(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានបញ្ជាក់ថា តាមរយៈការចុះហត្ថលេខា លើអនុស្សារណៈ នៃប្រទេសកម្ពុជា និងប្រទេសវៀតណាម ស្តីពីកិច្ចសហប្រតិបត្តិការរួមគ្នា លោកសង្ឃឹមថា បណ្ឌិត្យសភានៃប្រទេស ទាំងពីរ រឹតតែមាន កិច្ចសហប្រតិបត្តិការ អន្តរជាតិទូលំទូលាយ និងរឹងមាំបន្ថែមទៀត ដើម្បីផ្តល់ផលប្រយោជន៍គ្នាទៅវិញទៅមក ទាំងបច្ចុប្បន្ន អនាគត។

នាយឧត្តមសេនីយ៍ សេង ផល្លី បានលើកឡើងបែបនេះ ខណៈលោក ចូលរួមនៅក្នុងពិធីចុះហត្ថលេខា លើអនុស្សារណៈ នៃប្រទេសកម្ពុជា និងប្រទេសវៀតណាម ស្តីពីកិច្ចសហប្រតិបត្តិការរួមគ្នា ជាមួយ លោក ង្វៀន ស៊ុនអៀម ប្រធានបណ្ឌិត្យសភានគរបាលប្រជាជន នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ។

លោក សេង ផល្លី បន្ថែមថា ក្នុងនាមលោក ជាថ្នាក់ដឹកនាំ សាស្រ្តចារ្យ គ្រូនគរបាល និងមន្រ្តីនគរបាល នៃបណ្ឌិត្យសភានគរបាលកម្ពុជា សូមថ្លែងអំណរគុណដល់បណ្ឌិត្យសភានគរបាលប្រជាជននៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម  ដែលកន្លងមកបានជួយ បណ្តុះបណ្តាល មន្រ្តីនគរបាល និងមន្រ្តីធនាគារកម្ពុជា ព្រំទាំងបានបញ្ជូនគ្រូមកកាន់កម្ពុជា ដើម្បីជួយបង្ហាត់បង្រៀនបន្ថែម។

លោកបានបន្តថា ខ្លឹមសារនៃអនុស្សារណៈនេះ ក៏បានបង្ហាញថា ភាគីវៀតណាម សហការជាមួយបណ្ឌិត្យសភានគរបាលកម្ពុជា ក្នុងការជួយរៀបចំឯកសារពាក់ព័ន្ធ និងផ្តល់ធនធានមនុស្សកម្រិតបណ្ឌិត ដើម្បីចូលរួមនៅក្នុងគណៈកម្មការវាយតម្លៃស្នាដៃ និងបទពិសោធន៍របស់បេក្ខជន ក្នុងការផ្តល់សញ្ញាបត្របណ្ឌិតកិត្តិយស ជូនថ្នាក់ដឹកនាំនគរបាលជាន់ខ្ពស់កម្ពុជា នាពេលខាងមុខនេះ។

ខ្លឹមសារនៃអនុស្សារណៈក៏បានបង្ហាញពី កិច្ចសហប្រតិបត្តិការ ទេ្វភាគីលម្អិតបន្ថែមទៀត លើចំណុចសំខាន់ៗមួយចំនួនរួមមាន៖
១.ការពង្រឹងសមត្ថភាពមន្រ្តីនគរបាល នៅក្នុងការធានាដល់សន្តុសុខ សណ្តាប់ធ្នាប់សាធារណៈ និងការប្រយុទ្ធប្រឆាំងបទល្មើស គ្រប់ប្រភេទ។
២.ការចែករំលែកព័ត៌មាន គំនិតយោបល់ និងបទពិសោធន៍ ក្នុងការអភិវឌ្ឍន៍សមត្ថភាពមន្រ្តី សាស្រ្តាចារ្យ គ្រូនគរបាល វិធីសាស្រ្តបង្ហាត់ បង្រៀន ការគ្រប់គ្រងនិស្សិត សិក្ខាកាម និងសកម្មភាពបណ្តុះបណ្តាលផ្សេងៗ
៣.ការសហការជាមួយគ្នា លើការសិក្សាស្រាវជ្រាវ ការរៀបចំកម្មវិធីអប់រំ ការរៀបចំសៀវភៅគោល និងការជួយឧបត្ថម្ភ សម្ភារឧបទេសនានា។

លោក សេង ផល្លី បានបញ្ជាក់ឲ្យដឹងថា ចំណងមិត្តភាព រវាងកម្ពុជា-វៀតណាម  ដែលជាប្រទេសជិតខាងគ្នា មានប្រវត្តិចាប់តាំងពីរ យូរយារណាស់មកហើយ ចំណែក​ចំណងមិត្តភាព បណ្ឌិត្យសភានគរបាលកម្ពុជា និង ប្រធានបណ្ឌិត្យសភានគរបាលប្រជាជន នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម បានចាប់ផ្តើមពីធ្វើកិច្ចសហប្រតិបត្តិការទ្វេភាគី នៅឆ្នៃ២០១០ ក្នុងគោលបំណងផ្តល់ផល ប្រយោជន៍ដល់គ្នាទៅវិញទៅមក ទាក់ទងនឹងការបណ្តុះបណ្តាល កងកម្លាំងនគរបាលនៃប្រទេសទាំងពីរ៕