(តូក្យូ)៖ រដ្ឋាភិបាលជប៉ុននឹងត្រូវបង់ប្រាក់សងជំងឺចិត្តចំនួន៣០.២ពាន់លានយេន ដែលជិតស្មើនឹង២៦៥លានដុល្លារសហរដ្ឋអាមេរិក ទៅឲ្យ​ប្រជាជនមិនក្រោម ២០,០០០នាក់នោះឡើយ នៃខេត្តអូគីណាវ៉ា (Okinawa) នៅក្រោយការកាត់សេចក្តីចុងក្រោយរបស់តុលាការជុំវិញរឿងក្តី​ពាក់ព័ន្ធនឹងសំឡេងរំខានដ៏ហួសហេតុ ដែលបង្កឡើងដោយយន្តហោះនៃមូលដ្ឋានទ័ពអាកាសខាដេណា (Kadena) របស់សហរដ្ឋអាមេរិក​ដែលមានទីតាំងនៅក្នុងខេត្តនោះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik នៅយប់ថ្ងៃព្រហស្បតិ៍ ទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧។

ប្រជាជនជប៉ុនជាង២២,០០០នាក់ នៃខេត្តអូគីណាវ៉ា ដែលមានលំនៅឋានស្ថិតក្បែរមូលដ្ឋានទ័ពអាកាសខាងលើរបស់សហរដ្ឋអាមេរិក ត្រូវ​បាន​តុលា​ការ​សម្រេចសេចក្តីថា នឹង​ទទួលបានប្រាក់សងជំងឺចិត្តរួមគ្នាដែលមានចំនួនជិត២៦៥លានដុល្លារ ដោយសារការទទួលរងសំឡេងដ៏​កង​​​រំពងចេញ​ពីយន្តហោះនានារបស់អាមេរិក ដែលបានរំខានដល់ជីវិតរស់នៅប្រចាំថ្ងៃ ក៏ដូចជាជះផលប៉ះពាល់អវិជ្ជមានដល់​សុខ​ភាពផ្លូវចិត្ត​របស់​ពួក​គេថែមទៀតផង។

ដោយឡែកព្រមពេលជាមួយគ្នា តុលាការបានធ្វើការបដិសេធចំពោះការទាមទាររបស់ដើមបណ្តឹង (ពលរដ្ឋជប៉ុននៅកោះអូគីណាវ៉ា) ដែលមាន​បំណងចង់ដាក់ជាបំរាមហាមឃាត់លែងឲ្យមានការហោះហើរយន្តហោះយោធាធុន V-22 Osprey របស់កងទ័ពអាកាសអាមេរិកនៅក្នុងតំបន់​ត​ទៅទៀត ពីព្រោះថា វាបានបង្កឲ្យប្រជាជនរស់នៅទីនោះមានក្តីព្រួយបារម្ភជាខ្លាំង ដោយសារហេតុការណ៍អាក្រក់មួយចំនួនបានកើតឡើងនា​​ពេល​កន្លង​មក​​ចំពោះយន្តហោះប្រភេទនេះ។

គួរបញ្ជាក់ថា វត្តមានរបស់យោធាអាមេរិកនៅក្នុងខេត្តអូគីណាវ៉ា ដែលស្ថិតលើកោះតូចមួយនៅភាគខាងត្បូង នៃប្រជុំកោះប្រទេសជប៉ុន និង​ជា​កន្លែងជ្រកកោនរបស់កងទ័ពអាមេរិកភាគច្រើននៅជប៉ុននោះ គឺជាប្រភពមួយដែលតែងតែបានបង្កភាពចម្រូងចម្រាសជាដដែលនៅក្នុង​ប្រទេសនៃតំបន់អាស៊ីមួយនេះ៕