(ឧត្តរមានជ័យ​)៖​ កម្លាំងនគរបាលស្រុកអន្លង់វែង ឧត្តរមានជ័យ​ នៅយប់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៦ បានចាត់តាំងកម្លាំង​១៣នាក់ ដឹកនាំដោយ លោក កេត សុធា អធិការរងស្រុក សហការជាមួយកម្លាំងកងរាជអាវុធហត្ថស្រុក​៦នាក់ ចុះត្រួតពិនិត្យឆែកឆេរអាវុធជាតិផ្ទុះ នៅលើកំណាត់ផ្លូវជាតិលេខ១៧១ ចំណុចមុខវត្តអូរអង្រែ ឃុំត្រពាំងតាវ ហើយក្នុងប្រតិបត្តិការនេះ កម្លាំងជំនាញបានឃាត់ខ្លួន ជនសង្ស័យ២នាក់ និងដកហូតបានថ្នាំ១កញ្ចប់។

លោក កេត សុធា អធិការរងស្រុក​អន្លង់​វែង​ បានឲ្យដឹងថា​ ជនសង្ស័យទាំង២នាក់ ដែលបានឃាត់ខ្លួននេះ ទី១-ឈ្មោះ ​ពៅ  យ៉ុន អាយុ២៣ ឆ្នាំរស់ភូមិតាម៉ាន សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ និង២- ឈ្មោះ យ៉េត រ៉ាយ៉ា អាយុ២៤ឆ្នាំ ក្នុងនោះដែលកម្លាំងជំនាញ ដកហូតបានថ្នាំ១កញ្ចប់ និងម៉ូតូ១គ្រឿង។

បច្ចុប្បន្ន ​ជនសង្ស័យសមត្ថកិច្ចជំនាញកំពុងសួរនាំ នៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការបន្ដ៕