(ភ្នំពេញ)៖ សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច បានចាត់ទុក លោក ញឹក ប៊ុនឆៃ អតីតសមាជិកជាន់ខ្ពស់ របស់ហ៊្វុនស៊ិនប៉ិច និងសមាជិកដទៃទៀត ដែលបែកទៅបង្កើតគណបក្សខ្មែររួបរួមជាតិថាជា គណបក្សរត់ចោលជួរក្នុងសមរភូមិនយោបាយ ដ៏ក្ដៅគគុកក្នុងប្រទេសកម្ពុជា។

ក្នុងសមាជវិសាមញ្ញ ជាមួយសហជីវិន-សហជីវិនី មកពីបណ្ដារាជធានី-ខេត្ត នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានមានបន្ទូលវាយប្រហារចំៗទៅលើ ក្រុមអតីតសហជីវិន-សហជីវិនី របស់គណបក្សហ្វ៊ុនស៊ិនប៉ិច ពិសេសគឺ លោក ញឹក ប៊ុនឆៃ ថាក្រុមនេះ មិនមែនជាពួកខ្មែររួបរួមជាតិអ្វីនោះទេ ផ្ទុយទៅវិញគឺជា «បក្សរត់ចោលជួរ»

ព្រះអង្គមានព្រះបន្ទូលថា «លោកហៅគណបក្សរួមរួបជាតិ ខ្ញុំហៅថាគណបក្សរត់ចោលជួរ....ខ្ញុំមិនដែលដេញនរណាចេញពីគណបក្សទេ ទោះបីគេទម្លាក់ខ្ញុំយ៉ាងម៉េចក៏ដោយ ក៏ខ្ញុំមិនដែលដេញទេ ម្នាក់ក៏ខ្ញុំមិនដែលដែរ ខ្ញុំមិននិយាយទេគណបក្សហ្នឹងនោះ»

មិនត្រឹមតែប៉ុណ្ណោះ សម្ដេចក្រុមព្រះបានចាត់ទុកលោក ញឹក ប៊ុនឆៃ និង ព្រះអង្គម្ចាស់ក្សត្រី នរោត្តម អរុណរស្មី អតីតព្រះប្រធាន គណបក្សហ្វ៊ុនស៊ិនប៉ិចថា ជាអ្នកបំបែកបំបាក់សាមគ្គីភាព ឯកភាពរបស់គណបក្សហ្វ៊ុនស៊ិនប៉ិច និងធ្វើឲ្យគណបក្សហ្វ៊ិនស៊ិនប៉ិច ទទួលបានអសនៈសូន្យក្នុងសភា។ សម្តេចក្រុមព្រះ បានបន្ថែមថា ថ្វីត្បិតតែអ្នកទាំងនោះ ជាអ្នកគាំទ្ររាជានិយម សីហនុនិយមក៏ពិតមែន តែពួកអ្នកទាំងនោះបានប្រព្រឹត្តផ្ទុយពីអ្វីដែលមាននៅក្នុងបាវចនាបក្ស និងផ្ទុយពីព្រះរាជបំណងរបស់ ព្រះករុណា ព្រះបាទសម្ដេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ។

ឆ្លើយទៅនឹងព្រះបន្ទូលចោទប្រកាន់របស់សម្ដេចក្រុមព្រះ, លោក ញឹក ប៊ុនឆៃ ដែលបច្ចុប្បន្នជាប្រធានគណបក្សខ្មែររួបរួមជាតិ បានលើកឡើងថា ការដែលលោកសម្រេចចិត្តចាកចេញពី គណបក្សហ្វ៊ុនស៊ិនប៉ិច ទៅបង្កើតគណបក្សខ្មែររួបរួមជាតិនេះដោយសារ លោកមិនព្រមទទួលយកនូវទង្វើរបស់សម្ដេចក្រុមព្រះ ដែលព្រះអង្គបានដឹកនាំបក្ស ដោយក្រសោបយក អំណាចផ្ដាច់មុខតែខ្លួនឯង, ប្ដូររូបសញ្ញាបក្ស ប្ដូរបាវចនាបក្ស និងប្ដូររចនាសម្ព័ន្ធអស់ជាច្រើន។

ប្រធានគណបក្សរាជានិយមថ្មីរូបនេះ បានបន្តថា តាំងពីសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ឡើងជាប្រធានគណបក្សមកព្រះអង្គបាន ធ្វើឲ្យសមាជិកគណបក្សមានការបែកបាក់គ្នា, អ្នកដែលខិតខំប្រឹងប្រែងធ្វើការងារជូនគណបក្ស ត្រូវគេមើលរំលង ហើយផលប្រយោជន៍ ដែលទទួលបាន បែរជាធ្លាក់ទៅលើដៃអ្នកដែលចេះអែបអប ព្រមទាំងមានការបណ្ដេញ ចេញពីគណបក្ស ជាបន្តបន្ទាប់ទៀត។

សូមបញ្ជាក់ថា កាលពីខែកុម្ភៈ ឆ្នាំ២០១៦ លោក ញឹក ប៊ុនឆៃ រួមទាំងសមាជិកអតីតគណបក្សហ្វ៊ុនស៊ិនប៉ិចមួយចំនួនទៀតបានបែក ចេញទៅបង្កើត គណបក្សខ្មែររួបរួមជាតិ។ ក្បាលម៉ាស៊ីនគណបក្សរាជានិយមថ្មីនេះ រួមមាន លោក ញឹក ប៊ុនឆៃ ជាប្រធានគណបក្ស, លោក ខាន់ សាវឿន អនុប្រធាន និងលោក ទៀ ចំរ៉ាត់ ប្រធានកិត្តិយស៕