(ភ្នំពេញ)៖ លោក អ៊ូ វីរៈ អតីតប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានបញ្ជាក់ឲ្យដឹងថា រឿងបាតុកម្មនៅស្រុកណា ក៏គេធ្វើបាតុកម្មដែរ ហើយប្រទេសជឿនលឿន ក៏គេធ្វើបាតុកម្ម តែគ្មានបញ្ហាអ្វីនោះទេ។ លោកថា បាតុកម្មណាខុសច្បាប់ជាទូទៅសមត្ថកិច្ចត្រូវបង្រ្កាប ដើម្បីការពារសុវត្ថិភាពប្រជាពលរដ្ឋ ហើយករណីបែបនេះ មិនអាចចាត់ទុកថា ជាការរំលោភសិទ្ធិមនុស្សនោះទេ។

ការបញ្ជាក់របស់ លោក អ៊ូ វីរៈ បានធ្វើឡើងស្របពេលដែលសមត្ថកិច្ចនៅសហរដ្ឋអាមេរិក បានបង្រ្កាបយ៉ាងសាហាវលើក្រុមបាតុករ និងចាប់ខ្លួនជាច្រើននាក់  បានធ្វើការតវ៉ា​រហូតឈានដល់ការប្រើអំពើហិង្សា វាយបំផ្លាញទ្រព្យ សម្បត្តិសាធារណៈមួយចំនួននៅអាមេរិក ក្រោយពេលដែលលទ្ធផលបោះឆ្នោត នៅប្រទេសមហាអំណាចមួយនេះ បានប្រកាសថាលោក ដូណាល់ ត្រាំ ឈ្នះឆ្នោតក្លាយជា ប្រធានាធិបតីអាមេរិក។

លោក អ៊ូ វីរៈ បានបញ្ជាក់ឲ្យដឹងថា «ការតវ៉ារបស់ប្រជាពលរដ្ឋគេជារឿងធម្មតាទេ អត់មានរឿងអីដែលបង្ហាញថា ប្រទេសមួយមាន ប្រជាធិបតេយ្យ ឬប្រទេសមួយគ្មាន ប្រជាធិបតេយ្យនោះទេ បាតុកម្មណាដែលខុសច្បាប់ជាទូទៅ គេផ្តោតលើការបង្រ្កាបមិនមែនជាគន្លឹះ នៃរំលោភសិទ្ធិមនុស្សទេ។ ហើយការបង្រ្កាបធ្វើឡើងសមស្រប និងមានតុល្យភាព បើសិនខុសច្បាប់តិចតួច យើងបង្រ្កាបខ្លាំងក្លាពេក គឺមិនត្រឹមត្រូវដែរ អាហ្នឹងទៅជាការរំលោភសិទ្ធមនុស្សទៅវិញ។ ប៉ុន្តែបើខុសច្បាប់តែម្តង យើងយកច្បាប់ទៅបង្រ្កាប ដើម្បីធានានូវការ រំលោភសិទ្ធិអ្នកដទៃ នៅក្នុងប្រទេសរបស់គេបានគឺជាបំពេញតួនាទីមួយដ៏ត្រឹមត្រូវ ហើយវាមិនមែនជាប្រធានបទ សិទ្ធិមនុស្សនោះទេ។ រឿងបាតុកម្ម នៅស្រុកណាក៏គេបាតុកម្មដែរ ហើយប្រទេសជឿនលឿនក៏គេធ្វើបាតុកម្មដែរ គ្មានបញ្ហាទេ»

សូមជំរាបថា កាលពីថ្ងៃពុធ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៦ បន្ទាប់ពីបោះឆ្នោតរួច សហរដ្ឋអាមេរិកបានប្រកាសថា លោក ដូណាល់ ត្រាំ បេក្ខជនមកពីគណបក្ស សាធារណរដ្ឋ បានជាប់ឆ្នោតជាប្រធានាធិបតីទី៤៥ របស់សហរដ្ឋអាមេរិក ដែលបានយកឈ្នះលើ លោកស្រី ហ៊ីលឡារី គ្លីនតុន មកពីគណបក្សប្រជាធិបតេយ្យ។ ប៉ុន្តែទោះជាយ៉ាងណាបណ្តាញសារព័ត៌មានល្បីៗ បានសរសេរថា ក្រុមអ្នកគាំទ្រ គណបក្សប្រជាធិបតេយ្យ ដែលចាញ់ឆ្នោតពុំបានសុខចិត្តនោះឡើយ ហើយនាំគ្នាធ្វើ បាតុកម្មជាបន្តបន្ទាប់ឈានដល់ផ្ទុះហិង្សាវាយ បំផ្លាញទ្រព្យសម្បត្តិសាធារណៈតាមដងផ្លូវ។

សារព័ត៌មាន CNN បានចុះផ្សាយនៅថ្ងៃនេះថា បាតុកម្មដ៏កក្រើកកំពុងផ្ទុះឡើងនៅទូទាំងសហរដ្ឋអាមេរិក ខណៈប្រជាជនរាប់ម៉ឺននាក់ ដែលជាអ្នកគាំទ្រ លោកស្រី ហ៊ីលឡារី គ្លីនតុន បានដង្ហែរក្បួនដើម្បីធ្វើការតវ៉ាប្រឆាំងនឹង ការជាប់ឆ្នោត ជាប្រធានាធិបតីដោយស្របច្បាប់ របស់លោក ដូណាល់ ត្រាំ ក្នុងនោះមាននៅតាមបណ្តារដ្ឋធំៗ ជាច្រើនដូចជា New York, Miami, Florida, Iowa, Texas, Georgia, Connecticut, Orlando, Illinios, Massachusetts, North Carolina, Tennessee, Ohio, Colorado, និង Nebraska។

គណបក្សចាញ់ឆ្នោតរបស់លោកស្រី ហ៊ីលឡារី គ្លីនតុន ដែលតាំងខ្លួនជាបិតាប្រជាធិបតេយ្យ និងកំពូលគោរពសិទ្ធិមនុស្សលើលោក កំពុងផ្ទុះបាតុកម្មដ៏កក្រើក ទូទាំងប្រទេស ប្រឆាំងនឹងលទ្ធផលឆ្នោត ខណៈបាតុកររាប់ម៉ឺននាក់ត្រូវបានប៉ូលិសបង្ក្រាបយ៉ាងព្រៃផ្សៃ និងចាប់ខ្លួនខ្ទង់រយនាក់៕