ស។
លោកស្រី រ៉ូណា ស្មីត បានមកដល់ប្រទេសកម្ពុជា ជាលើកទី៣ កាលពីរសៀលថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៦ ដើម្បីធ្វើទស្សនកិច្ចរយៈពេល១០ថ្ងៃ។ អំឡុងពេលបំពេញបេសកកម្ម១០ថ្ងៃនោះ លោកស្រី រ៉ូណា ស្មីត មានគម្រោងជួបភាគីពាក់ព័ន្ធនានា រួមមាន សមាជិករដ្ឋាភិបាល តំណាងអង្គការសង្គមស៊ីវិល សហគមន៍ការទូត និងសហគមន៍ពលរដ្ឋផង ដើម្បីប្រមូលព័ត៌មានដោយផ្ទាល់។
គួរបញ្ជាក់ផងដែរ លោកស្រី រ៉ូណា ស្មីត ត្រូវបានអង្គការសហប្រជាជាតិ តែងតាំងជាអ្នកឃ្លាំមើល និងរាយការណ៍ពីបញ្ហាសិទ្ធិមនុស្សនៅប្រទេសកម្ពុជា ជំនួសលោក សូរិយា ប្រាសាទស៊ូប៊ែឌី ក្នុងខែមីនា ឆ្នាំ២០១៥។ លោកស្រីបានធ្វើដំណើរទស្សនកិច្ចមកកាន់ប្រទេសកម្ពុជាជាផ្លូវការ ចំនួន២លើករួចទៅហើយ គឺលើកដំបូងកាលពីខែកញ្ញា ឆ្នាំ២០១៥ និងលើកទី២ នៅខែមីនា ឆ្នាំ២០១៦៕