(វ៉ាស៊ីនតោន)៖ មន្ត្រីអនុវត្តច្បាប់អាមេរិកពីរនាក់ បានឱ្យដឹងថា រថយន្ដមួយគ្រឿងបានបើកសំដៅ​ទៅកាន់ប៉ុស្ដិ៍ត្រួតពិនិត្យ​នៃសេតវិមាន នៅយប់ ថ្ងៃសៅរ៍ (ម៉ោងនៅក្នុងទីក្រុងវ៉ាស៊ីនតោន) ហើយមិនតែប៉ុណ្ណោះអ្នកបើកបររថយន្ដនេះ ថែមទំាងបានស្រែក​គំរាមថា នៅក្នុងរថយន្ដរបស់ខ្លួន មានគ្រាប់បែកទៀតផង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅថ្ងៃអាទិត្យ ទី១៩ ខែមីនា ឆ្នាំ២០១៧។

តែយ៉ាងណាក៏ដោយ ភ្លាមៗនោះដែរ ពុំទាន់មានការអះអាងណាមួយថា ពិតជាមានគ្រាប់បែកនៅក្នុងរថយន្ដនោះទេ ស្របពេលសន្តិសុខនៅសេត វិមានកំពុងស្ថិតនៅក្រោមការយាមកាមរឹតបន្តឹង។ មនុស្សម្នាក់ត្រូវបានចាប់ខ្លួន បន្ទាប់ពីមានហេតុការណ៍នេះកើតឡើង ហើយអាជា្ញធរកំពុងធ្វើការ ត្រួតពិនិត្យលើរថយន្ដនោះ ចំណែកឯផ្លូវជាច្រើនស្ថិត​នៅក្បែរសេតវិមាន ត្រូវបានបិទចរាចរណ៍ជាបណ្ដោះអាសន្ន៕