(ភ្នំពេញ)៖ នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០១៧នេះ គណបក្សសង្គ្រោះជាតិបានបង្ហាញបេក្ខភាពក្បាលម៉ាស៊ីនថ្មីដឹកនាំថ្មី ដោយមាន កឹម សុខា ឈរជាបេក្ខភាពប្រធានតែម្នាក់ឯង និងមានអនុប្រធាន៣រូបគឺ៖ លោក ប៉ុល ហំម, លោកស្រី មូរ សុខហួរ, និង លោក អេង ឆៃអ៊ាង។

គ្រាន់តែបង្ហាញសមាសភាពក្បាលម៉ាស៊ីនថ្មីចេញមក គេនាំគ្នាលាន់មាត់និយាយចំអកថា «បក្សសង្គ្រោះជាតិបែកខ្ទេចហើយ!»។ គេបានប្រៀបប្រដូចបក្សសង្គ្រោះជាតិថ្មីនេះថា «មេមាន់បណ្តើរកូនទា» ឬ «ឆ្មាបណ្តើរចចក»។ នេះគឺគេចង់សំដៅថាក្រុម កឹម សុខា បណ្តើរកក្រុម សម រង្ស៊ី ដែលខំធ្វើនយោបាយជាង២០ឆ្នាំ ទីបំផុតគ្មានតម្លៃ គ្មានឱកាសដឹកនាំ ហើយបានលើកមករតកបក្ស សម រង្ស៊ី ទាំងមូលទៅឲ្យលោក កឹម សុខា ទាំងទឹកភ្នែក។

ការរៀបសមាសភាពក្បាលម៉ាស៊ីនថ្មីនេះក៏បង្ហាញថា ក្រុមលោក សម រង្ស៊ី បរាជ័យទាំងអស់ ទាំងក្តីស្រមៃរបស់លោក សម រង្ស៊ី ទាំងមហិច្ឆតាលោកស្រី ជូឡុង សូមួរ៉ា ទាំងវីរភាពលោក គង់ គាំ ទាំងការតស៊ូរបស៊លោក យឹម សុវណ្ណ គឺបាត់បង់ទាំងអស់។ សូម្បីតែការរៀបឈ្មោះគេអាចយល់ពីល្បិច នយោបាយរបស់ក្រុមលោក កឹម សុខា បានយ៉ាងងាយ។ លោក អេង ឆៃអ៊ាង ដែលជាមនុស្សរបស់លោក សម រង្ស៊ី ត្រូវបានរៀបនៅចុងក្រោយគេ។ ដូច្នេះបើលោក កឹម សុខា មិននៅ តួនាទីប្រធានស្តីទីនឹងបានទៅលោក ប៉ុល ហំម។

សរុបឲ្យខ្លី តម្លៃអតីតភាពនិងការពលិកម្មរបស់ថ្នាក់ដឹកនាំឯទៀត ទាំងសកម្មជនថ្នាក់កណ្តាល និងសកម្មជនថ្នាក់មូលដ្ឋាន ដែលខំតស៊ូលក់គោ លក់ក្របីមាន់ទា ចំណាយពេលវេលាដើរតាម សម រង្ស៊ី ជាង២០ឆ្នាំមក ឥឡូវនេះ ត្រូវតែដូរធាតុមកធ្វើជា«កូនទា»ឲ្យក្រុម លោក កឹម សុខា បណ្តើរទាំងអស់… កាបៗ កាបៗ កាបៗ! តើអ្វីជាការព្រួយបារម្ភអំពីលក្ខណៈសម្បត្តិនៃក្បាលម៉ាស៊ីនដឹកនាំថ្មីនេះ?

ទី១)៖ អំពីលោក កឹម សុខា៖ មានចំណុចកត់សំគាល់ពិសេសមួយ ដែលគេសង្ស័យកន្លងមកនិងជាបន្តបន្ទាប់ថា លោក កឹម សុខា ជាមនុស្សរបស់ សម្តេចតេជោ ហ៊ុន សែន។ មានរឿងជាច្រើនដែលគេអាចនឹកស្រមៃឃើញចាប់តាំងពីការបង្កើតបក្សសិទ្ធិមនុស្សដំបូង រហូតដល់ដំណាក់កាល កឹម សុខា រួចទោសថ្មីៗនេះ។ កឹម សុខា មិនមែនជាមនុស្សឈរលើគោលការណ៍ទេ។ គេធ្លាប់វាយតម្លៃហើយថា បក្សប្រឆាំងនៅក្រោមស្នាដៃរបស់ កឹម សុខា នឹងខ្ទេច។ ឥឡូវនេះ ខ្ទេចតម្លៃមនុស្សខាង សម រង្ស៊ី មុនគេបាត់ទៅហើយ។ បន្ទាប់មកទៀត នឹងខ្ទេចតម្លៃនិងតួនាទីបក្សប្រឆាំងទាំងមូលតែម្តង។ កឹម សុខា គ្មានអតីតកាលវីរភាពទេ ហើយកេរ្តិ៍ឈ្មោះគាត់ល្បីខាងស្រីញីច្រើនជាងស្នាដៃដឹកនាំ។ ផ្ទៃក្នុងបក្សបាននិយាយហើយថា កឹម សុខា ជាមនុស្សឱកាសនិយម សម្ភារៈនិយម និងមុខមាត់និយម។ កឹម សុខា នៅបក្សណា គឺរលាយបក្សនោះ។ ឥឡូវនេះមានកូនស្រីនៅក្នុងគណៈនាយកផង គឺមនុស្សខាងក្រុម សម រង្ស៊ី ត្រូវតែធ្វើជាកូនទា ស្តាប់ម្ចាស់ស្រី។

