(ម៉ាឡេស៊ី)៖ ពិតជាសារមួយជាប្រវត្តិសាស្រ្តផង និងបង្កប់នូវអត្ថន័យផង ដែលសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រាប់ទៅលោក សម រង្ស៊ី នៅថ្ងៃសៅរ៏នេះថា «កុំឲ្យមានគំនិតសងសឹក បន្ទាប់ពីសម្តេចចេញពីតំណែង» នេះបើយោងតាមលោក ពុយ គា អ្នកឆ្លងឆ្លើយព័ត៌មាន ក្យូដូរបស់ជប៉ុន បានស្តាប់លឺ នៅក្នុងកម្មវិធីជួបសំណេះសំណាល រវាងសម្តេចតេជោ ហ៊ុន សែន និងលោក សម រង្ស៊ី ជួបជាមួយពលករ និងនិស្សិតខ្មែរកំពុងធ្វើការ និងកំពុងរៀន នៅប្រទេសម៉ាឡេស៊ី នាល្ងាចថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៥នេះ។

បើយោងតាម​ Facebook របស់លោក ពុយ គា បានបង្ហាញ និងបញ្ជាក់ឲ្យដឹងថា ក្នុងឱកាសសំណេះសំណាលដ៏កម្រមួយរវាងសម្តេចតេជោ និងលោក សម រង្ស៊ី ទាំងពីរ នៅក្នុងទីក្រុងកូឡាឡាំពួរ ជាមួយពលករ និងនិស្សិតខ្មែរកំពុងធ្វើការ និងកំពុងរៀននៅ ប្រទេសម៉ាឡេស៊ី សម្តេច ហ៊ុន សែន បាននិយាយត្រង់ៗទៅកាន់ លោក សម រង្ស៊ី ថា «ឥឡូវខ្ញុំកំពុងធ្វើជានាយករដ្ឋមន្ត្រី នរណាក៏អាចនៅជាមួយបានដែរ ប៉ុន្តែស្រាប់តែដល់ពេលណាមួយ ឯកឧត្តម សម រង្ស៊ី ធ្វើជានាយករដ្ឋមន្រ្តីម្តង ឧទាហរណ៏ទេណា៎ ស្រាប់ដល់ពេលហ្នឹង ឯកឧត្តមរុញអត់ឲ្យខ្ញុំរស់នៅ ស្រាប់តែទៅធ្វើបាបខ្ញុំ ហើយខ្ញុំមានកម្លាំងវ៉ៃបកវិញ ធ្វើឲ្យឯកឧត្តមរស់នៅមិនសុខដែរ ! គណបក្សណា ទោះបីតូច ធំ តែងមានអ្នកគាំទ្រជានិច្ច បើសិនជាយើងធ្វើចំពោះគេមិនត្រឹមត្រូវទេ ច្បាស់ណាស់ថា គេនឹងវ៉ៃបកហើយ។ យើងបានដកពិសោធន៏រាប់រយឆ្នាំហើយ ដែលខ្មែរបែកបាក់គ្នា តាំងពីទឹកដីធំរហូតដល់ទឹកដីតូច ហើយយើងស្លាប់អស់ពលរដ្ឋប៉ុន្មាន? ល្មមគ្រប់គ្រាន់ហើយ ហើយទោះបីជាយើងមានបក្សនយោបាយ មានអ្នកស្រលាញ់បក្សនេះ ឬបក្សនោះ តែយើងមិនត្រូវយកគ្នាជាសត្រូវទេ។ យើងអត់ជំរើសទេ ដីនេះជាដីរបស់យើងទាំងអស់គ្នា មិនមែនជាដីសំរាប់ ហ៊ុន សែន ឬដីរបស់ សម រង្ស៊ី ឬសំរាប់នរណាមួយទេ ដីសំរាប់អ្នកទាំងអស់គ្នា ពលរដ្ឋខ្មែរទាំអស់គ្នា»។

សូមជំរាបថា នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងលោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ នៅថ្ងៃសៅរ ទី២៥ ខែមេសានេះ បានជួបជាមួយប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅសិក្សា និងធ្វើការ នៅក្នុងប្រទេសម៉ាឡេស៊ី ប្រមាណ ២៩០នាក់ ខណៈមេដឹកនាំទាំងពីរ កំពុងស្ថិតនៅប្រទេសម៉ាឡេស៊ី ចូលរួមកិច្ចអាស៊ាននៅទីនោះ៕

www.freshnewsasia.com