(ភ្នំពេញ)៖ លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានស្នើដល់ លោកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេស របស់អង្គការសហប្រជាជាតិ ទទួលបន្ទុកបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា ផ្តល់យុត្តិធម៌ដល់រាជរដ្ឋាភិបាលកម្ពុជា ពាក់ព័ន្ធនឹងបញ្ហាគោរពសិទ្ធិ ។
លោក កែវ រ៉េមី «ចំណុចសំខាន់បំផុត គឺយើងបានសំណូមពរទៅគាត់វិញ ដោយសារតែយើងអស់ពេលវេលា សំណូមពរគាត់ សុំឱ្យគាត់ផ្តល់យុត្តិធម៌ដល់កម្ពុជា ជូនរដ្ឋាភិបាលកម្ពុជា ទាក់ទងនឹងបញ្ហាគោរពសិទ្ធិមនុស្ស ជាពិសេសសុំឱ្យលោកយល់ថា ស្ថិរភាពនយោបាយ សន្តិភាព គឺជាមូលដ្ឋានគ្រឹះនៃសិទ្ធិមនុស្ស»។
សំណូមពររបស់ ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានធ្វើឡើង នៅក្នុងជំនួបជាមួយ លោកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា នៅរសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦នេះ នាគ្រាដែលលោកស្រី រ៉ូណា ស្មីត ធ្វើទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជា ជាលើកទី១ រយៈពេល១០ថ្ងៃ។
លោក កែវ រ៉េមី បានបន្ថែមថា «គាត់ចេះតែស្រែកថាបញ្ហាសិទ្ធិមនុស្សនៅកម្ពុជាអាក្រក់ ក៏ប៉ុន្តែសម្រាប់ប្រជាជនដែលធ្លាប់រស់នៅ ប្រសព្វនឹងបញ្ហាទាំងប៉ុន្មានហ្នឹង គឺគាំទ្រទៅវិញ»។ លោកបានបន្ថែមទៀតថា «ក្រោយពីរបបខ្មែរក្រហម មានតែសម្តេចតេជោ ហ៊ុន សែន ដែលគាត់បានរំដោះឱ្យប្រជាជនបានរស់ឡើងវិញនេះ គឺជាសិទ្ធិរស់រៀនមានជីវិត អាហ្នឹងសិទ្ធិមនុស្សធំណាស់»។
សូមបញ្ជាក់ថា លោកស្រី រ៉ូណា ស្មីត ពុំបានលើកឡើងអំពីបញ្ហាសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជានោះទេ នៅក្នុងជំនួបជាមួយ លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្ស និងជួបជាមួយរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លោក អង្គ វង្សវឌ្ឍានា នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦នេះ៕