(ភ្នំពេញ)៖ លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ បានជួបជាមួយ អ្នកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ដើម្បីពិភាក្សាការងារមួយចំនួន នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦ នាទីស្នាក់ការកណ្ដាលគណបក្សសង្គ្រោះជាតិ ។នេះបើយោងតាម Facebook Page ផ្លូវការរបស់ លោក កឹម សុខា បានបង្ហោះឲ្យដឹងនៅមុននេះបន្តិច។
Facebook Page ផ្លូវការរបស់ លោក កឹម សុខា បានបញ្ជាក់ឲ្យដឹងថា «បន្ទាប់ពីសួរសុខខ្ញុំផ្ទាល់ និងសម្ដែងពីការព្រួយបារម្ភអំពី «ស្ថានភាពរំលោភសិទ្ធិមនុស្ស នៅកម្ពុជាបច្ចុប្បន្ន» អ្នកស្រី រ៉ូណា ស្មីត បានជជែកពិភាក្សាការងារយ៉ាងស៊ីជម្រៅ ជាមួយខ្ញុំអំពី៖
ទី១៖ ស្ថានភាពនយោបាយបច្ចុប្បន្ន
ទី២៖ ស្ថានភាពច្បាប់ ទាក់ទងនឹងសកម្មជន ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ជាពិសេសខ្លួនខ្ញុំផ្ទាល់
ទី៣៖ គោលជំហរគណបក្សសង្គ្រោះជាតិ ចំពោះជាតិពន្ធុ(Stateless)។
ក្រោយពីការពិភាក្សាស្វែងយល់ពីគ្នាទៅវិញមកហើយ យើងបានប្ដេជ្ញាថា នឹងបន្ដទំនាក់ទំនងគ្នាទៀត ជាពិសេសដើម្បីស្វែងរកដំណោះស្រាយ ចំពោះបញ្ហារំលោភច្បាប់ និងរំលោភសិទ្ធិមនុស្សទាំងឡាយនៅកម្ពុជា។
អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) ជាអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ស្ដីពី «ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា»។
គួរបញ្ជាក់ថា សូមជំរាបថា លោកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ បានមកទស្សនកិច្ចនៅកម្ពុជា ជាលើកទី៣ រយៈពេល១០ថ្ងៃ។ អំឡុងពេលបំពេញបេសកកម្ម ១០ថ្ងៃនោះ លោកស្រី រ៉ូណា ស្មីត គ្រោងជួបភាគីពាក់ព័ន្ធនានា រួមមានសមាជិករដ្ឋាភិបាល តំណាងអង្គការសង្គមស៊ីវិល សហគមន៍ការទូត និងសហគមន៍ពលរដ្ឋផង ដើម្បីប្រមូលព័ត៌មានដោយផ្ទាល់៕