(ភ្នំពេញ)៖ ក្រុមការងារស្ម័គ្រចិត្តរបស់ក្រុមហ៊ុន ព្រូដិនសលកម្ពុជា កាលពីពេលកន្លងទៅ បានចុះទៅដល់សាលាបឋមសិក្សាថ្លុកជ្រៅ ក្នុងភូមិថ្លុកជ្រៅ ស្រុកកងមាស ខេត្តកំពង់ចាម ដើម្បីផ្សព្វផ្សាយកម្មវិធី «ឆា-ឈីង» ទៅដល់កុមារា-កុមារី ក្នុងសហគមន៍ថ្លុកជ្រៅក្នុងគោល បំណង អប់រំកុមារអំពីមូលដ្ឋានគ្រឹះ​នៃការគ្រប់គ្រងលុយកាក់ តាមរយៈការបង្ហាញវីដេអូចម្រៀង ការសួរសំនួរ ហើយនិងការលេងល្បែង កំសាន្ដ ដែលពាក់ព័ន្ធនឹងគោលគំនិតទាំង៤របស់ «ឆា-ឈីង»

កម្មវិធី «ឆា-ឈីង» ជាគំនិតផ្តួចផ្តើម ថ្នាក់តំបន់ បង្កើតឡើងនៅក្នុងឆ្នាំ២០១១ ដោយមូលនិធិព្រូដិនស៍ ដែលជាមូលនិធិផ្នែកមនុស្សធម៌ របស់ក្រុមហ៊ុន ព្រូដិនសល ហើយកម្មវិធីនេះបាននឹងកំពុងអនុវត្តនៅទូទាំងទ្វីបអាស៊ី ដើម្បីជួយលើកកម្ពស់ការយល់ដឹងអំពីរឿង គ្រប់គ្រងលុយកាក់ សម្រាប់កុមារអាយុពី ៧ដល់១២ឆ្នាំ ។

នៅកម្ពុជា កម្មវិធី «ឆា-ឈីង» ត្រូវបានសម្ពោធជាផ្លូវការកាលពីថ្ងៃទី៣១ ឧសភា ២០១៦ ក្រោមអធិបតីភាពលោក ណាត ប៊ុនរឿន រដ្ឋលេខាធិការ និងជាតំណាងដ៏លោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ។

ចាប់តាំងពីដើមឆ្នាំ២០១៦មក ក្រុមការងារស្ម័គ្រចិត្តរបស់ក្រុមហ៊ុន ព្រូដិនសលកម្ពុជា បានចុះទៅតាមសាលាបឋមសិក្សាជាច្រើន នៅក្នុងរាជធានីភ្នំពេញ និងខេត្តគោលដៅមួយចំនួន ដោយបាននាំយកវីដេអូ «ឆា-ឈីង» ទៅចាក់បង្ហាញដល់កុមារជាច្រើនរយនាក់ និងបានរៀបចំការលេងល្បែងកំសាន្ត និងសកម្មភាពអប់រំជាច្រើនទៀត ដើម្បីបណ្តុះគំនិតអប់រំក្នុងការគ្រប់គ្រងលុយកាក់ និងបង្កើត បរិយាកាសសប្បាយរីករាយសម្រាប់កុមារទាំងនោះ ។

ព្រឹត្តិការណ៍ដែលបានរៀបចំឡើង ក្នុងសាលាបឋមសិក្សាថ្លុកជ្រៅ កាលពីពេលថ្មីៗនេះ ជាសកម្មភាពចុងក្រោយ ដែលក្រុមហ៊ុនបាន រៀបចំសម្រាប់ឆ្នាំ២០១៦ នេះ ប៉ុន្តែក្រុមហ៊ុន ព្រូដិនសលកម្ពុជា បានបង្ហាញជំហរថា នឹងបន្តរៀបចំសកម្មភាពកាន់តែពិសេសបន្ថែមទៀត នៅឆ្នាំបន្តបន្ទាប់ ដើម្បីផ្សព្វផ្សាយកម្មវិធីនេះ ទៅដល់កុមារកាន់តែច្រើន នៅទូទាំងប្រទេសកម្ពុជា ។

លោក ស៊ូ សៀ នាយកសាលាបឋមសិក្សា ថ្លុកជ្រៅ បានថ្លែងកោតសរសើរ ដល់ក្រុមការងារក្រុមហ៊ុន ព្រូដិនសលកម្ពុជា ដែលបានរៀបចំ សកម្មភាពអប់រំ​ទាំងនេះនៅសាលាបឋមសិក្សារបស់គាត់ និងចូលរួមចំណែកលើកកម្ពស់ការយល់ដឹងរបស់កុមារ អំពីគោលគំនិតមូលដ្ឋាន ដ៏សំខាន់ ក្នុងការគ្រប់គ្រងលុយកាក់ ដូចជា ការរកលុយ ការសន្សំ ការចាយ និងការបរិច្ចាគ ។

បច្ចុប្បន្ននេះ កម្រងវីដេអូ «ឆា-ឈីង» ជាភាសាខ្មែរ បាននឹងកំពុងចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ CTN ជារៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចាប់ពីម៉ោង ៨៖៤៥នាទីព្រឹក ទៅដល់ម៉ោង៩ព្រឹក។ សម្រាប់គ្រួសារដែលមានភ្ជាប់សេវាទូរទស្សន៍ខ្សែកាប កម្មវិធី«ឆា-ឈីង» ដែលចាក់ផ្សាយជាភាសាអង់គ្លេស អាចទស្សនាបាននៅលើប៉ុស្តិ៍ Cartoon Network ។

ដើម្បីស្វែងយល់បន្ថែមអំពីកម្មវិធីនេះ អ្នកអាចចូលទៅកាន់គេហទំព័រ៖ www.cha-ching.com ដើម្បីទស្សនាវីដេអូចម្រៀងរបស់កម្មវិធី «ឆា-ឈីង» ដោយសេរី ជាភាសាខ្មែរ ភាសាអង់គ្លេស និងភាសាផ្សេងទៀតជាច្រើន៕