ទី២)៖ អំពីលោក ប៉ុល ហំម៖ គឺជាមនុស្សកណ្តាលនិយម ហើយជាខ្សែខាង កឹម សុខា។ លោក ប៉ុល ហំម គ្មានអតីតភាព ជីវភាពនយោបាយ និងអនុស្សាវរីយ៍ជាមួយក្រុមលោក សម រង្ស៊ី ទេ។ ប៉ុល ហំម មានភាពចាស់ទុំខាងនយោបាយហើយពេលផ្គុំអំណាចជាមួយ កឹម សុខា គឺបានជាកម្លាំងបណ្តើរកូនទាខាង សម រង្ស៊ី បាន។ លោក ប៉ុល ហំម ក៏ចូលចិត្តសប្បាយបែបលាក់ៗមុខដែរ តែគាត់មិនមានជីវភាពធូរធារទេ។ នេះបើអ្នកណានាំគាត់ឲ្យសប្បាយ គាត់នឹងទុកការងារមួយឡែកដែរ។

ទី៣)៖ អំពីលោក អេង ឆៃអ៊ាង៖ អ្នកណាៗក៏ដឹងដែរថា លោក អេង ឆៃអ៊ាង ចូលចិត្តកាស៊ីណូ។ លោក អេង ឆៃអ៊ាង មានអតីតភាពតស៊ូជាមួយលោក សម រង្ស៊ី យូរអង្វែង ក៏ប៉ុន្តែគាត់បាត់ជំនឿនិងឥស្សរភាពក្នុងបក្ស បាត់ឥទ្ធិពលក្នុងបក្សដោយសារតែរឿងអាសោចនឹងល្បែងនេះ។ លោក អេង ឆៃអ៊ាង ធ្លាប់ត្រូវដូរចេញពីតំណែងអគ្គលេខាធិការគណបក្ស សម រង្ស៊ី។ បើនិយាយអំពីឥទ្ធិពលក្នុងបក្សគឺ លោក យឹម សុវណ្ណ មានឥទ្ធិពលជាងលោក អេង ឆៃអ៊ាង។

ទី៤)៖ អំពីលោកស្រី មូរ សុខហួរ៖ គេគិតថា គាត់មានជំងឺសរសៃប្រសាទយូរណាស់ហើយ Sic!? ពីព្រោះគេសង្កេតឃើញលោកស្រី មូរ សុខហួរ ធ្វើរឿងប្លែកៗ ដើម្បីតែការចាប់អារម្មណ៍ ការយកមុខយកមាត់ និងដើម្បីរកប្រជាប្រិយភាពផ្ទាល់ខ្លួនប៉ុណ្ណោះ។ ក៏ប៉ុន្តែ ជាសាច់ការដើម្បីបក្សគឺគ្មានទេ ហើយក៏គ្មានកម្លាំងក្នុងដៃដែរ។ លោកស្រី មូរ សុខហួរ ត្រូវគេចាត់ទុកថា ជាកញ្ជ្រោងបីសាចគ្មានប្រវត្តិ ទាំងក្នុងសកម្មភាពនយោបាយរបស់គណបក្ស សម រង្ស៊ី និងក្នុងគណបក្សសិទ្ធិមនុស្ស។ លោកស្រី មូរ សុខហួរ រត់ចេញពីគណបក្សហ្វ៊ុនស៊ិនប៉ិច ចូលមករួមជីវភាពនយោបាយ ជាមួយបក្សប្រឆាំងគឺដើម្បីសម្តែងល្ខោនភាពយន្តនយោបាយប្រកួតយកពានអន្តរជាតិប៉ុណ្ណោះ។ លោកស្រី កែ សុវណ្ណរតន៍ ស្អប់លោកស្រី មូរ សុខហួរ បំផុត។ ពេលលោក កឹម សុខា រួមនឹងលោក ប៉ុល ហំម គឺមានតម្លៃជាសិទ្ធិអំណាចមួយ ក៏ប៉ុន្តែបើលោក អេង ឆៃអ៊ាង ផ្គុំនឹងលោកស្រី មូរ សុខហួរ គឺគ្មានអ្វីប្រែប្រួលទេ ដូចតែកូនទាឯទៀតដែរ។

ច្បាស់ណាស់ គណបក្សប្រជាជនកម្ពុជា គឺមិនមែនឥតខ្ចោះទេ។ ក៏ប៉ុន្តែបើនិយាយពីសមិទ្ធិផល និងគុណបំណាច់របស់គណបក្សប្រជាជនកម្ពុជា ចំពោះជាតិនិងប្រជាជន គឺមានច្រើនរាប់មិនអស់។ ក៏ប៉ុន្តែ បើក្រឡេកមើលកម្លាំងនយោបាយនៃបក្សប្រឆាំងទាំងចាស់ទាំងថ្មីនេះ គឺគ្មានគុណសម្បត្តិអ្វីនឹងប្រៀបបានជាមួយគណបក្សប្រជាជនកម្ពុជានោះទេ។ ចំពោះលោក សម រង្ស៊ី គឺចប់បាត់ហើយ។ រីឯកម្លាំងថ្មីនេះ ក៏នឹងកាន់តែទន់ជ្រាយ តែនឹងមានសភាពស្ងប់ស្ងាត់ជាងបក្សប្រឆាំងកាលនៅក្រោមកំហឹងបុគ្គល សម រង្ស៊ី។ សូមប្រមើលមើលព្យាករណ៍ទុកចុះ កម្លាំងនយោបាយបក្សប្រឆាំងថ្មីនេះ មានកម្លាំងដូចកូនមាន់និងកូនឆ្មា ហើយធ្វើសកម្មភាពនយោបាយវិញគឺដូចឆ្កែពុលទឹកត្នោតជូររត់បុកប៉ោត!៕

ដោយ៖ សេនាជាតិ